នៅក្នុងរដូវវស្សាភ្លៀងធ្លាក់ មេឃត្រជាក់ក៏ពិតមែន ក៏ទម្លាប់នៃការថែរក្សាស្បែកជាប្រចាំថ្ងៃរបស់អ្នក មិនគួរត្រូវបានបំភ្លេចចោលនោះដែរ។ បន្ថែមពីនោះ អ្នកគួរតែយកចិត្តទុកដាក់ឱ្យកាន់តែច្រើនជាងមុនទៀត ដើម្បីឱ្យខែភ្លៀងដ៏អួរអាប់នេះ ស្បែកនៅតែមានភាពស្រស់បំព្រងជាប់ជានិច្ច។ រឿងដែលស្ថិតក្នុងលំដាប់ដំបូងដែលត្រូវចងចាំជានិច្ចនៅក្នុងរដូវភ្លៀងនោះគឺ ធ្វើយ៉ាងណា ការពារស្បែកឱ្យគេចផុតពីភាពសើម ព្រោះភាពសើមនេះហើយជាប្រភពនៃការកើតមានអាការរម៉ាស់រោល កន្ទួល និងស្រែងលើស្បែកជាដើម។ ស្តាប់ទៅវាដូចជាពិបាកបន្តិចហើយក្នុងការដែលមិនឱ្យស្បែកទទឹកនៅក្នុងរដូវភ្លៀងនោះ ប៉ុន្តែការពិតវាមិនពិបាកដូចដែលអ្នកគិតនោះទេ ព្រោះថាខាងក្រោមនេះ ឡារ៉ែន នឹងប្រាប់អ្នកពីវិធីនៃការប្រយុទ្ធប្រឆាំងជាមួយបញ្ហាស្បែកក្នុងរដូវភ្លៀង។
1. សម្អាតស្បែកយ៉ាងតិច3ដងក្នុងមួយថ្ងៃ ដើម្បីកម្ចាត់ចោលនូវជាតិក្អែល និងប្រេងដែលអាចមកបិទរន្ធញើសរបស់អ្នក។
2. ទឹកភ្លៀង និងអាកាសធាតុ ដែលមកជាមួយភ្លៀងដែលធ្លាក់មកអាចនាំយកនូវអ្វីៗដែលមិនល្អមកជា-មួយក៏ថាបាន ដូច្នេះកុំភ្លេចលាបឡេបន្ថែមសំណើម និងការពារស្បែកឱ្យមានសំណើម និងសុខភាពល្អផងណា៎!
3. ប្រើក្រែមការពារកម្តៅថ្ងៃដែលមាន SPF គ្រប់គ្រាន់។ មេឃប្រហែលជាត្រជាក់ ប៉ុន្តែកុំភ្លេចឱ្យសោះថា ភាពត្រជាក់នេះមិនបានបញ្ឈប់អនុភាពនៃកាំរស្មី UV ពីព្រះអាទិត្យនោះទេ។
4. មិនថារដូវកាលណានោះទេ ការដុសខាត់សម្អាតស្បែកជារៀងរាល់ពេល គឺនៅតែត្រូវធ្វើ ប៉ុន្តែធ្វើវាថ្នមៗបានហើយ។
5. រក្សាសំណើមតាមរយៈការទទួលទានទឹកឱ្យបានគ្រប់គ្រាន់។ បើទោះជាអាកាសធាតុត្រជាក់ក៏ដោយ ក៏រាងកាយនៅតែត្រូវការទឹកយ៉ាងចាំបាច់ ដើម្បីការពារស្បែករបស់អ្នកគេចឱ្យផុតពីសភាពស្លេក និងស្ងួត។
6. ការកក់សក់ និងការអប់សក់អាចនឹងត្រូវធ្វើឡើងត្រឹមតែ2ដងប៉ុណ្ណោះក្នុងមួយសប្តាហ៍ ប៉ុន្តែដោយសារតែរដូវភ្លៀងសក់របស់អ្នកអាចនឹងមានញើស ឬសើមញឹកញាប់។ ដូច្នេះការកក់សម្អាត ឬអប់សក់ជាដើមអាចនឹងត្រូវធ្វើឡើងញឹកញាប់ជាងពេលមុន ព្រោះបើមិនដូច្នេះទេភាពសើមដែលនៅជាប់នឹងសក់ ហើយមិនបានសម្អាតនោះ អាចធ្វើឱ្យស្បែកក្បាលងាយនឹងកើតមានអាការរម៉ាស់បាន។
7. រដូវភ្លៀងធ្លាក់មិនអំណោយផលទេចំពោះការប្រើប្រាស់គ្រឿងអលង្ការលម្អកាយមួយចំនួន (ខ្យល់ និងទឹកភ្លៀង អាចធ្វើឱ្យគ្រឿងអលង្ការទាំងនោះខូចទ្រង់ទ្រាយ ឬបាត់បង់សោភណ្ឌភាពរបស់វា ហើយពេលខ្លះវាក៏អាចបង្កជាបញ្ហាដល់ស្បែកថែមទៀតផង។
8. ផលិតម៉ាសបិទមុខដែលផ្សំពីវត្ថុធាតុដើមនៅក្នុងចង្ក្រានបាយរបស់អ្នក។ ម៉ាសធម្មជាតិទាំងនោះនឹងជួយឱ្យស្បែករបស់អ្នកទទួលបាននូវភាពស្រស់ស្អាតតាមបែបធម្មជាតិពិតៗជាមិនខាន៕