ក្នុងទិសដៅលើកកម្ពស់វិស័យថាមពលនៅកម្ពុជា ក្រុមអ្នកវិនិយោគខេត្តសៀងហៃ ប្រទេសចិនគ្រោងចូលមកបោះទុនដំឡើងរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់តម្រូវការ និងចូលរួមអភិវឌ្ឍវិស័យនេះឱ្យកាន់តែប្រសើរឡើង។
លោក លាំង សាន (Liang Shan) អនុប្រធានក្រុមហ៊ុន Shanghai Electronic Communication Technology Co., Ltd បានលើកឡើងថា ក្រុមហ៊ុនរបស់លោកមានឯកទេសខាងដំឡើងរោងចក្រថាមពលអគ្គិសនីធ្យូងថ្មជាមួយបច្ចេកវិទ្យាទំនើបមិនប៉ះពាល់ដល់បរិស្ថានដោយលក្ខណៈពិសេសនៃប្រព័ន្ធបច្ចេកវិទ្យាផ្កាយរណបដែលអាចចាប់រូបភាព និងបញ្ជូនទិន្នន័យឆ្លងកាត់ទ្វីបនិងប្រទេសជាច្រើនក្នុងពិភពលោក។ តំណាងក្រុមហ៊ុនទាំង2 បានស្នើសុំក្រសួងពាណិជ្ជកម្ម ជួយគាំទ្រគម្រោងវិនិយោគនេះ ដើម្បីបង្កើនទំហំវិនិយោគរវាងខេត្តសៀងហៃ និងប្រទេសកម្ពុជា។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មបានសម្តែងការគាំទ្រខ្លាំងចំពោះគម្រោងការវិនិយោគខាងលើ និងបានសន្យាជួយសម្របសម្រួលគម្រោងទាំងនេះឱ្យលេចរូបរាងឡើងនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើទៅកាន់តំណាងក្រុមហ៊ុនខាងលើ ធ្វើការសិក្សាអំពីលក្ខណៈភូមិសាស្ត្រនៃប្រទេសកម្ពុជា និងសក្តានុពលអតិថិជនឱ្យបានច្បាស់ ដើម្បីរៀបចំសំណើវិនិយោគផ្លូវការ ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា៕