នៅពេលថ្មីៗនេះ តារាចម្រៀងប្រុសនៅក្នុងផលិតកម្មរស្មីហង្សមាស គឺលោក G-Devith បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនទាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប ដែលបទនោះមានចំណងជើងថា «BODY» ដែលមានការសម្ដែងដោយរូបលោកផ្ទាល់ជាមួយនឹងកញ្ញា ទេព បូព្រឹក្ស។ អ្វីដែលកាន់តែធ្វើឱ្យមានភាពទាក់ទាញបំផុតរបស់បទចម្រៀងនេះគឺការបកស្រាយជាភាសាខ្មែរ និងជាភាសាថៃ ដែលមាន Version 2 ដាច់ដោយឡែកផ្សេងគ្នា ជាប្រភេទ Original Song។
គួរកត់សម្គាល់ដែរថា បទចម្រៀងដ៏ថ្មីសន្លាងមួយបទនេះ មិនត្រឹមតែមានភាពល្បីល្បាញនៅក្នុងស្រុកតែប៉ុណ្ណោះទេ តែក៏ទទួលបានការគាំទ្រនៅក្នុងប្រទេសថៃដូចគ្នាផងដែរ រហូតដល់មានអ្នកគាំទ្រជនជាតិថៃបានចូលមកសរសើរ និងគាំទ្រ G-Devith យ៉ាងពេញទំហឹងទៀតផង។ ទន្ទឹមនឹងការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីបែបនេះ ក៏នៅមានផ្ទុះការសង្ស័យពីសំណាក់មហាជនដែលបានបង្ហើបថា «ហេតុអ្វីបទចម្រៀងល្បីមួយបទនេះមិនមែននៅក្នុងផលិតកម្មរស្មីហង្សមាស តែបែរជាបទ Original Song នៅក្នុងគណនីយូធូបផ្ទាល់របស់លោកទៅវិញ?»។
ស្របពេលជោគជ័យយ៉ាងខ្លាំងរបស់តារាចម្រៀង G-Devith បច្ចុប្បន្ននេះគេមើលឃើញថា លោកមានភាពមមាញឹកច្រើន ចំពោះការគ្រប់ការងារសិល្បៈ និងជំនួញរួមគ្នាជាមួយកញ្ញា ទេព បូព្រឹក្ស ក្នុងការបើកហាងផលិតផលគ្រឿងសម្អាងសម្រាប់បុរសនារីពីរោងចក្រនៅប្រទេស សាំងហ្គាពួរផ្ទាល់(Cosmetic)ឈ្មោះ ទេព បូព្រឹក្ស ជាអក្សរកាត់ ” XTBP” និងមានសម្លៀកបំពាក់ និងមួកផងដែរ ហើយហាងពួកគេមានឈ្មោះ Dit-Way Shop ដែលបានចំណាយទឹកប្រាក់សរុប 14ម៉ឺនដុល្លារអាមេរិក ដោយហ៊ុនគ្នាម្នាក់ 50%៕