ក្លាយជាបុគ្គលដែលមានតម្លៃសំខាន់សម្រាប់គ្រប់គ្នាជាអ្វីដែលមនុស្សជាច្រើនចង់បាន តែវិថីទៅកាន់ភាពជោគជ័យក្នុងជីវិតមិនមែនជារឿងងាយនោះទេ ព្រោះមានមនុស្សមិនតិចទេជួបរឿងខកចិត្តនៅពេលដែលខិតខំប្រឹងប្រែង ហើយមនុស្សជាច្រើនផ្សេងទៀតមិនហ៊ានចាប់ផ្តើមធ្វើរឿងដែលមានប្រយោជន៍សម្រាប់ការរស់នៅដោយសារតែហេតុផលជាច្រើន ដូចជាកត្តាវ័យក្មេងពេក ឬកត្តាភ័យខ្លាចជាច្រើនទៀត។
លោកស្រី ស្រូយ សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃកម្មវិធី The Perspectives Cambodia បានលើកឡើងថា សូមកុំរង់ចាំពេលវេលា តែត្រូវព្យាយាមអភិវឌ្ឍសមត្ថភាពរបស់ខ្លួនពីថ្ងៃនេះដើម្បីរួមចំណែកក្លាយជាគ្រាប់ពូជយ៉ាងមានប្រយោជន៍សម្រាប់កម្ពុជា។ យុវជនខ្លះយកលេសថារវល់នេះ រវល់នោះ ហើយមិនព្រមចូលរួមក្នុងសកម្មភាពប្រកបដោយភាពវិជ្ជមាន ទើបធ្វើឱ្យពួកគេបាត់បង់ឱកាសក្នុងការអភិវឌ្ឍខ្លួនឯង និងឱកាសបង្កើតរឿងល្អៗជាច្រើនផ្សេងទៀតសម្រាប់ភាពជោគជ័យក្នុងជីវិត។ សូមចាប់ផ្តើមពិចារណាស្វែងរកឱកាសដើម្បីចាប់ផ្តើមសកម្មភាពដែលមានប្រយោជន៍ពីពេលនេះ ទោះសកម្មភាពដែលយើងធ្វើនោះស្ថិតក្នុងរូបភាពតូចក្តី ឬធំក្តី ឱ្យតែវិជ្ជមាន និងមិនប៉ះពាល់ដល់សង្គម គឺយើងអាចទាញយកប្រយោជន៍បានទាំងអស់។ ក្រោយពេលដែលយើងមានភាពសកម្មក្នុងការងារហើយ យើងក៏នឹងទទួលបានបទពិសោធជាច្រើនដែលមនុស្សជាច្រើនផ្សេងទៀតមិនមាន ដែលវាជំរុញឱ្យយើងក្លាយជាមនុស្សខ្លាំង។
លោកស្រី ស្រូយ សុជាតិ បាននិយាយថា៖ “ភាពរឹងមាំ និងតម្លៃនៃជីវិត មិនមែនកើតឡើងដោយសារតែចំណេះដឹង និងភាពឆ្លាតវៃរបស់យើងប៉ុណ្ណោះទេ តែវាក៏កើតឡើងដោយសារទំនាក់ទំនងល្អ ក្នុងការចែករំលែកសកម្មភាពដែលស្តែងចេញពីភាពខ្លាំងរបស់បុគ្គលម្នាក់ៗលើការងាររួមដើម្បីឆ្ពោះទៅរកគោលដៅប្រកបដោយភាពវិជ្ជមាន។ នៅពេលដែលយើងចាប់ផ្តើមប្រើប្រាស់ជីវិតរបស់យើងប្រកបដោយប្រយោជន៍សម្រាប់អ្នកដទៃ ឬសង្គម យើងនឹងទទួលបានមកវិញនូវការគោរព រួមទាំងទំនាក់ទំនងប្រកបដោយភាពស្មោះត្រង់ និងភាពវិជ្ជមាន”។
លោកស្រី សុជាតិ បានបញ្ជាក់ផងដែរថា មនុស្សណាក៏ចាំបាច់ត្រូវមានពេលចាប់ផ្តើមដ៏ល្អដែរ ហើយមុននឹងធ្វើរឿងធំៗបាន យើងចាំបាច់ត្រូវអនុវត្តការងារពីតូចៗ និងសាមញ្ញៗទៅ ដើម្បីបន្សាំុខ្លួនឯងជាមួយនឹងរឿងលំបាកមុននឹងឈានជើងចូលទៅកាន់ឧបសគ្គលំបាកៗដទៃទៀត។ ការចាប់ផ្តើមដ៏ល្អរបស់យុវជន នឹងធ្វើឱ្យពួកគេអាចរស់នៅប្រកបដោយថាមពល ក្នុងការអភិវឌ្ឍខ្លួនឯង ឱ្យក្លាយជាធនធានមនុស្ស ឬសមាជិកសង្គមប្រកបដោយគុណតម្លៃសម្រាប់សង្គមនាថ្ងៃអនាគតដែលវានឹងអាចរុញច្រានឱ្យសង្គមមានការអភិវឌ្ឍល្អផងដែរ។
ស្រដៀងគ្នានេះដែរ កញ្ញា នាង សុវាតនា ឬគ្រប់គ្នាស្គាល់ថាជា DJ Nana ដែលជាអ្នកធ្វើការងារស្និទ្ធជាមួយនឹងយុវជនបានលើកឡើងថា ក្នុងនាមជាអាណាព្យាបាល ជាឪពុកម្តាយ ឬជាថ្នាក់ដឹកនាំ គាត់ជាអ្នកបង្កើតក្មេង និងជាអ្នកជំរុញក្មេងឱ្យល្អ តែគាត់មិនមែនមានតួនាទីជាអ្នកកំណត់អនាគតក្មេងនោះទេ ព្រោះបើចង់ឱ្យក្មេងក្លាយជាមនុស្សដែលជោគជ័យលុះត្រាតែគាត់មានសិទ្ធិក្នុងការសម្រេចចិត្ត ហើយធ្វើអ្វីដែលគាត់មានភាពប៉ិនប្រសព្វ។ ចំណែកឯតួនាទីរបស់អ្នកគ្រប់គ្រងគឺ ជាអ្នកដែលផ្តល់ចំណេះដឹង ជំនាញ និងបទពិសោធសម្រាប់ពួកគាត់ក្នុងការពិចារណា ដើម្បីឱ្យគាត់មានសមត្ថភាពដើរដោយខ្លួនឯងប្រកបដោយភាពប៉ិនប្រសប់ នឹងរឹងមាំ។ កញ្ញាបានបញ្ជាក់ផងដែរថា ជាធម្មតាទេ ដែលអាណាព្យាបាលមិនសូវចង់ផ្តល់សិទ្ធិឱ្យកូនច្រើន ព្រោះពួកគាត់បារម្ភថាពេលដែលកូនមានសិទ្ធិ ឬសេរីភាព គាត់នឹងរឹងទទឹងមិនសូវស្តាប់បង្គាប់ តែប្រសិនបើយើងគិតមួយជ្រុងទៀតគឺយើងអាចធ្វើជាអ្នកតម្រង់ទិស ស្របពេលដែលគាត់ អភិវឌ្ឍសមត្ថភាពខ្លួនឯងតាំងពីវ័យ ក្មេងៗ ដើម្បីឱ្យគាត់មានបទពិសោធឱ្យបានច្រើនមុនពេលគាត់នឹងក្លាយជាមនុស្សដែលត្រូវសម្រេចចិត្តលើវាសនាជីវិតដោយខ្លួនឯង។
កញ្ញា នាង សុវាតនា បាននិយាយថា៖ “ខ្ញុំជាមនុស្សដែលមានការចាប់ផ្តើមលឿន ហេតុនេះខ្ញុំឆាប់ទទួលបានប្រាក់ចំណូល ជោគជ័យលឿនមិនមែនជារឿងចម្លែក ឬពូកែអ្វីនោះទេ តែមកពីខ្ញុំមានបទពិសោធច្រើនតាំងពីវ័យក្មេងមក”។
កញ្ញា នាង សុវាតនា បានលើកឡើងផងដែរថា គាត់ក្លាយជាតារា ឬពិធីការិនីនៅអាយុ 25ឆ្នាំ ហើយក្លាយជាអ្នកបកប្រែម្នាក់ដែលមានចំណូលនៅអាយុ20ឆ្នាំ។ បើគិតទៅវាជារឿងអស្ចារ្យណាស់ដែលក្មេងស្រីមិនទាន់រៀនចប់មហាវិទ្យាល័យមានអាជីពនៅវ័យនេះ តែវាមិនចម្លែកពេកនោះទេបើគិតពីការចាប់ផ្តើមរបស់គាត់។ ឪពុកគាត់បានបណ្តោយឱ្យគាត់ចាប់ផ្តើមការងារជាអ្នកបកប្រែតាំងពីអាយុ 15ឆ្នាំ ដែលគិតទៅរហូតដល់អាយុ 20ឆ្នាំគាត់មានបទពិសោធ 5ឆ្នាំរួចបាត់ទៅហើយ ហេតុនេះវាមិនចម្លែក ឬអស្ចារ្យណាស់ណាទេក្នុងការរកចំណូលបាននៅវ័យនេះ៕