ការប្រើប្រាស់ធនធានធម្មជាតិ ជាពិសេសព្រៃឈើនៅលើពិភពលោកបានក្លាយជាចំណុចគួរឱ្យព្រួយបារម្ភមួយរបស់មនុស្សជាតិ ព្រោះបើតាមទិន្នន័យដែលចេញដោយវេទិកាសេដ្ឋកិច្ចពិភពលោកបានបង្ហាញថា ជាមធ្យមយើងប្រើ-ប្រាស់ដើមឈើអស់ប្រមាណ 15ពាន់លានដើមក្នុងមួយឆ្នាំ ខណៈការដាំឡើងវិញមានចំនួនត្រឹមតែ9ពាន់លានដើមប៉ុណ្ណោះក្នុងមួយឆ្នាំ។ ផ្អែកតាមទិន្នន័យនេះ យើងឃើញថាពិភពលោកបានបាត់បង់ដើមឈើជាង 6ពាន់លានដើមក្នុងមួយឆ្នាំៗ ដែលចំនួននេះជាកត្តាសំខាន់មួយចាំបាច់ត្រូវយកចិត្តទុកដាក់។
កត្តាដែលនាំឱ្យមានការដាំដើមឈើឡើងវិញយឺតនេះ ត្រូវបានគេឃើញថា វាបណ្តាលមកពីបញ្ហាតម្លៃចំណាយនៃការដាំ និងថែទាំ រួមទាំងកត្តាប្រឈមមួយចំនួនទៀត។ ហេតុនេះហើយទើបអ្នកវិទ្យាសាស្ត្រនៅគ្រប់ប្រទេសលើពិភពលោកបានខិតខំប្រឹងប្រែងស្រាវជ្រាវ រុករក គ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងណាបំពេញដីទំនេរដែលនៅសល់លើពិភពលោក ដោយការដាំដើមឈើឡើងវិញ ជាមួយនឹងការចំណាយទាប តែបានផលច្រើន។
ជាដំណោះស្រាយក្រុមហ៊ុន BioCarbon Engineering របស់អង់គ្លេស បានបង្កើត Drone ប្រភេទថ្មីដើម្បីដាំដើមឈើឡើងវិញ ក្នុងតម្លៃធូរថ្លៃ ឆាប់រហ័ស និងទទួលបានផលខ្ពស់។ Drone ប្រភេទថ្មីនេះអាចដាំដើមឈើនៅគ្រប់កន្លែងទាំងអស់ រួមទាំងកន្លែងដែលមនុស្សពិបាកទៅដល់។
ជាដំណាក់កាលដំបូង Drone នឹងធ្វើការស្គែនទៅលើសណ្ឋានដីដើម្បីបង្កើតផែនទីជារូបភាព 3D បន្ទាប់មកវានឹងបង្ហាញលទ្ធផលនៃការគណនាពីចំនួនគ្រាប់រុក្ខជាតិដែលត្រូវប្រើប្រាស់ដើម្បីដាំលើផ្ទៃដីទាំងអស់នោះ។ Drone ទាំងនេះអាចធ្វើការដាំដុះបានរហូតដល់ទៅ 100,000ដើមក្នុងមួយថ្ងៃ ហើយប្រសិនបើគេប្រើវាជាក្រុមយើងអាចនឹងដាំដើមឈើបានរហូតដល់ទៅ 1ពាន់លានដើមក្នុងមួយឆ្នាំ។
ប្រព័ន្ធនៃការដាំដើមឈើថ្មីនេះ ត្រូវបានគេប៉ាន់ស្មានថាអាចនឹងបណ្តុះដើមឈើបានលឿនជាងវិធីសាស្ត្រធម្មតាដល់ទៅ 10ដង និងចំណាយតិចជាងការដាំដុះដោយដៃចំនួន 20%។ មូលហេតុដែលនាំឱ្យមានភាពចំណេញនេះ គឺមកពីវាមិនត្រូវការពេលវេលាយូរក្នុងការដាំនោះទេ ព្រោះវាជាគ្រឿងម៉ាស៊ីនដែលមិនដើរលើដី ឬចាំបាច់ទាល់-តែមានផ្លូវទើបចូលទៅដាំបាននោះទេ។ Drone នឹងហោះលើផ្ទៃដីដើម្បីព្រោះគ្រាប់រុក្ខជាតិជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត។
អ្នកជំនាញបានធ្វើការសាកល្បង Drone ប្រភេទនេះនៅលើកន្លែងជាច្រើន ហើយពួកគេក៏ធ្លាប់បានសាកល្បងដាំដើមឈើឡើងវិញ នៅតំបន់សំខាន់ៗក្នុងប្រទេសអូស្ត្រាលីថែមទៀតផង។ លើសពីនេះទៅទៀត វាក៏នឹងក្លាយជាឧបករណ៍យ៉ាងសំខាន់ក្នុងការជួយដល់វិស័យកសិកម្ម ដែលកំពុងត្រូវការជំនួយជាចាំបាច់ពីបច្ចេកវិទ្យាដែលមានផលប៉ះពាល់តិចបំផុត៕