ខ្សែបម្រើ Mesut Ozil បានប្រកាសពីការចូលនិវត្តន៍របស់គេពីកីឡាបាល់ទាត់អន្តរជាតិ ជាមួយនឹងការសម្រេចចិត្តភ្លាមៗ ខណៈដែលខ្សែបម្រើរូបនេះបានបង្ហើបពីភាពអយុត្តិធម៌ដែលរូបគេបានទទួល និងការរើសអើងជាតិសាសន៍ជុំវិញកិច្ចប្រជុំរបស់គេជាមួយនឹងប្រធានាធិបតីតួកគីលោក RecepTayyip Erdogan កាលពីខែឧសភា។
Ozil គឺជាសមាជិកម្នាក់របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលបានធ្លាក់ចេញពីយុទ្ធនាការ World Cup ជុំផ្តាច់ព្រ័ត្រនៅរុស្ស៊ី ត្រឹមវគ្គចែកពូល និងបានរងនូវការរិះគន់យ៉ាងខ្លាំងទៅលើទម្រង់លេងរបស់គេ ក៏ដូចជាការចូលជួបរបស់គេជាមួយនឹងលោក Erdogan ដែលត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស។
ខ្សែបម្រើរបស់ក្លិប Arsenal មានឈាមជ័រជាជនជាតិតួកគី និងបានការពារសកម្មភាពរបស់គេក្នុងសេចក្តីប្រកាសដ៏វែងមួយ ខណៈដែលរូបគេក៏បានវាយប្រហារទៅលើសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ (DFB) ផងដែរ។ ខ្សែបម្រើរូបនេះបានឱ្យដឹងនៅលើបណ្តាញសង្គម Twitter ថា៖ «សម្រាប់ខ្ញុំ ការថតរូបជាមួយនឹងលោកប្រធានាធិបតី Erdogan មិនមែនជាបញ្ហានយោបាយ ឬការបោះឆ្នោតឡើយ វាគ្រាន់តែជាការបង្ហាញការរគោរពរបស់ខ្ញុំលើប្រទេសនៃក្រុមគ្រួសាររបស់ខ្ញុំប៉ុណ្ណោះ»។
ខ្សែបម្រើរូបនេះបានឱ្យដឹងថា៖ «ខ្ញុំចង់និយាយដោយត្រង់ៗចេញពីបេះដូង ក្រោយពីការពិចារណាយ៉ាងយកចិត្តទុកដាក់ ដោយសារតែហេតុការណ៍កាលពីពេលថ្មីៗនេះ។ ខ្ញុំនឹងមិនលេងឱ្យក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ទៀតឡើយ ស្របពេលដែលខ្ញុំមានអារម្មណ៍ពីការរើសអើងជាតិសាសន៍ និងការមិនគោរពគ្នា»៕
ប្រភពពី៖ The Guardian