ក្នុងរយៈពេលតិចជាង 2សប្តាហ៍ ក្រោយពីជួបភាពជូរចត់បន្ទាប់ពីការប្រណាំងរថយន្តក្នុងព្រឹត្តិការណ៍ British Grand Prix នោះ កីឡាករ Lewis Hamilton នឹងសម្លឹងរកការផ្តល់ការខកចិត្តដល់កីឡាករ Sebastian Vettel នៅទីក្រុង Hockenheim ថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ខណៈដែលកីឡាករអាល្លឺម៉ង់រូបនេះ បានបំបាក់ការអបអររបស់ Hamilton រួចជាស្រេចនៅលើទីលាន Silverstone។
ស្របពេលដែលព្រឹត្តិការណ៍នៃការប្រណាំងរថយន្ត Formula One ពិភពលោក ឆ្ពោះទៅកាន់ពាក់កណ្តាលរដូវកាលរបស់ខ្លួន ហើយការប្រជែងដណ្តើមជ័យជម្នះកាន់តែមានភាពក្តៅគគុក ស្របពេលដែល Vettel ដែលកំពុងតែមានពិន្ទុនាំមុខលើតារាងពិន្ទុរួម មានឱកាសមួយនេះ ក្នុងការផ្តល់នូវការរីករាយមួយផ្សេងទៀតសម្រាប់ក្រុម Ferrari ខណៈដែលក្រុម Mercedes របស់កីឡាករ Hamilton ក៏សម្លឹងរកការស្តារមុខមាត់ត្រឡប់មកវិញផងដែរ។
Vettel កំពុងតែនាំមុខពីលើ Hamilton ចំនួន 8ពិន្ទុ ក្រោយពីការទទួលជ័យជម្នះរបស់គេនៅលើទឹកដីនៃចក្រភពអង់គ្លេស ហើយនិងស្រេកឃ្លានក្នុងការដណ្តើមយកជ័យជម្នះ 1ផ្សេងទៀតពីក្រុមគ្រួសារ មិត្តភ័ក្តិ និងអ្នកគាំទ្ររបស់គេ ដើម្បីធានាថា រូបគេនឹងមានពិន្ទុនាំមុខដាច់ក្នុងពេលសម្រាកនារដូវក្តៅ។ ជាមួយគ្នានេះ វាក៏នឹងផ្តល់នូវការពេញចិត្តដល់លោក Maurizio Arrivabene ប្រធានក្រុម Ferrari ផងដែរ ក្រោយពីការប្រណាំងនៅអង់គ្លេស ដើម្បីបង្ហាញថា Mercedes គួរតែមានការខ្មាស់អៀនចំពោះក្រុម Ferrari៕
ប្រភពពី៖ Sport.yahoo.com