តាមរយៈសារព័ត៌មាន Daily Mail ដែលចេញផ្សាយនៅថ្ងៃទី23 ខែកក្កដា ឆ្នាំ2018 នេះបានឱ្យដឹងថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ត្រូវជាថ្ងៃកំណើតរបស់តារាចម្រៀងស្រី Selena Gomez ដែលមានវ័យ 26ឆ្នាំហើយ នៅក្នុងពេលនោះតារាចម្រៀងស្រីដែលជាមិត្តសម្លាញ់សំណព្វចិត្តជាងគេរបស់នាង គឺតារាស្រី Taylor Swift បានដុតនំ Cake ដោយផ្ទាល់ដៃដើម្បីជូនជាកាដូលើកទឹកចិត្តដល់ Selena ស្របពេលដែល Selena កំពុងមានរឿងអាស្រូវខូចចិត្តជាច្រើនពាក់ព័ន្ធនឹង JB ( Justin Bieber ) ។
បើទោះបីជាតារាចម្រៀងស្រី Taylor Swift កំពុងមានភាពមមាញឹកក្នុងការប្រគំតន្ត្រីទេសចរណ៍ទូទាំងពិភពលោកយ៉ាងណាក៏ដោយ ក៏តារាស្រីរូបនេះនៅតែឆ្លៀតពេលវេលាផ្ទាល់ខ្លួន លើកទឹកចិត្តមិត្តសម្លាញ់របស់នាង និងបង្ហោះរូបភាពនៅលើ IG យ៉ាងផ្អែមល្ហែមជាមួយនឹង Selena Gomez ផងដែរ។ ក្នុងថ្ងៃកំណើតរបស់ Gomez អតីតមិត្តប្រុសរបស់នាង លោក Weekend ក៏បានជូនបាច់ផ្កាជាពិសេសមកកាន់នាងផងដែរ ដើម្បីសម្ដែងការលើកទឹកចិត្ត បើទោះបីជាអ្នកទាំងពីរបានចែកផ្លូវគ្នារួចហើយយ៉ាងណាក៏ដោយ។
សូមជម្រាបបន្ថែមថា អ្នកគាំទ្រ Selena Gomez ជាពិសេស Fan Club របស់នាងផ្ទាល់បានបង្ហោះរូបភាពកាលពីនាងនៅវ័យកុមារជាច្រើនសន្លឹកយ៉ាងឃ្ជូតៗ នៅលើ IG ដែលធ្វើឱ្យតារាស្រីរូបនេះកាន់តែមានកម្លាំងចិត្តបន្ថែមឡើងទៀតនៅក្នុងថ្ងៃកំណើត។ គួររំឭកដែរថា Selena ធ្លាប់មានប្រវត្តិវះកាត់ប្តូរក្រលៀន និងលើរាងកាយនៅមានបន្សល់ស្នាមដេរកាលពីគ្រាវះកាត់នោះយ៉ាងច្បាស់ គឺមានប្រវែងជិតមួយចង្អាមឯណោះ និងវាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅពេលណាដែលនាងស្លៀកពាក់សិចស៊ីខ្លីៗម្ដងៗ៕