របាយការណ៍ស្ដីអំពីស្ថានភាពនៃការនាំចេញអង្កររបស់កម្ពុជារបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយបានបង្ហាញថា រយៈពេល 6ខែ គិតចាប់ពីខែមករា ដល់ខែមិថុនា ក្នុងឆ្នាំ2018 ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានចំនួន 271.537 តោន។ ចំនួននេះបានថយចុះ 5.9ភាគរយ បើធៀបនឹងការនាំចេញអង្ករក្នុងរយៈពេលដូចគ្នានេះនៅឆ្នាំ2017 ដែលមានចំនួន 288.562តោន។បញ្ហានេះគឺដោយសារតែតម្រូវការក្រៅស្រុកបានថយចុះ។
របាយការណ៍ដដែលនោះបានឱ្យដឹងដែរថា ក្នុងចំណោមប្រទេសទាំង56 ដែលទទួលទិញអង្ករពីកម្ពុជា ក្នុងនោះគេសង្កេតឃើញថា ប្រទេសចិនបានកាត់បន្ថយការទិញអង្ករពីកម្ពុជាយ៉ាងច្រើន គឺកាត់បន្ថយពីជាង 1ម៉ឺនតោនក្នុងខែឧសភា មកនៅត្រឹមជាង 500តោន នៅក្នុងខែមិថុនា។ ដោយឡែកបណ្តាប្រទេសផ្សេងទៀត រួមមានសហភាពអឺរ៉ុប និងប្រទេសជាសមាជិកអាស៊ាននៅបន្តទិញអង្ករពីកម្ពុជាក្នុងបរិមាណប្រហាក់ប្រហែលគ្នា ដែលកន្លងមកទីផ្សារនាំចូលអង្ករពីកម្ពុជាច្រើនជាងគេគឺ ប្រទេសចិនបាននាំចូល 6ម៉ឺនតោន ប្រទេសបារាំងជិត 4ម៉ឺនតោន ប្រទេសម៉ាឡេស៊ីជាង 2ម៉ឺនតោន។
ចំពោះក្រុមហ៊ុនដែលនាំចេញអង្ករពីកម្ពុជាច្រើនជាងគេ គឺក្រុមហ៊ុនបៃតងរបស់ឧកញ៉ា ភូ ពុយបាននាំចេញចំនួនជាង 2.3ម៉ឺនតោន លេខ2 គឺក្រុមហ៊ុន City Rice នាំចេញបាន 2.1ម៉ឺនតោន និងលេខ3ក្រុមហ៊ុនខ្មែរហ្វូដរបស់ឧកញ៉ា គឹមសាវុធ។ គិតជាសរុបក្រុមហ៊ុនដែលនាំអង្ករកម្ពុជាចេញទៅក្រៅប្រទេសមានចំនួន 68ក្រុមហ៊ុន។
របាយការណ៍ដដែលក៏បានបង្ហាញពីប្រភេទអង្ករដែលកម្ពុជាបាននាំចេញក្នុងរយៈពេល 6ខែក្នុងឆ្នាំ2018 នេះដែរ គឺប្រភេទអង្ករក្រអូបច្រើនជាងគេ ដែលមានចំនួនដល់ទៅ 199.658តោន និងអង្ករសគ្រាប់វែងចំនួន 54.637តោន។ ក្នុងនោះអង្ករកម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារគោលដៅច្រើនជាងគេនៅសហភាពអឺរ៉ុប(26ប្រទេស)ចំនួន 137.353តោន និងទៅប្រទេសជាសមាជិកអាស៊ាន(ម៉ាឡេស៊ីប្រ៊ុយណេ សិង្ហបុរី និងវៀតណាម)មានចំនួន 29.375តោន ព្រមទាំងគោលដៅនៅផ្សេងៗទៀតចំនួន 26ប្រទេស មានចំនួន 104.809តោន។
ចំពោះរបាយការណ៍អង្ករដែលកម្ពុជាបាននាំចេញប្រចាំខែក្នុងឆ្នាំ2018 របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយដែលបានបំពេញបែបបទនាំចេញអង្ករបានបង្ហាញថា នៅខែមករា ការនាំចេញអង្ករកម្ពុជាមានចំនួន 62.623តោន។ ខែកុម្ភៈមានចំនួន 47.809តោន។ ខែមីនា មានចំនួន 50.683តោន។ ខែមេសា មានចំនួន36.239តោន។ ខែឧសភា មានចំនួន 42.865តោន និងខែមិថុនា មានចំនួន31.318តោន។
ស្ថានភាពនៃការនាំចេញអង្កររបស់កម្ពុជាក៏ត្រូវបានក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទប្រកាសឱ្យដឹងដែរថា នៅឆ្នាំ2013 កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសបានចំនួន 378.856តោន។ ឆ្នាំ2014 ចំនួន 387.061តោន។ ឆ្នាំ2015 ចំនួន 538.396តោន។ ឆ្នាំ2016 ចំនួន 542.144តោន។ ឆ្នាំ2017 មានចំនួន 635.679តោន៕