យោងតាមតួលេខរបស់លេខាធិការដ្ឋានអាកាសចរស៊ីវិលបានបង្ហាញថា ចំនួនភ្ញៀវជាតិ និងអន្តរជាតិ ដែលធ្វើដំណើរតាមយន្តហោះជាតិ និងអន្តរជាតិមកកាន់ប្រទេសកម្ពុជាក្នុងឆមាសទី1 ឆ្នាំ2018នេះ មានចំនួនជាង 5លាន 1សែននាក់ កើនឡើង24% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2017។ នេះបើតាមការឱ្យដឹងពីលោកស៊ិន ចាន់សេរីវុត្ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។
លោកបញ្ជាក់ថា៖ «តួលេខខាងលើនេះ គឺរាប់បញ្ចូលចំនួនភ្ញៀវដែលធ្វើដំណើរតាមព្រលានយន្តហោះទាំង3 របស់កម្ពុជា គឺព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានចំនួន 2លាន 6សែននាក់ ព្រលានយន្តហោះខេត្តសៀមរាប ចំនួន 2លាន 3សែននាក់ និងក្រៅពីនោះគឺឆ្លងកាត់ព្រលានយន្តហោះខេត្តព្រះសីហនុប្រមាណ 2សែននាក់»។
លោកបានឱ្យដឹងថា ចំនួនភ្ញៀវដែលធ្វើដំណើរតាមព្រលានយន្តហោះទាំង3 របស់កម្ពុជាប្រសិនបើមិនមានព្រឹត្តិការណ៍ធំៗដូចជាជំងឺ សារ(SAR) និងបាតុកម្មផ្សេងៗទេនោះ ជើងហោះហើរនឹងនៅតែមានជាប្រចាំដដែល ជាពិសេសជើងហោះហើរក្នុងស្រុក ដូចជាក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរវេយ៍(Cambodia Airways) ដែលទើបចាប់ផ្តើមប្រតិបត្តិការដឹកអ្នកដំណើររបស់ខ្លួននោះ មិនទាន់អាចចាត់ទុកថា ជាការបង្កើនចំនួនភ្ញៀវអ្នកធ្វើដំណើរនៅឡើយទេ ព្រោះគ្រាន់តែមានផ្លូវហោះហើរថ្មីនៅក្នុងស្រុកនៅឡើយ ទាល់តែក្រុមហ៊ុនគាត់បើកការហោះហើរជាអន្តរជាតិទើបអាចហៅថា ជាការទទួលបានភ្ញៀវថ្មីៗមក នោះទើបអាចចាត់ទុកថាមានកំណើនភ្ញៀវទេសចរ។
លោកបញ្ជាក់បន្ថែមថា តែរដូវនេះជារដូវខ្សត់ភ្ញៀវ ដែលគេហៅថា Low season គឺចំនួនភ្ញៀវមានការថយចុះជាធម្មតា ប៉ុន្តែកំណើនពាណិជ្ជកម្មតាមផ្លូវអាកាសនៅតែមានដដែល គឺប្រមាណជាជាង10% ជារៀងរាល់ឆ្នាំ។
លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានអះអាងថា កំណើនពាណិជ្ជកម្មតាមផ្លូវអាកាសបានឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចការអភិវឌ្ឍ និងសន្តិភាពរបស់កម្ពុជាដែលបានផ្តល់នូវទំនុកចិត្តដល់វិនិយោគិនទាំងក្នុង និងក្រៅស្រុកក្នុងការបន្តបោះទុនវិនិយោគជាបន្តបន្ទាប់ និងមិនចាំបាច់តែមានជើងហោះហើរត្រង់ផ្ទាល់(Direct flight)ឬមិនផ្ទាល់នោះទេ សំខាន់ឱ្យតែមានកិច្ចព្រមព្រៀងនៃការតភ្ជាប់ផ្លូវអាកាសរបស់ក្រុមហ៊ុនណាមួយហើយនោះ យើងនឹងទទួលបានលំហូរចូលនៃអ្នកដំណើរដែលនឹងនាំមកនូវកំណើនសេដ្ឋកិច្ចនៃប្រទេសជាតិ។
អគ្គនាយកក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា លោក Eric DELOBEL បានថ្លែងថា កិច្ចសហការរបស់រដ្ឋបាលគយដែលបាន និងកំពុងផ្តល់សេវាកម្មនៅក្នុងអាកាសយានដ្ឋានទាំង3 (ភ្នំពេញ សៀមរាបនិងព្រះសីហនុ) បានផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្មដែលអាចឆ្លើយតបបានទាន់ពេលវេលានឹងកំណើនទំហំពាណិជ្ជកម្មដែលគ្របដណ្តប់ប្រមាណ40% នៃសកម្មភាពរបស់អាកាសយានដ្ឋានទាំងមូលក្នុង2017កន្លងមក៕