ថ្មីៗនេះមានការសិក្សាថ្មីមួយបានរកឃើញថា ចំនួនអ្នកដែលគិតថា ការងាររបស់ខ្លួនលែងមានសារៈសំខាន់ និងមានអ្នកអាចធ្វើជំនូសបានៗកើនឡើង ដែលចំណុចនេះបានក្លាយជាប្រធានបទថ្មីមួយសម្រាប់ការត្រិះរិះគិតឡើងវិញនៅក្នុងស្ថាប័នសំខាន់ៗ និងធំៗលើពិភពលោក។
អ្នកប្រាជ្ញនៅសាកលវិទ្យាល័យ Oxford University បានប៉ាន់ប្រមាណថា មានចំនួនមិនតិចជាង 47% នៃការងារនៅក្នុងសហរដ្ឋអាមរិក និង 54% នៅអឺរ៉ុបទេដែលកំពុងស្ថិតក្នុងហានិភ័យខ្ពស់ ព្រោះការងារទាំងអស់នោះកំពុងនឹងត្រូវជំនួសដោយម៉ាស៊ីនយន្ត (Robot) ជាអ្នកធ្វើការជំនួសវិញម្តង។
វត្តមាននៃការចូលមកជំនួស (replace) របស់ម៉ាស៊ីនយន្តលើការងាររបស់មនុស្សដ៏គួរឱ្យបារម្ភនេះ មិនមែននឹងមកដល់ក្នុងរយៈពេលរាប់រយឆ្នាំទៀតនោះទេ តែវានឹងចូលមកដល់នៅក្នុងរយៈពេល 20ឆ្នាំខាងមុខទៀតនេះឯង។
ការស្ទាបស្ទង់មតិកាលពីឆ្នាំ 2013 ក្នុងចំណោមអ្នកជំនាញការ 12,000នាក់ ដោយ Harvard Business Review បានបង្ហាញថា មនុស្សចំនួនពាក់កណ្តាលនៃក្រុមមួយគិតថា ការងាររបស់ពួកគេគ្មានន័យអ្វីទាំងអស់ ខណៈមនុស្សចំនួនពាក់កណ្តាលទៀត គឺមិនអាចមានទំនាក់ទំនងជាមួយនឹងបេសកកម្មរបស់ក្រុមហ៊ុនឡើយ។
មានការស្ទង់មតិក្នុងចំណោមមនុស្សចំនួន 230,000 នៃអ្នកធ្វើការនៅក្នុងប្រទេសចំនួន 142 បានបង្ហាញថា មានតែ 13% នៃអ្នកធ្វើការងារទាំងអស់នោះប៉ុណ្ណោះដែលស្រឡាញ់ការងាររបស់ខ្លួន។ ចំណែកឯការស្ទង់មតិក្នុងចំណោមប្រជាជនអង់គ្លេស បានបង្ហាញថាអ្នកធ្វើការចំនួន 37% គិតថាការងាររបស់ខ្លួនមិនមានន័យអ្វីសម្រាប់ពួកគេឡើយ។
តាមរយៈការស្ទង់មតិបានបង្ហាញឱ្យឃើញថា មានមនុស្សជាច្រើនគិតថា ពួកគេបានមើលឃើញថាការងាររបស់ខ្លួនពិតជាទាក់ទាញនៅពេលដែលគេមើលឃើញនៅក្នុងក្រដាសឯកសារ តែការអនុវត្តជាក់ស្តែងវិញមិនដូចអ្វីដែលពួកគេកំពុងគិតនោះទេ។
បញ្ហាទាំងអស់នេះគឺកំពុងត្រូវបានស្ថាប័នសំខាន់ៗលើពិភពលោកលើកយកមកពិភាក្សា និងគិតឡើងវិញដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាធនធានមនុស្សដែលជាបញ្ហាចម្បងមួយរបស់ពិភពលោក៕