យោងតាមលិខិតរបស់ធនាគារជាតិនៃកម្ពុជាដែលផ្ញើទៅកាន់ម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារទាំងអស់នៅថ្ងៃទី20 កក្កដា ឆ្នាំ2018 បានបញ្ជាក់ថា ធនាគារជាតិមិនលើកទឹកចិត្តឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ និងធានាគារ ប្រើប្រាស់ភ្នាក់ងារសន្តិសុខប្រដាប់អាវុធនៅខាងក្នុង ឬក្បែរបរិវេណទីស្នាក់ការរបស់ខ្លួនឡើយនៅពេលដែលកម្ពុជាកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យដូចសព្វថ្ងៃ។
សេចក្តីណែនាំនោះ បានបញ្ជាក់ទៀតថា ក្នុងគោលបំណងចូលរួមចំណែកក្នុងការរក្សា និងការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធនាគារជាតិនៃកម្ពុជាមិនលើកទឹកចិត្តឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារទាំងអស់ ប្រើប្រាស់ភ្នាក់ងារសន្តិសុខប្រដាប់អាវុធឡើយ។ ប៉ុន្តែក្នុងករណីចាំបាច់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវស្នើសុំកិច្ចសហការ និងការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការប្រើប្រាស់ភ្នាក់ងារសន្តិសុខប្រដាប់អាវុធ ផ្អែកតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
តាមលិខិតដដែលនេះបានបញ្ជាក់ថា កន្លងមកធនាគារជាតិនៃកម្ពុជាបានពិនិត្យឃើញថា គ្រឹះស្ថានមួយចំនួន កំពុងប្រើប្រាស់ភ្នាក់ងារសន្តិសុខប្រដាប់អាវុធការពារនៅខាងក្នុង ឬក្បែរបរិវេណទីស្នាក់ការរបស់ខ្លួនដែលអាចបង្កហានិភ័យជាយថាហេតុដល់អាយុជីវិតប្រជាជន និងសណ្តាប់ធ្នាប់សាធារណៈ។ អាស្រ័យហេតុនេះ ធនាគារជាតិតម្រូវឱ្យគ្រឹះស្ថានទាំងនោះ សុំការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធជាបន្ទាន់ ព្រមទាំងរាយការណ៍ទៅអគ្គនាយកដ្ឋានត្រួតពិនិត្យនៃធនាគារជាតិ ឱ្យបានមុនថ្ងៃទី24 ខែកក្កដា ឆ្នាំ2018 អំពីបញ្ជីឈ្មោះភ្នាក់ងារសន្តិសុខ និងចំនួនអាវុធ៕
ខាងក្រោមនេះ គឺជាលិខិតដែលធនាគារជាតិនៃកម្ពុជា ផ្ញើទៅកាន់ម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ ទាំងអស់៖