តាមរយៈសារព័ត៌មាន Mthai ដែលចេញផ្សាយនៅពេលមុននេះបន្ដិចបានឱ្យដឹងថា នៅថ្ងៃទី18 ខែកក្កដា ឆ្នាំ 2018 នេះនឹងមានការបង្ហាញវត្តមាន និងសម្ភាសក្រុមកីឡាករជ្រូកព្រៃ អាខាដេមី ទាំង 13រូប ជាលើកដំបូងតាមរយៈកញ្ចក់ទូរទស្សន៍ប្រទេសថៃ នាវេលាម៉ោង 6ល្ងាចនេះ ក្នុងកម្មវិធី «เดินหน้าประเทศไทย ( Thailand Moves Forward ) » បន្ទាប់ពីសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត ឈៀងរ៉ាយ អស់រយៈពេលជាច្រើនថ្ងៃ។
គួរបញ្ជាក់ផងដែរថា ការធ្វើបទសម្ភាសនោះ មានរយៈពេលប្រមាណ 45នាទី ទៅតាមសំណួរដែលអ្នកសារព័ត៌មានថៃ និងអន្ដរជាតិបានគ្រោងទុករួចជាស្រេច ដើម្បីឱ្យប្អូនៗបានដឹង និងត្រៀមខ្លួនជាមុន ព្រោះអ្នកជំនាញបានអះអាងថា បទសម្ភាសអាចមានផលប៉ះពាល់ដល់ផ្លូវចិត្តរបស់ក្មេងៗ។ សំណួររបស់អ្នកសារព័ត៌មានដែលត្រៀមសួរទៅកាន់ក្មេងៗក្រុមជ្រូកព្រៃ រួមមាន ៖
Aljazeera English :
1-ជួយអធិប្បាយបន្ដិចបានទេថា 10ថ្ងៃដំបូង តើហេតុម្ដេចបានអ្នកទាំងអស់គ្នាមានសុវត្ថិភាពទាំងផ្លូវចិត្ត និងកាយ?
2-អ្នកជួយសង្គ្រោះបានប្រាប់អ្វីខ្លះ ចំពោះរឿងការនាំចេញពីរូងភ្នំ? តើអ្នកទាំងអស់គ្នាត្រៀមខ្លួនយ៉ាងដូចម្ដេច ចំពោះការធ្វើដំណើរចេញមកយ៉ាងលំបាកលំបិននោះ?
3-តើអ្នកបានរៀនដឹងអ្វីខ្លះពីហេតុការណ៍នេះ?
Nine Network Australia :
1-លោកគ្រូពេទ្យជនជាតិអូស្ដា្រលីមានភាពសំខាន់ប៉ុនណាក្នុងការជួយអ្នកទាំងអស់គ្នាឱ្យចេញមកពីរូងភ្នំ?
2-តើអ្នកធ្វើដូចម្ដេចបើគ្មានទឹក និងអាហារដល់ 10ថ្ងៃ តើហេតុម្ដេចទើបរស់បាន?
BBC News (UK)
1-យើងបានស្ដាប់អ្នកនិយាយភាសាអង់គ្លេសជាមួយអ្នកជ្រមុជទឹកជនជាតិអង់គ្លេស សូមជួយប្រាប់ពីអារម្មណ៍នៅពេលនោះដែលអ្នកបានជួបពួកគាត់គ្រាដំបូងក្នុងរូងភ្នំ?
2-Manchester United បានអញ្ជើញក្រុមជ្រូកព្រៃទៅទស្សនកិច្ច Old Trafford តើអ្នកនឹងទទួលការអញ្ជើញនោះយ៉ាងណាដែរ?
CNN
1-មនុស្សទូទាំងពិភពលោកបានចាប់អារម្មណ៍តាមដានព័ត៌មានបាត់ខ្លួនរបស់ក្រុមអ្នកតាំងពីថ្ងៃដំបូង តើមានអ្វីចង់ប្រាប់ទៅអ្នកតាមដានព័ត៌មានដែរឬទេ?
2-អ្នកបានសិក្សាពីការតាំងសមាធិនៅក្នុងរូងភ្នំ តើវាបានជួយអ្វីខ្លះដល់អ្នក?
សំនួររបស់មហាជន៖
1-ពួកប្អូនត្រៀមខ្លួនដើម្បីមុជទឹកយ៉ាងណាខ្លះ? បានហាត់រៀនហែលទឹកឬទេ?
2-រឿងដំបូងដែលចង់ធ្វើនៅពេលត្រឡប់ទៅដល់ផ្ទះវិញ គឺអ្វី?
3-ពួកប្អូនផ្ដល់កម្លាំងចិត្តដល់គ្នាយ៉ាងម៉េច មុនពេលអ្នកជួយសង្គ្រោះរកឃើញពួកប្អូនៗ?