កីឡាករ Lewis Hamilton បានបញ្ជាក់ថា រូបគេ «មិនធ្លាប់ធ្វើការប្រណាំងបែបនេះឡើយ» ក្រោយពីការដណ្តើមបានជ័យជម្នះដ៏មិននឹកស្មានដល់របស់គេក្នុងការប្រណាំងរថយន្ត German Grand Prix ខណៈដែលកីឡាករជាគូប្រជែងរបស់គេ Sebastian Vettel បានធ្លាក់ចេញពីការប្រជែង។
រយៈពេល 3ថ្ងៃ ក្រោយពីការប្រកាសពីការបន្តកុងត្រារយៈពេល 3ឆ្នាំទៀតរបស់គេ ម្ចាស់ការពារតំណែងជើងឯកពិភពលោក 4សម័យកាលរូបនេះ បានប្រើប្រាស់ល្បឿនដ៏អស្ចារ្យសម្រាប់ក្រុម Mercedes ខណៈដែលរូបគេ និងមិត្តរួមក្រុមរបស់គេ Valtteri Bottas ដណ្តើមបានចំណាត់ថ្នាក់លេខ1 និងលេខ2 នៅលើទឹកដីអាល្លឺម៉ង់។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានស្ថិតក្រោមការស៊ើបអង្កេតរបស់មន្ត្រីរៀបចំការប្រកួត សម្រាប់ការប្រើប្រាស់ល្បឿនលឿនពេកក្នុងពេលចាកចេញពីកន្លែងប្តូរកង់ នៅពេលដែលក្រុមការងាររបស់គេបញ្ចប់ការផ្លាស់ប្តូរកង់ ស្របពេលដែលរថយន្តសុវត្ថិភាពបានបង្ហាញខ្លួន។ ក្នុងសេចក្តីប្រកាសនោះ មន្ត្រីរៀបចំការប្រកួតបានបញ្ជាក់ថា វាជាការរំលោភបំពានមួយយ៉ាងច្បាស់ ប៉ុន្តែបានសម្រេចចិត្តចេញត្រឹមតែការស្តីបន្ទោសប៉ុណ្ណោះ។
Hamilton បានចាប់ផ្តើមប្រណាំងដោយស្ថិតលើលេខរៀងទី14 នៅលើទីលាន ក្រោយពីធ្វើមិនបានល្អក្នុងការប្រណាំងជម្រុះ កាលពីថ្ងៃសៅរ៍ ប៉ុន្តែ ការប្រើប្រាស់ល្បឿនដ៏ល្អ បូករួមទាំងការមានទេពកោសល្យដ៏អស្ចារ្យបានជួយឱ្យរូបគេដណ្តើមបានជ័យជម្នះតែម្តង។ Hamilton បានឱ្យដឹងថា៖ «វាពិតជាលំបាកណាស់ពីទីតាំងនោះ និងមិនអាចយកឈ្នះបានឡើយ ប៉ុន្តែ អ្នកត្រូវតែមានការជឿជាក់»៕
ប្រភពពី៖ Channel News Asia