ភ្នំពេញ៖ ធនាគារពិភពលោកបានសម្រេចផ្តល់សម្បទានលើកទី2 ដល់កម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ 200លានដុល្លារអាមេរិក ដម្រាប់កែលម្អប្រព័ន្ធអប់រំកម្រិតឧត្តមសិក្សា និងគម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ជំហានទី2។
ជំនួយនេះនឹងជួយលើគម្រោងពង្រឹងសមត្ថភាពគ្រូបង្រៀន និងស្រាវជ្រាវសម្រាប់គ្រឹះស្ថានឧត្តមសិក្សាចំនួន5នៅកម្ពុជារួមមានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យបាត់ដំបង។ ជំនួយនេះក៏នឹងជួយដល់គ្រឹះស្ថានឧត្តមសិក្សាឯកជនមួយចំនួនដែលជារួមនឹងអាចជួយដល់សិស្សសរុបប្រមាណ 16,356នាក់នៅទទូទាំងប្រទេស។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថាគម្រោងកែលម្អវិស័យអប់រំផ្នែកឧត្តមសិក្សានេះគ្រោងចំណាយថវិកាប្រមាណ 92.50លានដុល្លារអាមេរិក ដែលក្នុងនោះមានថវិកាប្រមាណ 90លានដុល្លារជាថវិកាឥណទានពីសហរដ្ឋអាមេរិក និងចំនួន 2.5លានដុល្លារជាថវិកាបដិភាគ។ គម្រោងនេះនឹងផ្តោតសំខាន់ដើម្បីជំរុញការអប់រំលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា និងកសិកមម ដែលជាផ្នែកយ៉ាងសំខាន់សម្រាប់អភិវឌ្ឍប្រទេស។
ចំណែកឯជំហានទី2 គឺហិរញ្ញប្បទានបន្ថែមប្រមាណ 113លានដុល្លារអាមេរិក ដែលក្នុងនោះថវិការសម្បទានពីធនាគាពិភពលោកចំនួន 110លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន 3លានដុល្លារអាមេរិក គឺសម្រាប់ធ្វើការវិនិយោគលើការស្តារ និងពង្រីកផ្លូវជាតិលេខ4 ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ៕