ត្រឹមតែរយៈពេល 6ខែដើមឆ្នាំ2018 ប្រតិបត្តិករឥណទានជនបទប្រមាណជា 50ស្ថាប័នត្រូវបានបិទទ្វារ ដោយមួយចំនួនត្រូវបង្ខំចិត្តបិទទ្វារដោយខ្លួនឯង ហើយមួយចំនួនទៀតត្រូវបានបិទទ្វារដោយធនាគារជាតិនៃកម្ពុជា ដោយសារមិនគោរពតាមលក្ខខណ្ឌដែលកំណត់ដោយច្បាប់។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីសរុបលទ្ធផលការងារឆមាសទី1 និងលើកទិសដៅការងារសម្រាប់ឆមាសទី2 ឆ្នាំ2018 បានឱ្យដឹងថា នៅឆមាសទី1នេះ គ្រឹះស្ថានឥណទានជនបទប្រមាណជា 50ស្ថាប័នដែលមិនគោរពច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមានរបស់កម្ពុជាត្រូវបានបិទទ្វារ ដែលក្នុងនោះមានគ្រឹះស្ថានមួយចំនួនបានបញ្ឈប់ដំណើរការដោយខ្លួនឯង និងគ្រឹះស្ថានផ្សេងទៀតត្រូវបានបញ្ឈប់ដោយធនាគារជាតិនៃកម្ពុជា។
ឯកឧត្តមមានប្រសាសន៍បន្តថា លើសពីនេះអត្រាការប្រាក់ក្នុងវិស័យហិរញ្ញវត្ថុបានធ្លាក់ចុះ គួរឱ្យកត់សម្គាល់ពី34% ចំពោះឥណទានប្រាក់រៀល និង29% ចំពោះឥណទានជាប្រាក់ដុល្លារអាមេរិកតាំងពីឆ្នាំ2016 មកត្រឹម17.85% និង 17.15%តាមលំដាប់។ការធ្លាក់ចុះនេះបានផ្តល់ភាពអំណោយផលដល់ប្រជាកសិករ សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានឥណទានពីវិស័យមីក្រូហិរញ្ញវត្ថុក្នុងកម្រិតសមស្របសម្រាប់លើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ។ ម្យ៉ាងទៀតធនាគារជាតិនៃកម្ពុជា ក៏បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធនានា ទប់ស្កាត់ការចរាចរការដោះដូរ Cryptocurrency និងកាសមួយចំនួនទៀតដែលមិនមានការអនុញ្ញាត ការផ្តល់កម្ចីអត្រាការប្រាក់ខ្ពស់របស់អ្នកផ្តល់កម្ចីខុសច្បាប់ដើម្បីការពារប្រជាពលរដ្ឋកុំឱ្យចាញ់បោក និងខាតបង់ដោយសារជនខិលខូចមួយចំនួនដែលបានដើរធ្វើសកម្មភាពបញ្ចុះបញ្ចូលប្រជាពលរដ្ឋឱ្យទទួលយកកម្ចីពីស្ថាប័នរបស់ខ្លួនក្នុងលក្ខខណ្ឌងាយស្រួល តែទារសងត្រឡប់មកវិញក្នុងអត្រាការប្រាក់ខ្ពស់លើសពីការកំណត់របស់ធនាគារជាតិ 18%ក្នុង1ឆ្នាំ។
គួរបញ្ជាក់ថា វិស័យធនាគារបានបន្តរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាប័ន្ន។ ឥណទានត្រូវបានផ្តល់ដល់គ្រប់វិស័យផ្សេងៗនៃសេដ្ឋកិច្ច ដោយបានកើនឡើងក្នុងអត្រា18.8% ក្នុងមួយឆ្នាំដែលជាកម្រិតសមស្របសម្រាប់គាំទ្រការរីកចម្រើនសកម្មភាពសេដ្ឋកិច្ច និងមិនបង្កផលប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ។ កំណើនឥណទាននេះបានពឹងផ្អែកកាន់តែច្រើនលើកំណើនប្រាក់បញ្ញើក្នុងស្រុកមានចំនួន22%។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋពេញវ័យដែលបានទទួលសេវាហិរញ្ញវត្ថុកើនឡើងដល់ 57% នៃប្រជាពលរដ្ឋពេញវ័យសរុបដែលគាំទ្រជាចម្បងដោយវិស័យមីក្រូហិរញ្ញវត្ថុ និងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ។
ទោះជាយ៉ាងណា ដើម្បីបន្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ការត្រួតពិនិត្យ និងបទប្បញ្ញតិ្តក៏ត្រូវបានលើកកម្ពស់ជាលំដាប់ ជាពិសេសលើការពង្រឹងភាពរឹងមាំនៃដើមទុនសន្ទនីយភាព និងការគ្រប់គ្រងហានិភ័យជាប្រព័ន្ធនានា ទន្ទឹមនឹងការពង្រឹងកិច្ចការពារអតិថិជនដែលតម្រូវឱ្យធនាគារជាតិមានវិធានការបន្ទាន់ក្នុងករណីឥណទានជនបទណាមួយដែលមិនគោរពច្បាប់ជាគោលការណ៍របស់ធនាគារជាតិដែលបានដាក់ឱ្យអនុវត្តកាលពីឆ្នាំកន្លងទៅ។
ជាមួយគ្នានេះលោក សាយ សូនី នាយកប្រតិបត្តិទីផ្សារនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ មានប្រសាសន៍ទទួលស្គាល់ថា ពិតជាមានករណីបិទទ្វារគ្រឹះស្ថានឥណទានជាច្រើននៅតាមជនបទពិតប្រាកដមែននៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែស្ថាប័នឥណទានទាំងនោះមិនគោរពតាមការណែនាំ និងគ្មានលទ្ធភាពគ្រប់គ្រាន់សម្រាប់បំពេញលក្ខខណ្ឌដែលកំណត់ដោយធនាគារជាតិ ដូចជាតម្រូវឱ្យមានដើមទុនគ្រប់ចំនួនជាដើម។ លើសពីនេះឥណទានជនបទមួយចំនួនមិនបានសិក្សាឱ្យបានស៊ីជម្រៅទៅលើតម្រូវការកម្ចីនោះទេ ថែមទាំងបញ្ចុះបញ្ចូលឱ្យប្រជាពលរដ្ឋទទួលយកប្រាក់កម្ចីកាន់តែច្រើន រួចហើយគិតអត្រាការប្រាក់ខ្ពស់លើសពីការកំណត់របស់ធនាគារជាតិនៃកម្ពុជាដែលបានកំណត់ត្រឹមតែ18% ក្នុងរយៈពេលមួយឆ្នាំនោះ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋជាប់បំណុលវ័ណ្ឌកដោះស្រាយមិនរួច ត្រូវរត់ចោលកន្លែងលក់ដូរ និងជួនកាលលក់ដីសងគេក៏មាន ហើយជួនកាលរងការគំរាមកំហែងពីបុគ្គលិកឥណទានជនបទទាំងនោះថែមទៀត។ លោកបញ្ជាក់ថា “ធម្មតាមនុស្ស និងលុយនៅពេលដែលគាត់ត្រូវការ ហើយយើងឱ្យទៅតាមការស្នើសុំរបស់គាត់បាន គាត់ប្រាកដជាសប្បាយចិត្ត ប៉ុន្តែក្រោយពីទទួលបានរួច ទើបគាត់ជួបការលំបាកក្នុងការបង់សងត្រឡប់ទៅវិញ ដោយសារការប្រើរូបមន្តគិតទៅលើអត្រាការប្រាក់ខ្ពស់ រហូតដល់ថ្នាក់គ្មានប្រាក់សងទៀតផង”។
ករណីនេះ លោកគាំទ្រចំណាត់ការរបស់ធនាគារជាតិក្នុងការជួយបញ្ចៀសហានិភ័យរបស់ប្រជាពលរដ្ឋនៅតាមជនបទ ជួយលើកកម្ពស់សេដ្ឋកិច្ចរបស់ពួកគាត់ ពិសេសជួយឱ្យវិស័យហិរញ្ញវត្ថុនៅកម្ពុជាមានដំណើរការទៅមុខកាន់តែប្រសើរឡើងទៀតផង៕