ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ក្រសួងពាណិជ្ជកម្មត្រៀមរៀបចំពិព័រណ៌ពាណិជ្ជកម្មខ្មែរសម្រាប់រដូវកាលទី2 ដោយមានការចូលរួមតាំងបង្ហាញផលិតផលពីអាជីវករ ផលិតករ កសិករ សិប្បករ និងសាធារណជនគ្រប់បណ្តាខេត្តនានានៅទូទាំងកម្ពុជា។
កម្មវិធីតាំងពិព័រណ៌នេះ នឹងធ្វើឡើងនៅបរិវេណវាលបែកចានក្នុងទីលានបាល់ទាត់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី 25 ដល់ថ្ងៃទី 28 ខែឧសភា ឆ្នាំ2017 ក្នុងយុទ្ធនាការទិញ “ផលិតផលខ្មែរ”។ នៅក្នុងឱកាសនោះដែរ ក៏មានការរៀបចំសិក្ខាសាលា និងតន្រ្តីយុទ្ធនាការ “ទិញផលិតផលខ្មែរ” ដែលមានតារាចម្រៀង និងក្រុមកំប្លែងល្បីៗមកសម្តែងជូនទស្សនាផងដែរ។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា នេះជាឱកាសសម្រាប់បងប្អូនពាណិជ្ជករ អាជីវករ ផលិតករ និងសាធារណជនទាំងអស់ចូលរួមបង្ហាញផលិតផលរបស់ខ្លួនដែលនឹងមានការចូលរួមគាំទ្រពីសាធារណជនយ៉ាងច្រើនកុះករ ដើម្បីរួមចំណែកជួយបំផុសឱ្យពលរដ្ឋកម្ពុជាងាកមកប្រើប្រាស់ផលិតផលខ្មែរ ក៏ដូចជាជួយពង្រឹងរោងចក្រ សហគ្រាស និងរោងសិប្បកម្មទាំងឡាយនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដែរ។
មន្រ្តីទទួលបន្ទុកផ្នែកតាំងពិព័រណ៌បានមានប្រសាសន៍ថា មកទល់ពេលនេះ អាជីវករ កសិករ ផលិតករក៍ដូចជាម្ចាស់សហគ្រាសនានាផងដែរបានដាក់ពាក្យស្នើសុំមកក្រសួងដើម្បីចូលរួមក្នុងការតាំងពិព័រណ៌នេះបានចំនួន 120 ស្តង់ហើយ ដោយមានផលិតផលស្នាដៃខ្មែរគ្រប់ប្រភេទនឹងត្រៀមដាក់តាំងបង្ហាញលក់នៅទីនោះ៕