ភ្នំពេញ៖ សេវាដឹកជញ្ជូនសាធារណៈ បានក្លាយជាផ្នែកមួយនៃជីវិតរបស់ប្រជាជន ក្នុងប្រទេសអភិវឌ្ឍន៍នានា ហើយវាក៏ជាផ្នែកមួយដែលអាចរុញច្រានឱ្យសង្គមមានការអភិវឌ្ឍបានលឿនថែមទៀតផង។
នៅពេលដែលមនុស្សម្នាក់ៗកាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន ហើយងាកមកធ្វើដំណើរតាមបណ្តាញដឹកជញ្ជូនសាធារណៈ នោះពួកគេនឹងអាចចំណេញថវិកាក្នុងការធ្វើដំណើរ ចំណេញពេលវេលាដើម្បីធ្វើការងារ ឬអានសៀវភៅ មិនទើសចិត្ត ឬខាតថវិកាចំណាយលើសាំងនៅពេលស្ទះចរាចរណ៍ និងអាចសម្រាកបានយ៉ាងល្អដែលអាចធ្វើឱ្យពួកគេសន្សំថាមពលបានយ៉ាងមានប្រសិទ្ធភាពដើម្បីធ្វើការងារប្រចាំថ្ងៃ។ នៅប្រទេសអភិវឌ្ឍន៍ធំៗ សេវាសាធារណៈ ដូចជារថយន្តក្រុង និងរថភ្លើងជាដើមបានជួយសម្រួលយ៉ាងច្រើនដល់ការរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកដែលមានចំណូលតិច ចំណូលមធ្យម ឬបុគ្គលសំខាន់ៗក្នុងសង្គមនោះទេ។
នៅពេលថ្មីៗនេះ សាលារាជធានីភ្នំពេញ បានចេញវីដេអូអប់រំមួយដែលលើកទឹកចិត្តឱ្យប្រជាជនជិះរថយន្តក្រុងសាធារណៈ ដើម្បីធ្វើជាមធ្យោបាយធ្វើដំណើរ។ ក្នុងវីដេអូនោះក៏បង្ហាញពីគុណសម្បត្តិជាច្រើនសម្រាប់ការជិះរថយន្តក្រុង វិធីសាស្ត្រទូទាត់សាច់ប្រាក់ និងវិធីសាស្ត្រចុងប៊ូតុងដើម្បីស្នើសុំឈប់យ៉ាងងាយស្រួលដើម្បីជាជំនួយដល់ប្រជាជនដែលមិនធ្លាប់ប្រើប្រាស់សេវារថយន្តក្រុងងាយធ្វើដំណើរដោយមិនបារម្ភ។
ខាងក្រោមនេះជាវីដេអូដែលសាលារាជធានីភ្នំពេញបានចេញកាលពីព្រឹកមិញនេះ៖