ប្រទាលកន្ទុយក្រពើ គឺជាប្រភេទដំណាំដែលងាយស្រួលដាំ ហើយអាចយកទៅច្នៃធ្វើជាថ្នាំព្យាបាលជំងឺផ្សេងៗ និងមិនត្រឹមតែយកទៅធ្វើជាឱសថបុរាណដ៏ស័ក្តិសិទ្ធិនោះទេ ថែមទាំងអាចយកទៅកែច្នៃធ្វើជាភេសជ្ជៈ ទទួលបានការពេញនិយមពីអតិថិជនទៀតផង។
កសិករឈ្មោះ គង់ ថុល រស់នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង បានប្រាប់ថា ដើមឡើយប្រទាលកន្ទុយក្រពើ ភាគច្រើនគេដាំនៅក្នុងរបងផ្ទះ ដោយអ្នកភូមិដាំមួយគុម្ព ពីរគុម្ពប៉ុណ្ណោះ គឺទុកសម្រាប់ធ្វើជាឱសថកែរោគផ្សេងៗតាមបែបចាស់-បុរាណ ដូចជាប្រើសម្រាប់បន្ថយកម្ដៅក្នុងខ្លួន ព្យាបាលក្រពះ ពោះវៀនជាដើម។ ដោយសារបច្ចុប្បន្នមានតម្រូវការនៅលើទីផ្សារ ទើបអ្នកភូមិរបស់គាត់ចាប់ផ្ដើមនាំគ្នាដាំច្រើនឡើងៗ ដោយមួយគ្រួសារៗមានពី4 ទៅ10រងនៅក្បែរៗផ្ទះ ហើយក៏មិនបានដាំជាចម្ការធំៗរាប់សិបហិកតាដូចដំណាំផ្សេងៗឡើយព្រោះតម្រូវការមានកំណត់ ប៉ុន្តែប្រសិនបើមានក្រុមហ៊ុនសហគ្រាសណាកុម្ម៉ង់ទិញមានកុងត្រាត្រឹមត្រូវនោះ ពួកគាត់នឹងខំប្រឹងដាំឱ្យបានច្រើន។
អ្នកស្រីបានបន្តថា ប្រទាលកន្ទុយក្រពើ ចាប់ពីដាំរហូតដល់ 8ខែគឺអាចកាត់លក់បានហើយ និងមិនពិបាកថែទាំអ្វីឡើយ គ្រាន់តែស្រោចទឹក និងដាក់ជីលាមកគោតែប៉ុណ្ណោះ ហើយក៏មិនចាំបាច់ប្រើជីគីមី ឬថ្នាំសម្លាប់សត្វល្អិតអ្វីដែរ ព្រោះគ្មានសត្វល្អិតណាមកបំផ្លាញនោះទេ ចំណែកឯតម្លៃវិញក៏មិនសូវជាឡើង-ចុះប៉ុន្មានដែរ ហើយឈ្មួញតែងចុះមកទិញដល់ផ្ទះតែម្តង ដោយក្នុង1គុម្ពបានតម្លៃពី 3,000រៀល ទៅ4,000រៀលដែរ និងអាចកាត់វិលជុំបានរាល់ថ្ងៃ ដែល1ថ្ងៃៗអាចកាត់បានប្រមាណពី20ទៅ30គុម្ពដែរ។ឈ្មួញកណ្តាលម្នាក់ឈ្មោះ យ៉េងឡេងហេង នៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបានឱ្យដឹងថា លោកបានប្រកបរបរទិញ-លក់ប្រទាលកន្ទុយក្រពើ ដើម្បីយកទៅធ្វើភេសជ្ជៈ អស់រយៈពេលជាង 6ឆ្នាំមកហើយ ហើយតែងមកទិញនៅពីអ្នកភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាលនេះជាប្រចាំ។
លោកបានបន្តថា ជារៀងរាល់ថ្ងៃលោកតែងមកទិញប្រទាលកន្ទុយក្រពើនៅទីនេះ យកទៅបោះដុំឱ្យម៉ូយនៅផ្សារស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងយកទៅកែច្នៃធ្វើទឹកប្រទាលកន្ទុយក្រពើលក់ខ្លួនឯងផងដែរ និងក្នុង1ថ្ងៃអាចលក់បានប្រមាណជាង 200ដបដែរ និងលក់បាន 2,000រៀលក្នុងមួយដប ហើយទឹកប្រទាលនេះមានគុណប្រយោជន៍ច្រើនណាស់ គឺជួយបញ្ចុះកម្ដៅក្នុងខ្លួន ធ្វើឱ្យស្បែកមានសំណើមស្រស់ថ្លា និងថែមទាំងជួយព្យាបាលជំងឺក្រពះ ពោះវៀនបានយ៉ាងស័ក្តិសិទ្ធិទៀតផង។
មេឃុំព្រែកអំបិល លោក ឃុត ខុន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋភូមិកូនជ្រែនេះ ប្រមាណជាង 30ភាគរយបានដាំប្រទាលកន្ទុយក្រពើនៅក្បែរៗលំនៅឋាន ហើយពេលលក់មិនចាំបាច់កាត់យកទៅលក់នៅផ្សារទេ គឺមានម៉ូយគេមកកាត់ដល់ផ្ទះស្រេចតែម្ដង ឯចំណូលដែលបានពីការលក់ប្រទាលកន្ទុយក្រពើនេះ បានជួយឱ្យអ្នកភូមិមានជីវភាពកាន់តែល្អប្រសើរឡើងទៀតផង៕