ជាទូទៅស្ត្រីត្រូវបានគេចាត់ទុកថាជាភេទទន់ខ្សោយ ឬជាអ្នកដែលមានកាតព្វកិច្ចធ្វើការងារខាងក្នុងផ្ទះ ហើយរង់ចាំចំណូលពីបុរស ជាដើម។ តែទោះជាយ៉ាងនេះក្តី ដោយសារតែការអប់រំមានការវិវឌ្ឍ នារីសម័យថ្មីបានក្លាយជាមេផ្ទះផង និងជាអ្នករកចំណូលបន្ថែមសម្រាប់គ្រួសារផង។
ស្ថិតក្នុងស្ថានភាពសង្គមមានការប្រែប្រួល ស្ត្រីបានក្លាយជាចលករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គម តែទោះជាយ៉ាងនេះក្តី ស្ត្រីនៅជនបទ និងស្ថិតក្នុងគ្រួសារមិនសូវមានជីវភាពធូរធារក៏រងសម្ពាធជាច្រើនពីមនុស្សចាស់ ដែលនៅតែគិតថា គាត់មិនអាចធ្វើការងារដោយប្រើកម្លាំង និងខួរក្បាលច្រើនដូចបុរសបាន។ នៅកម្ពុជាបច្ចុប្បន្នមិនសូវមានស្ត្រីជាមេជាងសំណង់ អ្នកធ្វើការងារក្នុងផ្នែកដឹកជញ្ជូន និងជាងជួសជុលគ្រឿងយន្តនោះទេ បើទោះបីជាស្ត្រីអាចធ្វើរឿងទាំងអស់នោះក៏ដោយ។
តាមពិតប្រសិនបើស្ត្រីត្រូវបានលើកទឹកចិត្តឱ្យធ្វើការងារសំខាន់ៗទៅតាមចំណង់ចំណូលចិត្ត និងក្តីស្រឡាញ់របស់ពួកគាត់ គាត់អាចនឹងក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់ចូលរួមអភិវឌ្ឍសង្គម និងមានភាពច្នៃប្រឌិតខ្ពស់ថែមទៀតផង។ ហេតុនេះហើយទើបអង្គការទស្សនពិភពលោក ប្រចាំនៅកម្ពុជាបានបណ្តុះបណ្តាលស្ត្រីអំពីសហគ្រិនភាព ដើម្បីឱ្យស្ត្រីមានលទ្ធភាពក្នុងការគ្រប់គ្រងអាជីវកម្មខ្នាតតូច និងមធ្យមបានដូចបុរសដែរ។
អង្គការខាងលើក៏បានបង្ហាញផងដែរនូវរូបយុវតីមួយរូបដែលគាត់បានបញ្ជាក់ថាឈ្មោះ ស្រីពៅ ដែលបានទទួលការបណ្តុះបណ្តាលជំនាញសហគ្រិនភាព និងទទួលបានសម្ភារសម្រាប់បង្កើតជាអាជីវកម្មជួសជូលម៉ូតូក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សកម្មភាពនេះបានបង្កើតឱ្យមានភាពភ្ញាក់ផ្អើល ខណៈមនុស្សមួយចំនួនធំចាប់ផ្តើមមើលឃើញពីតម្លៃស្ត្រីកាន់តែខ្លាំងក្នុងការធ្វើការងារកម្រៗមួយចំនួន៕