ខ្សែប្រយុទ្ធអន្តរជាតិបារាំង Kylian Mbappe វ័យ 19ឆ្នាំ ទទួលបានប្រាក់ 22,300ដុល្លារក្នុងមួយប្រកួតនៃយុទ្ធនាការ World Cup បូករួមទាំងប្រាក់លើកទឹកចិត្ត 350,000ដុល្លារទៀតសម្រាប់ការជួយឱ្យក្រុមជម្រើសជាតិរបស់ខ្លួនទទួលបានជ័យជម្នះក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ដែលធ្វើឱ្យរូបគេទទួលបានប្រាក់សរុបទាំងអស់ 50ម៉ឺនដុល្លារ។ ប៉ុន្តែ ទោះជាដូច្នេះក្ដី តារាឆ្នើមវ័យក្មេងរូបនេះបានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់ទាំងអស់នោះទៅឱ្យអង្គការសប្បុរសធម៌ Premiers de Cordees។
ប្រាក់ចំនួននេះ គ្រាន់តែជាចំណែក 1ភាគនៃប្រាក់ខែសរុបរបស់គេប៉ុណ្ណោះ ខណៈដែលរូបគេទទួលបាន 1.7លានដុល្លារក្នុងមួយខែពីក្លិបបច្ចុប្បន្នរបស់គេគឺ Paris-Saint Germain ប៉ុន្តែទឹកប្រាក់កន្លះលានដុល្លារនេះ នឹងមានន័យយ៉ាងធំធេងសម្រាប់អង្គការ Premiers de Cordees ដែលជាអង្គការរៀបចំព្រឹត្តិការណ៍កីឡានានាសម្រាប់កុមារពិការ។
លោក Sebastien Ruffin អ្នកចាត់ការទូទៅរបស់អង្គការ Premiers de Cordee បានឱ្យដឹងថា៖ «Kylian គឺជាមនុស្សដ៏អស្ចារ្យម្នាក់។ នៅពេលដែលកាលវិភាគរបស់គេអនុញ្ញាត គេបានចូលមកធ្វើអន្តរាគមន៍សម្រាប់យើងទាំងភាពរីករាយ។ រូបគេមានទំនាក់ទំនងយ៉ាងល្អជាមួយនឹងក្មេងៗ ដោយគេតែងតែស្វែងរកការប្រើប្រាស់ពាក្យពេចន៍យ៉ាងត្រឹមត្រូវក្នុងការលើកទឹកចិត្តដល់ពួកយើង»។
ខ្សែប្រយុទ្ធរូបនេះ បានស៊ុតបាល់បញ្ចូលទី 4គ្រាប់ ក្នុងចំណោមការប្រកួត 7លើកសម្រាប់ក្រុមជម្រើសជាតិបារាំង ក្នុង World Cup ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់ 1គ្រាប់ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ នៅពេលដែលក្រុមរបស់គេ បានយកឈ្នះលើក្រុមជម្រើសជាតិក្រូអាស៊ី ក្នុងលទ្ធផល 4-2។ Mbappe ក៏បានឈ្នះរង្វាន់កីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំយុទ្ធនាការនេះផងដែរ៕
ប្រភពពី៖ The Straits Times