បើករឿងរ៉ាវជីវិតដ៏សែនរញ្ជួយចិត្តរបស់កុមារី ចូ ទិងសួង វ័យ 9ឆ្នាំ រស់នៅក្នុងមណ្ឌល យូនណាន ប៉ែកខាងត្បូងរបស់ប្រទេសចិន។ នាងមានបងប្រុសម្នាក់គឺ ចូ ទិងហ្វូ អាយុ 12ឆ្នាំ ដែលទោះជាជើងរបស់បងប្រុសពិការទាំងសងខាងតាំងពីកំណើត ធ្វើឱ្យមិនអាចដើរហើរបានដូចក្មេងដទៃមែន តែគេក៏អាចទៅណាមកណាបានគ្រប់ទីកន្លែងដែរ ព្រោះគេមានប្អូនស្រីជាទីស្រឡាញ់។
ជារៀងរាល់ថ្ងៃ ទិងសួងដ៏តូចល្អិតជាអ្នកមើលថែទាំបងប្រុសរបស់នាង។ នាងអៀវបងប្រុសនៅលើខ្នង នាំបងប្រុសដើរទៅសាលារៀនរាល់ថ្ងៃ មិនថាជាថ្ងៃដែលមានភ្លៀងធ្លាក់ ថ្ងៃក្ដៅខ្លាំង ឬព្រិលធ្លាក់ ក៏នាងនៅតែទៅ “ទោះបីបងដើរមិនបានក៏ដោយ ក៏មិនអីដែរ រូបប្អូននឹងធ្វើជាជើងរបស់បង នាំបងទៅ”។
រឿងរ៉ាវសេចក្ដីស្រឡាញ់ និងសម្ព័ន្ធភាពរបស់ពីរនាក់បងប្អូនតូចៗមួយគូនេះ ត្រូវបានលើកយកមកបកស្រាយនៅក្នុងវេបសាយ ដេលី មេល ដោយកាលពីពេលដែល ទិងហ្វូធំឡើង ឪពុកម្ដាយរបស់គេមានកង្វល់យ៉ាងខ្លាំង ព្រោះថា គេមិនអាចដើរទៅរៀនបាន តែ ទិងសួងមិនចង់ឱ្យបងប្រុសត្រូវទុកចោលនៅផ្ទះ ទើបនាងតូចស្ម័គ្រចិត្តអៀវបងប្រុសទៅសាលារៀនដោយខ្លួនឯង និងតាំងពីថ្ងៃនោះមក វាក៏ក្លាយជាកិច្ចការងារប្រចាំថ្ងៃមួយរបស់នាង។
រៀងរាល់ព្រឹកមុនទៅសាលា ទិងសួងតែងភ្ញាក់ឡើងមកមើលថែទាំបងប្រុស លប់មុខ និងលាងដៃជើងឱ្យបងប្រុស ជួយគាត់ស្លៀកពាក់តុបតែងខ្លួន និងបន្ទាប់ពីនោះក៏ អ៊ឹប! លើកបងប្រុសដាក់លើខ្នងអៀវ នាំដើរទៅសាលារៀន។ រៀងរាល់ថ្ងៃវាប្រៀបដូចជាការផ្សងព្រេងនឹងគ្រោះថ្នាក់ដែរ ទិងសួងត្រូវប្រយ័ត្នប្រយែងនៅពេលនាំបងប្រុសឆ្លងថ្នល់ និងថែមទាំងត្រូវឡើងជណ្ដើរជាច្រើនកាំទៀតទម្រាំនឹងដល់គោលដៅ និងមិនថាធាតុអាកាសអាក្រក់ប៉ុនណាឡើយ នាងតូច និងបងប្រុសមិនដែលទៅដល់សាលាយឺតម៉ោងម្ដងណាឡើយ។
បងប្អូនពីរនាក់ត្រកូល ចូ រៀននៅសាលារៀនរបស់រដ្ឋក្នុងតំបន់ ហេ ជឺ កួ ពួកគេរៀនថ្នាក់ជាមួយគ្នា ទើបបាននៅជាមួយគ្នាជាប់រហូត។ នៅពេលចេញពីរៀន ទិងសួងក៏នឹងធ្វើដូចកាលពីពេលព្រឹកដែរ គឺអៀវបងប្រុសរបស់នាងត្រឡប់ទៅផ្ទះវិញ។ បន្ទាប់ពីនោះ ទាំងពីរនាក់បងប្អូនក៏នឹងធ្វើកិច្ចការផ្ទះ និងរំឭកមេរៀនជាមួយគ្នា ដែលនៅពេលធ្វើរួចហើយ ទិងសួងមិនបានចេញទៅរត់លេង ឬគេងលក់សម្រាកឡើយ នាងតូចនៅធ្វើការងារផ្ទះបន្តទៀត។
មនុស្សជាច្រើនអាចនឹងនឹកឆ្ងល់ថា តើឪពុកម្ដាយរបស់ពួកគេទៅណា? ហេតុម្ដេចមិននាំកូនទៅសាលារៀន? និងហេតុអីបានបណ្ដោយឱ្យអ្វីៗគ្រប់យ៉ាងធ្លាក់មកលើរូបកូនស្រីដ៏តូចមួយ ដែលមានអាយុត្រឹមតែ 9ឆ្នាំនេះទៅវិញ?។ ចម្លើយក៏គឺ ឪពុកម្ដាយរបស់ពួកគេទាំងពីរ ក៏ជាជនពិការដូចគ្នាដែរ ធ្វើឱ្យទិងសួងក្លាយជាកម្លាំងសំខាន់របស់គ្រួសារ។ នាងធ្វើកិច្ចការគ្រប់យ៉ាង តាមដែលនាងអាចធ្វើបាន តាំងពីស្រោចទឹកបន្លែ ដាក់បាយជ្រូក លាងចាន និងធ្វើម្ហូបអាហារឱ្យគ្រួសារបរិភោគ។
ចំណែក លីវយ៉ាន គ្រូនៅឯសាលា បានបង្ហើបឱ្យដឹងថា ខាងសាលាបានដឹងអំពីរឿងរ៉ាវក្ដីលំបាករបស់ពីរនាក់បងប្អូននេះហើយ និងបានស្នើថា នឹងរៀបចំរកបន្ទប់ស្នាក់នៅជិតៗសាលារៀនឱ្យពួកគេទាំងពីរ ដើម្បីកុំឱ្យពិបាកត្រូវទៅមករៀងរាល់ថ្ងៃបែបនេះ និងរីករាយបញ្ចុះថ្លៃចំណាយក្នុងការសិក្សាឱ្យទាំងពីរនាក់ទៀតផង ហើយបន្ទប់ស្នាក់នៅនោះស្ថិតនៅមិនឆ្ងាយពីសាលាប៉ុន្មានឡើយ ត្រឹមតែប្រមាណជា 500ម៉ែត្រប៉ុណ្ណោះ ដែលធ្វើឱ្យទិងសួងនៅតែត្រូវអៀវបងប្រុសរបស់នាងទៅរៀនដូចមុនដដែល។
“ខ្ញុំគ្មានថ្ងៃទុកគាត់ចោលឱ្យនៅតែម្នាក់ឯងជាដាច់ខាត ខ្ញុំនឹងនៅតែធ្វើខ្លួនជាឈើច្រត់ឱ្យគាត់រហូតតទៅ” នាងតូច ទិងសួង អះអាងយ៉ាងម៉ឺងម៉ាត់៕
សូមទស្សនាឃ្លិបវីដេអូ