ដើម្បីឱ្យអាជីវកម្មមួយដំណើរការប្រកបដោយភាពជោគជ័យ មានកត្តារួមផ្សំជាច្រើនដែលក្នុងនោះធនធានមនុស្សគឺជាផ្នែកមួយយ៉ាងសំខាន់ដែលសម្រេចដល់វាសនារបស់ក្រុមហ៊ុនទាំងមូល។ ការគ្រប់គ្រងបុគ្គលិកជាចំណុចមួយដែលម្ចាស់អាជីវកម្មជាច្រើនកំពុងយកចិត្តទុកដាក់ ហើយចង់ឱ្យធនធានមនុស្សនៅក្នុងក្រុមហ៊ុនរបស់ខ្លួនអាចធ្វើការងារប្រកបដោយសក្តានុពលពិតប្រាកដដើម្បីធ្វើដំណើររួមគ្នាឆ្ពោះទៅរកភាពជោគជ័យ និងឈរជើងបានយូរនៅក្នុងពិភពអាជីវកម្ម។
លោកជំទាវ ញឹក ដានី ប្រធានក្រុមហ៊ុន McMillanwoods បានលើកឡើងថា ជនជាតិជប៉ុនតែងតែនិយាយថាបុគ្គលិកគឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ហេតុនេះប្រសិនបើបុគ្គលិកយល់ពីតួនាទីរបស់ខ្លួនបានល្អ និងយល់ពីគោលដៅរួមរបស់ក្រុមហ៊ុនច្បាស់នោះស្ថាប័ននឹងមានការអភិវឌ្ឍខ្លាំង ព្រោះម្នាក់ៗសុទ្ធតែជាចំណែកដែលរុញអាជីវកម្មឱ្យជោគជ័យប្រកបដោយថាមពល តែប្រសិនបើបុគ្គលិកម្នាក់ៗមិនគិតថាខ្លួនជាចំណែកមួយរបស់ក្រុមហ៊ុនទេ គាត់នឹងធ្វើការងារឱ្យតែរួចពីដៃ ហើយពេលខ្លះថែមទាំងបង្កបញ្ហាថែមទៀតផង។ ចំណុចដែលម្ចាស់អាជីវកម្មភាគច្រើនត្រូវការគឺ បុគ្គលិកដែលមានភាពស្មោះត្រង់ចំពោះខ្លួនឯង និងស្មោះត្រង់ជាមួយក្រុមហ៊ុន។
លោកជំទាវ ញឹក ដានី បាននិយាយថា៖ “ក្រុមហ៊ុននីមួយៗត្រូវការបុគ្គលិកចេះស្រឡាញ់ការងារដែលខ្លួនធ្វើពិតប្រាកដ ព្រោះនៅពេលដែលគាត់ចូលធ្វើការងារដោយពេញចិត្ត និងស្រឡាញ់ការងាររបស់គាត់ គាត់នឹងអនុវត្តការងារប្រកបដោយភាពហ្មត់ចត់ ហើយរីករាយក្នុងការអភិវឌ្ឍគ្រប់ដំណាក់កាល”។
ម្ចាស់អាជីវកម្មខាងលើបានលើកឡើងផងដែរថា ក្រុមហ៊ុនដែលមានបុគ្គលិកភាគច្រើនជាអ្នកធ្វើការងារដោយគ្មានបំណង និងគោលដៅពិតប្រាកដហើយចូលធ្វើការងារដើម្បីតែប្រាក់ខែ គាត់នឹងមិនអាចបង្កើតក្តីស្រឡាញ់បានទេសម្រាប់ការងារផ្ទាល់ខ្លួន និងក្រុមហ៊ុនទាំងមូល។ ម្យ៉ាងវិញទៀត គាត់ក៏មិនអាចរួមចំណែកល្អដែលអាចរុញឱ្យក្រុមហ៊ុនមានផលចំណេញច្រើនដែរ ដែលពេលខ្លះវាធ្វើឱ្យគាត់មានការអន់ចិត្តនៅពេលដែលគាត់មិនត្រូវបានដំឡើងប្រាក់ខែ ឬតួនាទី នៅពេលដែលគាត់ធ្វើការងារយូរ។ លោកជំទាវបញ្ជាក់ផងដែរថា គ្មានម្ចាស់អាជីវកម្មណាមិនចង់ឱ្យបុគ្គលិករបស់ខ្លួនទទួលបានប្រាក់ខែច្រើននោះទេ តែគាត់ក៏ចាំបាច់ត្រូវថ្លឹងថ្លែងផងដែរពីផលតបស្នងដែលខ្លួនបានធ្វើចំពោះក្រុមហ៊ុន។ ហេតុនេះប្រសិនបើចង់អភិវឌ្ឍខ្លួនឯងឱ្យបានល្អនៅក្នុងស្ថាប័ន ទទួលបានការឡើងតំណែង និងការទុកចិត្តពីម្ចាស់អាជីវកម្ម បុគ្គលិកម្នាក់ៗគួរស្វែងរកការងារដែលខ្លួនស្រឡាញ់ពិតប្រាកដ ហើយធ្វើវាឱ្យអស់ពីចិត្តដោយរីករាយជាមួយគ្នា យើងនឹងក្លាយជាចំណែកយ៉ាងសំខាន់នៃភាពរីកចម្រើនរបស់ក្រុមហ៊ុន ហើយពេលនោះអ្នកដឹកនាំប្រាកដជាមើលឃើញពីការខិតខំប្រឹងប្រែងរបស់យើងមិនខាន។
លោក គង់ វិចិត្រា ស្ថាបនិកស្ថាប័នLeading Asia Academy បានលើកឡើងថាស្ថាប័នដែលទទួលបានជោគជ័យជារួមគឺជាកន្លែងដែលអាចប្រមូលផ្តុំមនុស្សដែលមានឆន្ទៈ និងក្តីស្រឡាញ់រួមគ្នាដើម្បីធ្វើការងារសម្រេចលើជោគវាសនារួមមួយ។ ហេតុនេះនៅពេលដែលស្ថាប័នរើសបានបុគ្គលប្រភេទនេះមកធ្វើការ គាត់នឹងឃើញថាផ្នែកដែលគាត់ធ្វើគឺពោរពេញដោយភាពច្នៃប្រឌិត ព្រោះគាត់រីករាយជាមួយនឹងអ្វីដែលគាត់កំពុងធ្វើ និងរំភើបជាមួយលទ្ធផលដែលរីកដុះដាលឡើងជារៀងរាល់ថ្ងៃ។ តែបញ្ហាប្រឈមមួយចំនួនដែលស្ថាប័នមិនអាចស្វែងរកមនុស្សប្រភេទនេះបាន ឬរកបានហើយតែបែរជាមិនអាចអភិវឌ្ឍបានល្អ អាចមកពីកត្តាមួយចំនួនដូចជាការផ្តល់ឱកាសនៅមានកម្រិត បរិស្ថានជុំវិញបុគ្គលិកដែលមានទម្លាប់មិនល្អ គឺជាកត្តារំខានមួយចំនួនទៀតដែលគួរយកចិត្តទុកដាក់។
លោក គង់ វិចិត្រា បាននិយាយថា៖ “មានបុគ្គលិកមួយចំនួនបានដាក់ពាក្យធ្វើការងារដោយគិតថាគាត់អាចធ្វើអ្វីដែលខ្លួនស្រឡាញ់ តែក្រោយពេលដែលគាត់ទទួលការងារនោះហើយ គាត់បានធ្វើការងារនៅក្នុងក្រុមមួយដែលមានភាពអវិជ្ជមាន ហេតុនេះគាត់ក៏បែរជាបណ្តោយឱ្យខ្លួនឯងផ្តេកផ្តួលជាមួយនឹងភាពមិនច្បាស់លាស់ហើយក៏មានអារម្មណ៍ថានឿយណាយជាមួយនឹងការងារនោះក៏មាន”។
អ្នកជំនាញបណ្តុះបណ្តាលខាងលើបានលើកឡើងថា ម្ចាស់អាជីវកម្មគួរតែគិតគូរពីបរិស្ថាននៃការធ្វើការងារដើម្បីបង្កើតលក្ខណៈស្វាហាប់ និងមានការលើកទឹកចិត្តឱ្យបានល្អ ដើម្បីជំរុញឱ្យបុគ្គលិកម្នាក់ៗមានភាពសប្បាយរីករាយជាមួយនឹងជំនាញអ្វីដែលខ្លួនកំពុងធ្វើ។ ម្យ៉ាងវិញទៀត នៅពេលដែលម្ចាស់អាជីវកម្មរកឃើញពីអ្វីដែលបុគ្គលិកខ្លាំងពិតប្រាកដហើយ យើងអាចផ្តល់ឱកាសឱ្យគាត់ដើម្បីសាកល្បងនូវអ្វីដែលជាទេពកោសល្យរបស់គាត់។ ការអនុវត្តបែបនេះអាចជំរុញឱ្យស្ថាប័នរើសបានអ្នកខ្លាំងលើផ្នែកផ្សេងៗគ្នា ដែលអាចរួមគ្នាសម្រេចជោគជ័យអាជីវកម្ម និងបន្តទម្លាប់បណ្តុះបណ្តាលបន្តគ្នាទៅកាន់អ្នកដែលចូលក្រោយៗទៀតឱ្យមានក្តីស្រឡាញ់ និងភាពច្នៃប្រឌិតខ្ពស់នៅក្នុងការងារ៕