យោងតាមសេចក្តីថ្លែងការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE = The General Department of Customs and Excise)បានឱ្យដឹងថា នាយកដ្ឋានបានប្រមូលប្រាក់ចំនួន 1.2 ពាន់លានដុល្លារក្នុងរយៈពេល 6ខែដំបូងនៃឆ្នាំនេះ។
ការកើនឡើងប្រាក់ចំណូល គឺដោយសារតែការប្រមូលពន្ធគយពីការនាំចូលយានយន្តដែលបានកើនឡើង 40,5% ថាមពល និងប្រេងដែលបានកើនឡើង 10,5% និងសម្ភារសំណង់ដែលបានកើនឡើង 26,6%។
ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានមានប្រសាសន៍ថាកំណើនយ៉ាងឆាប់រហ័សនៃប្រាក់ចំណូលបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងស្ថិរភាពនយោបាយ។ ការរីកចម្រើនគួរឱ្យកត់សម្គាល់នៃពាណិជ្ជកម្មអន្ដរជាតិក៏នាំឱ្យមានការកើនឡើងនូវចំណូលពន្ធនេះដែរ។ លោកបញ្ជាក់ថា៖ «កត្តាសំខាន់ដែលគាំទ្រការកើនឡើងនេះ គឺស្ថិរភាពនយោបាយរបស់ប្រទេសដែលធានាដល់កំណើនពាណិជ្ជកម្ម ការវិនិយោគ ការផលិត និងការប្រើប្រាស់»។
ឯកឧត្តមបានលើកឡើងថាក្នុងឆមាសទី1 ឆ្នាំ2018នេះ ចំណូលសរុបដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានប្រមាណ 4.736ប៊ីលានរៀល ឬប្រមាណជា1,172លានដុល្លារអាមេរិក។ តួលេខចំណូលនេះត្រូវជាប្រមាណ 56.7%នៃផែនការដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ2018។ បើធៀបនឹងឆមាសទី1 ឆ្នាំ2017 ចំណូលនេះកើនឡើងប្រមាណ27.8% ដែលក្នុងនោះចំណូលពីមុខទំនិញយានយន្តមានកំណើន40.5% មុខទំនិញប្រេង និងថាមពលកើនឡើង 10.5% គ្រឿងសំណង់កើនឡើង 26.6% និងមុខទំនិញចម្រុះផ្សេងទៀតមានកំណើន 27%។
ឯកឧត្តមបានឱ្យដឹងដែរថា ប្រភេទពន្ធ និងអាករសំខាន់ៗដែលប្រមូលបានដោយគយ មានពន្ធគយ(ពន្ធនាំចូល) អាករពិសេស និងអាករលើតម្លៃបន្ថែម(VAT)។ នៅក្នុងឆមាសទី1 ឆ្នាំ2018នេះ បើប្រៀបធៀបនឹងឆមាសទី1 ឆ្នាំ2017 លទ្ធផលចំណូលតាមប្រភេទពន្ធមានការប្រែប្រួលដូចតទៅ៖ ពន្ធគយមានកំណើនជិត 16% អាករពិសេសមានកំណើន 39.4% ហើយVAT មានកំណើន 27%។
សេចក្តីថ្លែងការណ៍ក៏បាននិយាយផងដែរថា ការនាំចូលបានកើនឡើង 17% ខណៈដែលការនាំចេញបានកើនឡើង 7%។ ការប្រមូលពន្ធគយបានកើនឡើង13% សម្រាប់ការនាំចេញសម្លៀកបំពាក់និង 53%សម្រាប់ការនាំចេញអង្ករ និងស្រូវ។
កាលពីឆ្នាំមុន GDCE បានប្រមូលប្រាក់ចំណូលពន្ធចំនួន 1.9 ពាន់លានដុល្លារ។ ប្រាក់ចំណូលរបស់ GDCE កើនឡើង 28 %៕