បើតាមការចេញផ្សាយរបស់សារព័ត៌មាននៅចក្រភពអង់គ្លេស Daily Mail បានឱ្យដឹងថា តារាចម្រៀងស្រីល្បីឈ្មោះនៅសហរដ្ឋអាមេរិក នាង Miley Cyrus និងគូដណ្ដឹងរបស់នាងលោក Liam Hemsworth ត្រូវបានគេបង្ហើបថា ពួកគេកំពុងតែឃ្លាតឆ្ងាយពីគ្នាហើយ បន្ទាប់ពីបានព្យាយាមទ្រាំទ្ររស់នៅជាមួយគ្នាទាំងមានអារម្មណ៍វេទនាផ្លួវចិត្តអស់រយៈពេលជាច្រើនខែរួចមក។
ម្ចាស់បទចម្រៀង «The Wrecking Ball» វ័យ 25ឆ្នាំ និងតារាសម្ដែងប្រុសក្នុងរឿង «Hunger Games star» វ័យ 28 ឆ្នាំ ត្រូវបានគេបង្ហើបឱ្យដឹងទៀតថា អ្នកទាំងពីរមានការឃ្នើសចិត្តនឹងគ្នាក្រោយពេលរៀបការ ដែលអ្នកទាំងពីរមិនទាន់មានបុត្រនៅឡើយ ជាមូលហេតុមួយបណ្ដាលឱ្យពួកគេមិនសូវជាត្រូវរ៉ូវគ្នាប៉ុន្មានឡើយ។ បើតាមប្រភពដែលជិតស្និទ្ធនឹងទំនាក់ទំនងស្នេហារបស់តារាទាំងពីរដួងនេះបានបង្ហើបប្រាប់ឱ្យដឹងថា តារាស្រី Miley Cyrus នាងជាមនុស្សរឹងរូស និងប្រហែលមិនអាចបន្ដទំនាក់ទំនងស្នេហាឱ្យបានយូរអង្វែងនោះទេ។
គួរបញ្ជាក់ផងដែរថា មានអ្នកគាំទ្រជាច្រើននាក់កំពុងសង្កេតតាមដានអំពីទំនាក់ទំនងស្នេហារបស់តារាស្រីរូបនេះ និងគូស្នេហ៍ ដែលនៅពេលបច្ចុប្បន្ននេះ ពួកគេទាំងពីរកំពុងព្យាយាមរស់នៅជាមួយគ្នា ដើម្បីបិទបាំងភ្នែកមហាជន បើទោះបីជាពួកគេត្រូវរងទុក្ខវេទនាផ្លូវចិត្តយ៉ាងណាក៏ដោយ៕