Skip to content

មិន​ខុសពី​កញ្ញា បេ​ប៊ី ទេ លោក រុន ណា​កូ ក៏​ជួប​រឿងចម្លែកៗមុន និង​ក្រោយ​ទទួលពាន​ដែរ

តារា​វ័យក្មេង 2រូប មាន​កញ្ញា ប៊េ​ប៊ី និង​លោក រុន ណា​កូ គឺជា​ម្ចាស់​ជយលាភី​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​គួរឱ្យកត់សម្គាល់​នៅក្នុង​កម្មវិធី​ប្រកួត​សម្លៀកបំពាក់​បុរាណ ដោយសារតែ​អ្នក​ទាំងពីរ​សុទ្ធតែ​បាន​គ្រង​ឈុត​ព្រះរាជាល្បីៗឈ្មោះ​ក្នុងសម័យ​រុងរឿង​របស់​កម្ពុជា​ដូចគ្នា និង​ទទួលបាន​ពាន​ជាតា​រា​លេចធ្លោ​ប្រចាំឆ្នាំ​ពី​កម្មវិធី​នោះ​ដូចគ្នា និង​ចំណុច​ដែល​រឹតតែ​ស្រដៀង​គ្នា​ទៀត​នោះ គឺ​អ្នក​ទាំងពីរ​សុទ្ធតែ​បាន​ជួប​ហេតុភេទចម្លែកៗដូចគ្នា​ទាំង​មុន និង​ក្រោយ​លើក​ពាន រហូតដល់​ថ្នាក់​ធ្វើឱ្យ​អ្នក​ទាំងពីរ​បាក់ស្បាត លែង​ចង់គ្រង​ឈុត​បុរាណ​បែបនេះ​សម្រាប់​លើក​ក្រោយទៀតៗផង។

លោក រុន ណា​កូ បាន​ទម្លាយ​ពី​រឿងរ៉ាវ​ដែល​ខ្លួន​ជួបប្រទះ​ស្រដៀង​នឹង​កញ្ញា បេ​ប៊ី​ដែរនោះ​ថា មុន​គ្រង​ឈុត​ព្រះបាទ​សុរិយ​វរ្ម័នទី2 ដែល​ស្រាវជ្រាវ និង​ច្នៃ​ដោយ​លោក នូ សុ​ផេ​ន ដើម្បី​ចូល​ប្រកួត​នោះ លោក​ដឹង​ច្បាស់​ណាស់​ថា មិនអាច​ធ្វើ​រឿង​ផ្ដេសផ្ដាស់ ឬ​សូម្បីតែ​មាត់​ប៉ប៉ាច់ប៉ប៉ោច​មិនល្អ​បានឡើយ ដើម្បី​កុំឱ្យ​បារមី​របស់​ម្ចាស់​ឈុត​ប្រកែប្រកាន់។ លោក​កាន់តែ​ប្រយ័ត្ន​ទៅទៀត​ក្នុង​ឥរិយាបថ​អង្គុយ​នៅ​នឹង​តុ ទាំង​ការនិយាយ​លេងសើច ឬ​ផឹក​ជល់​កែវជា​ដើម។   ប៉ុន្តែ​ដោយសារតែ​អ្នកសិល្បៈ​ចេះតែ​ជល់​កែវ និង​បង្ខំ​ឱ្យ​ហូប​ស្រា​ខ្លាំងពេក លោក​ក៏​ដាក់​មួយ​ក្អឹ​ក​ក្នុងពេល​អង្គុយ​រង់ចាំ​ការបង្ហាញ​ខ្លួន​ជា​លើក​ទី2 មុន​ការប្រកាស​លទ្ធផល។ ស្រាប់តែ​ពេលនោះ​ចាប់ផ្ដើម​មាន​អាការ​ងឿង និង​តឹង​ណែន​ក្បាល​ដូច​ត្រូវគេ​យកស្អី​មក​រឹត​ក្បាល​ឡើង​ណែន​អ៊ីចឹង ខណៈដែល​មកុដ​លោក​ពាក់​នោះ​រលុង និង​ថែមទាំង​ត្រូវ​ញ៉ុ​ក​កន្សែង​បន្ថែម​នៅ​ខាងក្នុង​សោះ​ហ្នឹង?!។

លោក​បន្ដថា ស្ថានភាព​នោះបាន​ធ្វើឱ្យ​លោក​សម្រេចចិត្ត​ដោះ​មកុដ​ចេញ​មួយសន្ទុះ​សិន ហើយ​មានគំនិត​ចង់​ឈប់​បន្ត​ការប្រកួត ព្រោះ​ស្ថានភាព​កាន់តែ​តានតឹង​ខ្លាំង ដោយសារតែ​លោក​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា ដកដង្ហើម​លែង​ចង់​ដល់​គ្នា ដូច​មាន​អ្នកណាម្នាក់​មក​ច្របាច់​បំពង់ខ្យល់​ជាប់​អ៊ីចឹង តែ​យ៉ាងណាក៏ដោយ ក្រោយពេល​លោក​ដឹងថា ទំនងជា​ខុសតំណម​ហើយ​នោះ ក៏​នាំគ្នា​បួងសួង​សុំឱ្យ​ម្ចាស់​ឈុត​កុំ​ប្រកែប្រកាន់​អី និង​អត់​ទោស​ឱ្យ​ផង។ ភ្លាមនោះ មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​ដូច​ត្រូវគេ​ដក​ពិស​ចេញ​អ៊ីចឹង លោក​បាន​ស្រួលខ្លួន​ដូចដើម​ឡើងវិញ ហើយ​អាច​បន្ត​ការប្រកួត​ក្នុង​វគ្គ​ទី​បាន។។ លោក​ថា ខ្លួន​លោក​មិនមែនជា​មនុស្ស​អ​បិ​យ​ជំនឿ​ទេ ប៉ុន្តែ​ក្រោយ​ជួប​ហេតុការណ៍​ចម្លែក​នេះ ធ្វើឱ្យ​លោក​ភ្លឺភ្នែក​តែម្ដង ថា ឈុត​បុរាណ​របស់​ព្រះមហាក្សត្រ​ខ្មែរ​កាលពី​សម័យ​អតីតកាល បើទោះជា​បាន​បង្កើត​ថ្មី​ក៏ដោយ ក៏​នៅតែមាន​បារមី​តាម​ថែរក្សា​ដែរ។

លោក​បញ្ជាក់ថា កាន់តែ​មានរឿង​គួរឱ្យ​ព្រឺ​ខ្លួន​ទៅទៀត នៅពេល​គណៈកម្មការ​ប្រកាស​ថា លោក​បាន​ទទួលពាន «តារា​លេចធ្លោ​ប្រចាំឆ្នាំ​ផ្នែក​គ្រង​ឈុត​បុរាណ​ស័ក្ដិសម» ភ្លាម លោក​មាន​អារម្មណ៍​ថា ដូច​ជាមាន​វិញ្ញាណ​អ្វី​ម្យ៉ាង​មកឈរនៅក្បែរៗរូបលោក ដែល​លោក​យល់ថា ប្រហែលជា​ម្ចាស់​ឈុត​គេ​មក​អបអរសាទរ​ដែល​ឈុត​របស់គេ​បានឈ្នះ​ពាន​ដែរ​ហើយ​មើលទៅ ប៉ុន្តែ​សម្រាប់​រូបលោក​វិញ គឺ​ព្រឺ​ខ្លួន​ខ្ញាក បះ​រោម​ច្រូង ដល់​ថ្នាក់​មកដល់​ផ្ទះ​ហើយ ក៏​នៅតែព្រឺៗដេក​មិន​លក់​ទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *