ក្រោយពីព្យាយាមបិទបាំងជីវិតឯកជន និងរស់នៅក្នុងស្ថានភាពលំបាកអស់រយៈពេលជាង 20ឆ្នាំមក ខណៈនេះតារាចម្រៀងប្រុស ចាន់ សម័យ ត្រូវបានសិល្បករ-សិល្បការិនីព្យាយាមស្វែងរកជំនួយសប្បុរសធម៌ដើម្បីជួយព្យាបាលជំងឺរបស់លោក និងទទូចឱ្យលោកវិលមកចូលសិល្បៈវិញ ដោយមានការជ្រោមជ្រែងពីសំណាក់អ្នកដឹកនាំកម្មវិធីទូរទស្សន៍ និងការគាំទ្រពីមហាជនផងដែរ។
ជាក់ស្តែង យោងតាមការរៀបរាប់ពីសាច់រឿងជីវិតដ៏កម្សត់ ម្ចាស់បទ «មិនស្រឡាញ់អូន មិនបាន» និងភរិយាព្រមទាំងកូនៗ គឺពិតជាជួបប្រទះនឹងបញ្ហាជាច្រើន រកព្រឹកខ្វះល្ងាច រកមួយថ្ងៃ រស់មួយថ្ងៃ ដោយសារតែលោក ចាន់ សម័យ ដែលជាមេគ្រួសារត្រូវទំនុកបម្រុងគ្រួសារទាំងមូលនេះបានធ្លាក់ខ្លួនមានជំងឺរបេងឆ្អឹង មិនអាចដើរបានស្រួលបួលដូចគេឯង រហូតត្រូវបង្ខំចិត្តផ្អាកពីការងារសិល្បៈ និងខិតខំស្វែងរកអាហារចិញ្ចឹមជីវិតតាមគ្រប់វិធី ដូចជាស្ទូចត្រីយកមកចិញ្ចឹមគ្រួសារ ជាដើម។
លោកបានបញ្ជាក់តាមរយៈការសម្ភាសនៅលើបណ្ដាញសង្គមនៅពេលថ្មីៗនេះថា លោកនឹងវិលត្រឡប់ចូលសិល្បៈវិញ បន្ទាប់ពីជំងឺរបេងឆ្អឹងរបស់លោកបានធូរស្រាល តែមិនទាន់បានប៉ុន្មានផងដោយសារតែការលើកទឹកចិត្តដ៏ច្រើនពីអ្នកគាំទ្ររបស់លោក លោកបានសម្រេចចិត្តចូលរួមក្នុងកម្មវិធីសិល្បៈមួយដែលមានឈ្មោះថា «ចម្រៀងគ្រួសារខ្មែរ» ថែមទាំងបានបកស្រាយចម្រៀងចំនួន 2បទដែលស្តាប់ទៅនៅតែពីរោះមិនធម្មតាដដែល។ ក្នុងនោះអ្នកនាង កាតុ ដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ បានសន្យាថា នឹងជួយរកខាងផលិតកម្មឱ្យលោកបានចូលច្រៀងវិញទៀតផង។
ជាការលើកទឹកចិត្ត សូមប្រិយមិត្តស្ដាប់ចម្រៀងរបស់លោកចាន់ សម័យទាំងអស់ខាងក្រោមនេះ៖