ទោះវាជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ត្រូវមាត់ ត្រូវចិត្តមនុស្សភាគច្រើនមែន តែត្រូវតែព្រមទទួលស្គាល់ហើយថា ទុរេនគឺជាផ្លែឈើដែលមានក្លិនខ្លាំងបំផុត ជាពិសេសក្នុងរដូវផ្លែទុរេនកំពុងឱ្យផលបែបនេះ ធ្វើឱ្យអ្នកដែលមិនសូវជាចូលចិត្តក្លិនរបស់វានាំគ្នាស្រែកចាចគ្រប់ៗគ្នា ចំណែកអ្នកដែលចូលចិត្តវិញ ត្រូវតែមានជាប់ដៃយកទៅផ្ទះទទួលទានជុំគ្នាសឹងតែរាល់ថ្ងៃមិនខាន ប៉ុន្តែបើអ្នកយកទុរេនមកទទួលទានក្នុងផ្ទះហើយ មិនដឹងពីវិធីកម្ចាត់ក្លិនឱ្យបាត់សូន្យឈឹងទៅវិញនោះអាចនឹងធ្វើឱ្យនៅក្នុងផ្ទះមានក្លិនមិនគួរឱ្យបេតីអណ្ដែតវិលវល់ពេញក្នុងនោះរហូតធ្វើឱ្យលែងចង់ចូលផ្ទះក៏អាចថាបានដែរ។ ដូច្នេះជម្រើសដែលល្អ គឺនាំគ្នាមកមើលពីវិធីកម្ចាត់ក្លិនទុរេនបែបងាយៗ ដែលអ្នកគ្រូ ឆវី ធានាថា នឹងធ្វើឱ្យបងៗស្រ្តីមេផ្ទះអាចទទួលទានទុរេនបានបែបសប្បាយៗមិនចាំបាច់ខ្លាចថាមានក្លិននៅជាប់ក្នុងផ្ទះឡើយ។
1. កាកកាហ្វេ
ដោយសារតែកាកកាហ្វេមានក្លិនឈ្ងុយ និងស្រស់ស្រាយ ដូច្នេះគ្រាន់តែបងៗស្ត្រីមេផ្ទះដាក់កាកកាហ្វេនៅក្នុងកូនចានចង្កឹះ រួចយកទៅដាក់ចោលនៅជ្រុងណាមួយនៅក្នុងបន្ទប់ តែប៉ុណ្ណឹងកាកកាហ្វេនឹងបឺតយកក្លិនខ្លាំងៗរបស់ទុរេនឱ្យបាត់អស់មិនខាន ព្រមទាំងបានក្លិនក្រអូបស្រស់ស្រាយរបស់កាហ្វេមកជំនួសវិញទៀតផង ហើយបើក្នុងបន្ទប់ណាដែលមានធុំក្លិនទុរេនខ្លាំងក្លានោះ បងៗស្រ្តីមេផ្ទះគ្រាន់តែបន្ថែមបរិមាណកាកកាហ្វេឱ្យច្រើនជាងមុនបន្តិចទៅជាការស្រេច។
2. ម្សៅប៊េកឃីងសូដា
មិនថាតែក្នុងទូទឹកកក បន្ទប់ម៉ាស៊ីនត្រជាក់ ឬបន្ទប់ដែលគ្មានបង្អួចនោះឡើយ វត្ថុពហុប្រយោជន៍ដូចជាម្សៅប៊េកឃីងសូដាមួយនេះក៏អាចបំបាត់ក្លិនទុរេនបានដែរ ដោយគ្រាន់តែចាក់ដាក់ចាន ឬកំប៉ុង ហើយយកទៅដាក់នៅត្រង់ចំណុចដែលត្រូវការបំបាត់ក្លិន និងឧស្សាហ៍ប្ដូរម្សៅប៊េកឃីងសូដារៀងរាល់2 – 3ថ្ងៃម្ដង ដើម្បីប្រសិទ្ធភាពដ៏ល្អជាការស្រេច។
3. ស្លឹកតើយ
ការកម្ចាត់ក្លិនផ្លែទុរេនទុំដោយស្លឹកតើយក៏មិនពិបាកដែរគ្រាន់តែយកស្លឹកតើយមកបត់ធ្វើជារូបបូ រូបផ្កា ឬចងជាកញ្ចុំហើយយកទៅដាក់នៅត្រង់កន្លែងដែលមានធុំក្លិនទុរេនរហូតដល់ក្លិនក្រអូបប្រហើរឈ្ងប់ចាប់ផ្ដើមរសាយ ឬស្លឹកចាប់ផ្ដើមក្រៀមស្រពោន សឹមយកស្លឹកថ្មីមកប្ដូរ។
4. ក្រូចលេម៉ុន ឬក្រូចឆ្មារ
បងៗស្រីមេផ្ទះគ្រាន់តែពុះផ្លែក្រូចឆ្មារ ឬក្រូចលេម៉ុនជាបន្ទះៗ យកទៅដាក់ក្នុងទូទឹកកក តែប៉ុណ្ណឹងបន្ទះក្រូចឆ្មារក៏នឹងជួយបឺតយកក្លិនខ្លាំងៗរបស់ទុរេនចេញអស់ទៅហើយ។
5. បណ្ដូលរមូរក្រដាសអនាម័យ ក្រដាសកាសែត ឬនំប៉័ងបន្ទះ
អ្នកគ្រូ ឆវី សូមប្រាប់ទៅចុះថា ក្លិនស្អុយៗនៅក្នុងទូទឹកកកក៏អាចកម្ចាត់បានយ៉ាងងាយដោយរបស់ប្រើប្រាស់ក្នុងផ្ទះដែលមានតម្លៃថោក ដូចជា បណ្ដូលរមូរក្រដាសអនាម័យ ក្រដាសកាសែត និងបន្ទះនំប៉័ង ដោយអ្នកត្រូវយករបស់ទាំងនេាះណាមួយទៅដាក់ក្នុងទូទឹកកក ហើយបើសិនជាក្រដាស កាសែត ក៏ឆ្មូលវាឱ្យទៅជាដុំជាមុនសិន បើជានំប៉័ងបន្ទះ ក៏ប្រើប្រមាណជា2បន្ទះ និងព្យាយាមប្ដូរ ឱ្យបានញឹកញាប់ផងទើបជាការល្អ។
6. តែ
ជាវត្ថុកម្ចាត់ក្លិនទុរេនមួយទៀតដែលឃើញលទ្ធផលច្បាស់ៗតែម្ដង ដោយគ្រាន់តែឆុងទឹកតែដាក់កែវ ហើយយកទៅដាក់ក្នុងទូទឹកកក ឬយកថង់កាកតែដែល ឆុងរួចហើយទៅដាក់ក្នុងទូទឹកកក តែម្ដងក៏បានតែប៉ុណ្ណឹងកាកតែ ក៏នឹងជួយបឺតយកក្លិន ខ្លាំងៗរបស់ទុរេនចេញអស់ហើយថែមទាំងបញ្ចេញក្លិនក្រអូប ប្រហើរតិចៗរបស់តែចេញមកទៀតផង។
7. ដុំធ្យូង
បើនិយាយពីជំនួយការក្នុងការបំបាត់ក្លិន គឺមិនអាចអត់ធ្យូងបានឡើយ។ មិនចាំបាច់ប្រាប់ឡើយថា ធ្យូងឈើអាចកម្ចាត់ក្លិនបានតាំងពីក្នុងទូដាក់ឥវ៉ាន់ ទូទឹកកក រហូតទៅដល់ក្នុងបន្ទប់ផ្សេងៗក្នុងផ្ទះទៀតផង ឯវិធីវិញ ក៏ងាយៗ គ្រាន់តែយកដុំធ្យូងឈើទៅដាក់នៅក្នុងទូទឹកកក បន្តិចក្រោយមករន្ធតូចៗនៅលើដុំធ្យូងក៏នឹងបឺតយកក្លិនមិនល្អទាំងឡាយម្ដងបន្តិចៗរហូតដល់អស់ ដែលវាអាចនឹងប្រើពេលយូរបន្តិច តែប្រាកដជាអាចកម្ចាត់ក្លិនបានល្អមែន។
ក្រៅពីនេះ ការបើកទ្វារ បើកបង្អួច ឬកង្ហារ ដើម្បីឱ្យខ្យល់អាកាសចេញចូលបានល្អ ក៏អាចជួយកម្ចាត់ក្លិនមិនល្អរបស់ទុរេនចេញបានដូចគ្នាដែរ ដូច្នេះបើដឹងខ្លួនថា ចូលចិត្តទទួលទានទុរេន តែមិនចង់ឱ្យក្លិនរបស់ទុរេននៅជាប់ក្នុងផ្ទះយូរនោះ ក៏កុំភ្លេចនាំយកវិធីទាំងនេះទៅប្រើណា៎ចា៎ស៕