ដោយមើលឃើញពីសក្តានុពលសេដ្ឋកិច្ចដែលមានកំណើនថេរជាប់ៗគ្នាជាង 2ទសវត្សរ៍មកនេះបានធ្វើឱ្យអ្នកវិនិយោគបរទេសនាំគ្នាចូលមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាមានចំនួនកាន់តែច្រើនឡើងៗ ពិសេសវិនិយោគិនសញ្ជាតិចិន ក្នុងរយៈពេល 5ឆ្នាំកន្លងមកនេះបានចូលមកវិនិយោគក្នុងទំហំទឹកប្រាក់សរុបចំនួនប្រមាណជា 5.3ពាន់លានដុល្លារឯណោះនៅប្រទេសកម្ពុជា។
លោក Chen Chagnjing ប្រធានសភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា មានប្រសាសន៍ថាក្នុងអំឡុងពេល 5ឆ្នាំជាប់ៗគ្នា គឺចាប់ពីឆ្នាំ2013 ដល់ឆ្នាំ2017 ចិនគឺជាអ្នកវិនិយោគដោយផ្ទាល់ពីបរទេសធំជាងគេរបស់កម្ពុជាដែលមានទុនវិនិយោគសរុបប្រមាណជា 5.3ពាន់លានដុល្លារអាមេរិក ឬប្រហែលជាង 1ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំដែលកំពុងបន្តវិនិយោគលើគ្រប់វិស័យទៅតាមការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកមានប្រសាសន៍បន្តថា អ្វីដែលធ្វើឱ្យវិនិយោគិនចិនចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងៗនេះ គឺដោយសារកម្ពុជាមានសេដ្ឋកិច្ចថេរជាង7% រយៈពេលជាង 20ឆ្នាំមកហើយ និងម្យ៉ាងទៀតស្ថិរភាពនយោបាយបានផ្តល់ទំនុកចិត្តកាន់តែខ្លាំងដល់អ្នកវិនិយោគហើយអ្វីដែលពិសេសនោះគឺ ទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាលកម្ពុជានឹងរដ្ឋាភិបាលចិន រួមទាំងគោលនយោបាយលើកទឹកចិត្តរបស់កម្ពុជាចំពោះការវិនិយោគដោយផ្ទាល់ពីបរទេស។
វិនិយោគិនចិនបានចូលមកប្រទេសកម្ពុជាក្រោមរូបភាពជាច្រើនស្ទើរគ្រប់វិស័យ ដូចជា វិស័យពាណិជ្ជកម្ម សំណង់វិស្វកម្ម គម្រោងថាមពលអគ្គិសនី អាកាសចរណ៍ ទូរគមនាគមន៍ អចលនទ្រព្យ ការអភិវឌ្ឍព្រៃឈើ និងការកែច្នៃឈើ ការអភិវឌ្ឍចម្រុះលើវិស័យកសិកម្ម ការកែច្នៃវាយនភណ្ឌ និងសម្លៀកបំពាក់ឱសថ ទេសចរណ៍ ការធ្វើដំណើរ សិល្បៈ និងសិប្បកម្មចំណីអាហារ និងភេសជ្ជៈ ហើយគម្រោងដែលធំជាងគេ គឺការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ប្រធានសភាពាណិជ្ជកម្មចិនខាងលើបានមានប្រសាសន៍ដូច្នេះថា “ចង់ឱ្យប្រទេសមួយមានការរីកចម្រើន ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមុនគេ ដែលមានដូចជាផ្លូវថ្នល់ កំពង់ផែ ផ្លូវទឹក ផ្លូវដែក ផ្លូវអាកាសជាដើម គឺត្រូវបានគេចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិនីមួយៗ”។
ទោះយ៉ាងនេះក្តីលោក Guillaume Massin នាយកគ្រប់គ្រងនៃក្រុមហ៊ុន ឌីអេហ្វឌីអិល មានប្រសាសន៍ថា ទោះជាបែបនេះក្តី ទិដ្ឋភាពច្បាប់មួយចំនួនមានការប្រែប្រួលឆាប់រហ័សដែលនាំឱ្យអ្នកវិនិយោគមួយចំនួនធំមិនបានយល់ ពិសេសច្បាប់ស្តីពីការវិនិយោគ និងច្បាប់ស្តីពីពន្ធដារថ្មីៗជាច្រើនបានចូលជាធរមាន ដែលត្រូវគេរំពឹងថា នឹងមានការកែប្រែហើយមានការលំបាកក្នុងការបណ្តាក់ទុនរកស៊ីនៅកម្ពុជា ពិសេសអ្នកវិនិយោគដែលទើបចូលមកថ្មី។ លោកបានបញ្ជាក់ដូច្នេះថា “បញ្ហាពន្ធដារអាចជាបញ្ហាដ៏គួរឱ្យខ្វល់ខ្វាយមួយដែរ យើងខ្ញុំចង់ជួយវិនិយោគិនឱ្យស្វែងយល់អំពីបទប្បញ្ញត្តិជាធរមាន ដើម្បីធានាថាពួកគេទទួលបានលទ្ធផលល្អបំផុតពីការវិនិយោគរបស់ពួកគេ និងអាចគ្រប់គ្រងរាល់ឧបសគ្គទាំងអស់ដែលពួកគេឆ្លងកាត់”។
គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះកិច្ចព្រមព្រៀងថ្មីមួយក្នុងការឈប់យកពន្ធត្រួតស៊ីគ្នាលើពន្ធកាត់ទុក ដើម្បីជួយសម្រួលបន្ទុកដល់វិនិយោគិនទាំង 2ប្រទេសក្នុងការបង់ពន្ធច្រើនដែលមានចំនួន14%កាលពីពេលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ន។ បន្ទាប់ពីកិច្ចព្រមព្រៀងលុបចោលពន្ធត្រួតស៊ីគ្នាចូលជាធរមាន នឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី1 ខែមករាឆ្នាំ2019 ខាងមុខនេះ ការបង់ពន្ធកាត់ទុកនឹងតម្រូវឱ្យនៅត្រឹមតែ10% ប៉ុណ្ណោះ ដែលជាគោលនយោបាយទាក់ទាញអ្នកវិនិយោគចូលមកបណ្តាក់ទុននៅកម្ពុជាឱ្យមានចំនួនកាន់តែច្រើនឡើង។ ម្យ៉ាងទៀតប្រាក់ចំណេញដែលបង់ចូលពន្ធដារបស់រដ្ឋាភិបាលកម្ពុជារួចហើយ ហើយត្រូវផ្ញើទៅក្រុមហ៊ុនមេនៅប្រទេសចិន នឹងមិនតម្រូវឱ្យបង់ម្តងទៀតឡើយ។
រហូតមកទល់បច្ចុប្បន្ន យ៉ាងហោចមានក្រុមហ៊ុនចិនចូលមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ចំនួនជាង1,000ក្រុមហ៊ុន ដែលជាក្រុមហ៊ុនរបស់រដ្ឋ ក្រុមហ៊ុនឯកជន ការិយាល័យតំណាង និងរូបវន្តបុគ្គលជាដើម។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជាបានបង្ហាញថា មកទល់បច្ចុប្បន្នកម្ពុជាបានចុះកិច្ចព្រមព្រៀងលុបចោលពន្ធត្រួតស៊ីគ្នាជាមួយប្រទេសមួយចំនួននៅអាស៊ី រួមមាន មីយ៉ាន់ម៉ា ចិន ថៃ សិង្ហបុរី និងវៀតណាម ក្នុងគោលដៅទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសចូលមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាដើម្បីបង្កើតការងារឱ្យបានកាន់តែច្រើនថែមទៀតសម្រាប់ពលរដ្ឋខ្មែរ៕