ក្រោយពេលទម្លាយសកម្មភាពក្រៅឆាកសម្ដែងរបស់តារាចម្រៀងស្រីល្បីឈ្មោះក្នុងផលិតកម្ម ថោន គឺកញ្ញា ស៊ូ ស៊ីរីកា ដែលមានភាពលះបង់ខ្ពស់ក្នុងការសម្ដែងវីដេអូបទចម្រៀង «ឧបសគ្គស្នេហ៍» ដែលជាការបកស្រាយរបស់លោក ហាក់ និងក្រោមការដឹកនាំសម្ដែងរបស់ផលិតករល្បីឈ្មោះប្រចាំផលិតកម្មថោន លោក រិទ្ធ អូមេហ្គា(Rith Omega) ខណៈនេះពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រមែន បើទោះបីជាសាច់រឿងទាំងមូលមិនទាន់បានលាតត្រដាងនៅឡើយក្ដី តែយ៉ាងណាមិញ តារាឯកស្រី ស៊ូ ស៊ីរីកា ពិតជាទទួលបានការសរសើរពីសំណាក់អ្នកដឹកនាំសម្ដែងផ្ទាល់ រួមទាំងក្រុមការងារទាំងអស់ចំពោះភាពអត់ធ្មត់របស់នាងទម្រាំបានថតមួយបទនោះចប់។
លោក រិទ្ធ អូមេហ្គា បានប្រាប់សារព័ត៌មានឡារ៉ែនថា អាចនិយាយថា មិនមានការសម្ដែងបទណា សុទ្ធតែពិបាកសម្រាប់តារាចម្រៀងកញ្ញា ស៊ូ ស៊ីរីកា ដូចបទ «ឧបសគ្គស្នេហ៍» ដែលលោកសម្ងំដឹកឱ្យនាងនោះទេ ព្រោះនៅក្នុងបទនេះ លោកតម្រូវឱ្យនាងលោតទឹកក្នុងកម្ពស់12ម៉ែត្រ ហើយលង់ និងឈ្លក់ទឹកមែនទែន និងកុំតែបានការជួយសង្គ្រោះពីក្រុមការងារទាន់ពេល កុំអីប្រហែលជាអាចប៉ះពាល់ដល់អាយុជីវិតនាងមែនទែនទៀតផង។ លោកបន្ដថា មួយរឿងនេះ ចំណាយពេលថតដល់ទៅ 4ថ្ងៃពេញ ដោយក្នុងមួយថ្ងៃត្រូវថតដល់ម៉ោង 4ភ្លឺ ព្រោះតែលោកចង់បានសាច់រឿងមួយ ដែលមានច្រើនប្លង់ ទាំងប្លង់យប់ផង ថ្ងៃផង ហើយស៊ូ ស៊ីរីកា គឺជាតួអង្គដែលប្រឈមការលំបាកពេញមួយសាច់រឿងដែលលោកប្រឹងប្រែងសរសេរឡើងនេះ។
លោក រិទ្ធ បានចាត់ទុកថា ការសម្ដែងមួយបទនេះ គឺនាងលះបង់បានល្អហួសពីការរំពឹងទុក ជាពិសេសត្រង់ចំណុចលោតទឹក និងឈ្លក់ទឹកមែនទែន ហើយនៅតែថតចុះឡើងៗ ទម្រាំតែបានត្រូវប្លង់ល្អទៀត។ ក្នុងនោះ នាងក៏ត្រូវថតហាលក្ដៅរាល់ថ្ងៃ ដល់ថ្នាក់របកស្បែក ដូចគេបកស្បែកទាំងផ្ទាំងៗផងដែរ ប៉ុន្តែនាងនៅតែតស៊ូរហូតទាល់តែចប់។
គួរបញ្ជាក់ផងដែរថា មួយបទ «ឧបសគ្គស្នេហ៍» នេះ ទាំងអ្នកដឹកនាំសម្ដែង ក្រុមការងារ និងតារាចម្រៀងបានរំពឹងទុកថា ជោគជ័យខ្លាំងសម្រាប់ការគាំទ្រ ដោយសារតែអត្ថន័យសាច់រឿង ទេពកោសល្យសម្ដែង ការដាក់មនោសញ្ចេតនាចូលតួមិនធម្មតាឡើយ។ កញ្ញា ស៊ូ ស៊ីរីកា វិញក៏បាននិយាយថា ដើម្បីតម្រូវតាមសាច់រឿងដែលអ្នកដឹកនាំចង់បាន ទើបនាងតស៊ូសម្ដែងមួយបទនេះ ហើយការលះបង់របស់នាងនៅក្នុងបទចម្រៀងល្បីមួយនេះ គឺជាក្ដីស្រឡាញ់ពេញចិត្តខ្លាំងបំផុតចំពោះភាពតស៊ូក្នុងវិថីសិល្បៈ។ នាងក៏រំពឹងដូចគ្នាដែរថា ការប្រឹងប្រែងរបស់ខ្លួននឹងទទួលជោគជ័យនៅពេល MV ទាំងមូលត្រូវបានចេញបង្ហោះជាផ្លូវការ៕