បញ្ហាប្រឈមនាពេលបច្ចុប្បននេះមានឪពុកម្តាយវ័យក្មេងជាច្រើនដែលបានបង្កើតគ្រួសារ តែមិនទាន់មានចំណេះដឹងគ្រប់គ្រាន់ក្នុងការធ្វើជាអាណាព្យាបាលដែលមានសមត្ថភាពតម្រង់ទិសដល់កូន ដែលកត្តានេះអាចប៉ះពាល់ដល់អនាគតរបស់កូន និងវាក៏ឆ្លុះបញ្ចាំងពីអនាគតរបស់សង្គមផងដែរ ព្រោះកុមារជាអ្នកបន្តវេនរបស់សង្គមលើគ្រប់វិស័យ។
លោក ថៃ វណ្ណថា នាយកក្រុមហ៊ុន @Home Photography បានលើកឡើងនៅក្នុងកម្មវិធី Ignite Phnom Penh ថា អាណាព្យាបាលមួយចំនួនមិនទាន់យល់ពីអ្វីដែលក្មេងត្រូវការពិតប្រាកដនោះទេ ជាក់ស្តែងយើងឃើញមានអាណាព្យាបាលខ្លះបានផ្តល់ឧបករណ៍អេឡិចត្រូនិកដល់កូនដើម្បីឱ្យពួកគេរវល់ជាមួយនឹងការលេងឧបករណ៍ទាំងអស់នោះ ហើយគាត់មានពេលទំនេរសម្រាប់ការងារផ្ទាល់ខ្លួន។ ចំណុចនេះជារឿងមិនត្រឹមត្រូវ ព្រោះកុមារជាវ័យដែលកំពុងចង់ចេះចង់ដឹងបំផុត។ ផ្ទុយមកវិញ កុមារតែងតែចង់ឱ្យមនុស្សធំ ជាពិសេសឪពុកម្តាយនៅជិតគេឱ្យបានច្រើនដើម្បីលើកទឹកចិត្ត បណ្តុះគំនិត និងបង្កើតភាពរីករាយប្រកបដោយភាពវិជ្ជមានដល់ពួកគេ។
លោក ថៃ វណ្ណថា បាននិយាយថា៖ “កុមារជាវ័យដែលចង់ចេះចង់ដឹង និងសួរច្រើនបំផុត ហេតុនេះប្រសិនបើយើងចង់ឱ្យគាត់ក្លាយជាអ្នកវិទ្យាសាស្ត្រ វាជាពេលល្អដែលយើងអាចនិយាយរឿងវិទ្យាសាស្ត្រដល់គេដើម្បីបណ្តុះគ្រាប់ពូជនៃគំនិតដល់កូនតូចៗឱ្យក្លាយជាអ្នកដែលមានសមត្ថភាព និងខិតខំប្រឹងប្រែងនៅថ្ងៃអនាគត”។
បើតាមលោក វណ្ណថា កុមារត្រូវការការរៀនសូត្រពីគ្រប់ទីកន្លែង មិនមែនគ្រាន់តែរៀនពីសាលានោះទេ។ កុមារត្រូវការរៀនពីការសង្កេត រៀនពីការស្តាប់ រៀនពីការលើកទឹកចិត្ត និងជំរុញពីមនុស្សនៅជុំវិញខ្លួន។ សូមកុំឱ្យពេលវេលាដឹកមុខកុមារដោយការបណ្តោយឱ្យពួកគេលេងឧបករណ៍អេឡិចត្រូនិកដែលបង្កភាពអវិជ្ជមានដល់ពួកគេ។
ក្រោយពេលដែលកុមារធំឡើងលោកវណ្ណថាលើកឡើងថា អាណាព្យាបាលចាំបាច់ត្រូវតម្រង់ទិស និងជំរុញលើកទឹកចិត្តគេដោយផ្ទាល់ និងជំរុញគេឱ្យចូលរួមការងារស្ម័គ្រចិត្ត ការងារក្រុមហ៊ុន ឬការងារសំខាន់ៗមួយចំនួនទៀត ដើម្បីផ្តល់ឱកាសឱ្យគេទទួលបាននូវបទពិសោធជីវិតល្អ។ អ្វីដែលពួកគេចង់បានគឺចំណេះដឹង មិនមែនលុយកាក់នោះទេ ហេតុនេះអាណាព្យាបាលត្រូវតែឈរនៅក្បែរដើម្បីធ្វើជាមិត្តភ័ក្តិពួកគេ និងនៅចាំជួយលើកទឹកចិត្តពួកគេនៅពេលដែលគេមានកំហុសឆ្គង ឬត្រូវការជំនួយ។
បន្ទាប់ពីឆ្លងផុតសាលា បើទោះបីជាយើងមានលទ្ធភាពខ្ពស់ ឬក្មេងនោះជាកូនអ្នកមានក៏ដោយ អ្វីដែលអាណាព្យាបាលត្រូវធ្វើ មិនមែនពាំងកូនមួយជីវិតទេ តែត្រូវបណ្តោយឱ្យគេរៀនឆ្លងកាត់ការលំបាក និងបង្កើនភាពរឹងមាំដោយខ្លួនឯង។ មិនថាការងារសាលា ការងារឯកជនរបស់ខ្លួនគេ ឬការងារក្រុមហ៊ុននោះទេ យើងត្រូវតែជំរុញឱ្យគេចូលរួមធ្វើ និងទទួលខុសត្រូវដោយខ្លួនឯង តែស្ថិតក្នុងស្ថានភាពជាធម្មតាទេ មនុស្សណាក៏មានកំហុសដែរ ហើយពេលខ្លះកំហុសលើកដំបូងជាកំហុសល្អ ដែលកូនៗអាចរៀនពីបទពិសោធជីវិត។
លោក ថៃ វណ្ណថា បាននិយាយថា៖ “កំហុសដំបូង គឺជាកំហុសល្អ កុំឱ្យតែកំហុសដែលកើតឡើងដោយការខ្ជិល និងកំហុសដដែលទើបជារឿងអាក្រក់។ ហេតុនេះយើងត្រូវប្រាប់គាត់ពីកន្លែងត្រូវ និងបង្រៀនឱ្យកូនទទួលស្គាល់ការពិតថា មួយណាជាកំហុសល្អ និងមួយណាជាកំហុសអាក្រក់”។
ប្រធានក្រុមហ៊ុនផ្នែកសេវាកម្មថតរូបខាងលើបានលើកឡើងផងដែរថា ដើម្បីបណ្តុះបណ្តាលកូនៗឱ្យមានសមត្ថភាពខ្លាំងជាងពួកយើងជំនាន់នេះ យើងត្រូវអនុវត្តនូវជំហានចំនួន3 គឺជំរុញកូនៗឱ្យរៀនដោយការសង្កេត រៀនដោយការអនុវត្ត និងរៀនដោយការទទួលខុសត្រូវ៕