ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសមួយកាលពីព្រឹកមិញនេះឱ្យមន្ត្រីអប់រំនៅតាមមន្ទីរនានានៅទូទាំងប្រទេសមកយកសន្លឹកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់សម័យប្រឡងថ្ងៃទី21 ខែសីហា ឆ្នាំ2017។
សន្លឹកសញ្ញាបត្រនេះត្រូវបានផលិតរួចរាល់ និងចែកជូនបេក្ខជនដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិដោយឥតគិតថ្លៃ។ ក្រសួងក៏បានណែនាំឱ្យមន្ទីរអប់រំ យុវជន និងកីឡា នៅទូទាំងប្រទេសផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមគ្រប់មធ្យោបាយដើម្បីសិស្សមកដកយកសញ្ញាបត្ររបស់ខ្លួនឱ្យបានគ្រប់គ្នា។
គួរបញ្ជាក់ថា មុនពេលធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ សិស្សត្រូវរង់ចាំជាច្រើនឆ្នាំទើបអាចដកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់ខ្លួនបាន តែសម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងអប់រំ យុវជន និងកីឡា បានពន្លឿនការបោះពុម្ពសន្លឹកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីបង្កើនភាពងាយស្រួលដល់បេក្ខជនទាំងអស់ដែលបានប្រឡងបាក់ឌុបជាប់អាចដកសញ្ញាបត្រផ្លូវការរបស់ខ្លួនដើម្បីប្រើប្រាស់បានយ៉ាងលឿន៕