លោក ហួត ជា ប្រធានក្រុមហ៊ុន ហួតជាផ្គត់ផ្គង់សម្ភារសំណង់ ដ៏ធំមួយនៅកម្ពុជា មានប្រសាសន៍ថា ការចាប់ផ្តើមធ្វើជំនួញប្រៀបដូចជាការដាំដើមឈើពីតូច ហើយប្រឹងថែទាំយូរទៅវានឹងលូតលាស់ធំឡើងៗ តែបើយើងដាំដើមឈើធំស្រាប់ ជួនកាលដើមឈើនោះអាចងាប់ទៅវិញក៏មានដែរ។
លោកមានប្រសាសន៍សង្កត់ធ្ងន់ថា ក្រុមហ៊ុន ហួតជា បង្កើតឡើងកាលពីថ្ងៃទី1 ខែមករា ឆ្នាំ2010ដែលបោះទុនវិនិយោគត្រឹមតែ5,000ដុល្លារប៉ុណ្ណោះហើយមានបុគ្គលិកតែ 2នាក់ប៉ុណ្ណោះ គឺរូបលោកផ្ទាល់ និងបុគ្គលិកម្នាក់ទៀតដែលខិតខំអស់ពីកម្លាំងកាយ-ចិត្តក្នុងការស្វែងរកទីផ្សារលក់ចេញផលិតផលរបស់ក្រុមហ៊ុន និងខិតខំរៀនបន្ថែមដើម្បីយកចំណេះ ទៅរៀបចំដំណើរការក្រុមហ៊ុនឱ្យកាន់តែរីកចម្រើន។ មិនបានបោះទុនរកស៊ីក្នុងទឹកប្រាក់រាប់លានដុល្លារដូចក្រុមហ៊ុនមួយចំនួនទៀតនោះទេ “ត្រង់នេះខ្ញុំចង់បញ្ជាក់ថា ការវិនិយោគប្រៀបដូចជាការដាំដើមឈើពីតូច ហើយខំប្រឹងថែទាំស្រោចទឹកដាក់ជី ដើមឈើនោះនឹងរីកលូតលាស់ឡើងធំមិនខាន ហើយការរកស៊ីដាក់ទុនធំតែម្តង ប្រៀបដូចជាការគាស់ដើមឈើធំមួយដើមទៅដាំដូច្នោះដែរ វានឹងមានលទ្ធផល2 ចេញមកវិញ គឺអាចងាប់ និងអាចរស់”។
ដើមឡើយ លោកគឺជាបុគ្គលិកផ្នែកទីផ្សារនៅក្នុងក្រុមហ៊ុនផលិតស្រាមួយ ប៉ុន្តែដោយសម្លឹងឃើញថាកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍លើវិស័យសំណង់ដែលកាន់តែរីកដុះដាលឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ ទើបលោកសម្រេចចិត្តឈប់ធ្វើការឱ្យគេហើយប្រឹងប្រមែប្រមូលដើមទុនបានចំនួនប្រហែល5,000ដុល្លារ សម្រាប់បើកដំណើរការក្រុមហ៊ុនជាលើកដំបូង។ មានភាពខ្វះខាតយ៉ាងខ្លាំង សូម្បីតែរថយន្តដឹកទំនិញឱ្យអតិថិជនក៏គ្មានដែរ តែដោយសារការខំព្យាយាម និងខំប្រឹងអស់ពីកម្លាំងពលកម្មកម្លាំងប្រាជ្ញា និងពេលវេលា ទើបធ្វើឱ្យក្រុមហ៊ុនរីកលូតលាស់លឿនរហ័ស មកទល់បច្ចុប្បន្នបង្កើតបាន 22សាខា មាន 8សាខានៅក្នុងរាជធានីភ្នំពេញនិងតាមខេត្តមានសក្តានុពលមួយចំនួន ដូចជាកំពង់សោម ក្រុងកែប បាត់ដំបង បន្ទាយមានជ័យព្រះវិហារ សៀមរាប កំពង់ចាម កំពង់ធំ បាវិត និងស្ទឹងត្រែងជាដើម ដែលសព្វថ្ងៃមានបុគ្គលិកប្រមាណជាជិត 300នាក់ឯណោះ។
អ្វីដែលធ្វើឱ្យក្រុមហ៊ុនរីកចម្រើនឡើងនោះ គឺក្រុមហ៊ុនផ្អែកទៅលើកត្តាសំខាន់ធំៗចំនួន3 ទី1.គឺអ្នកផ្គត់ផ្គង់ ត្រូវមានភាពស្មោះត្រង់ជាមួយគ្នា។ ទី2.កត្តាបុគ្គលិក សម្រាប់បុគ្គលិកគឺយើងមិនត្រឹមស្រឡាញ់តែមាត់ទេ គឺយើងត្រូវផ្តល់អត្ថប្រយោជន៍ និងលក្ខខណ្ឌល្អៗ ផ្តល់ក្តីសង្ឃឹមដល់ពួកគេសម្រាប់ថ្ងៃអនាគតផង និងទី3.កត្តាអតិថិជន គឺនៅពេលដែលយើងមានផលិតផលគុណភាពល្អ តម្លៃល្អ ហើយមានបុគ្គលិកធ្វើការបម្រើសេវាកម្មបានល្អហើយនោះ នឹងមានការគាំទ្រពីអតិថិជនមិនខាន។ បន្ទាប់ពីក្រុមហ៊ុនដំណើរការហើយ អ្វីដែលយើងត្រូវប្រយ័ត្នឱ្យបានខ្លាំងបំផុតនោះគឺ ប្រាក់ចំណូលដែលរកបាន គឺយើងត្រូវធ្វើការចាយវាយដោយប្រយ័ត្នបំផុត បើសិនជាចាយខុសខ្ទង់ណាមួយ អាចនឹងធ្វើឱ្យក្រុមហ៊ុនខាតបង់ ពេលនោះភាពបរាជ័យកាន់តែខឹតជិតមករកហើយ។
បើគេក្រឡេកទៅមើលអតីតកាលវិញ លោក ហួត ជា មិនមែនជាកូនអ្នកមានធូរធារនោះទេ ពោលគឺលោកជាកុមារកំព្រា គ្មានឪពុកហៅនឹងគេតាំងពីដឹងក្តីមក ដោយសារឪពុករបស់លោកបានបាត់បង់ជីវិតក្នុងសម័យប៉ុលពត ដែលធ្វើឱ្យខ្សែជីវិតលោក និងគ្រួសាររបស់លោករស់នៅជួបការលំបាកយ៉ាងខ្លាំង ជីវភាពគ្រួសារទាំងមូលត្រូវពឹងផ្អែកទៅលើជិវិតម្តាយជាស្ត្រីមេម៉ាយដែលគ្មានទ្រព្យអ្វីបន្សល់ទុកក្រៅពីបាតដៃទទេឡើយ។
កុមារ ហួត ជា ចាប់កំណើតនៅឆ្នាំ1980 ក្នុងភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្នុងចំណោមបងប្អូនប្រុស-ស្រីចំនួន 5នាក់ លោកគឺជាកូនពៅក្នុងគ្រួសារមួយដែលមានតែបាតដៃទទេដែលបន្សល់ទុកដោយសម័យប៉ុលពត។ រហូតដល់អាយុ 6ឆ្នាំ លោក ហួត ជា បានចាប់ផ្តើមចូលរៀនថ្នាក់ទី1 នៅក្នុងសាលាបឋមសិក្សាភ្ញីមាស ស្ថិតក្នុងភូមិ សៃវ៉ានោះ តែទោះជាកើតក្នុងគ្រួសារត្រកូលអ្នកក្រ គ្មានប្រាក់គ្រប់គ្រាន់ចាយវាយប្រចាំថ្ងៃដូចកូនគេអ្នកមានទ្រព្យក្តី ក៏កុមារា ហួត ជា មិនដែលខកខានទៅសាលាមួយថ្ងៃណាឡើយ ហើយបានខិតខំសិក្សារៀនសូត្រផង ខំដើររកជញ្ជាត់កូនត្រីកូនកំពឹសសម្រាប់យកមកធ្វើជាម្ហូបហូបប្រចាំថ្ងៃផង រហូតទទួលបានងារពីអ្នកភូមិថាជា “កូនឧស្សាហ៍” ទៀតផង។
ទោះជាកើតជាកូនកសិករក្រខ្សត់ មានជីវិតប្រឈមនឹងការបោះបង់ចោលការសិក្សាក៏ដោយ ក៏ប៉ុន្តែដោយសារតែការចង់ស្វែងរកចំណេះដឹងសម្រាប់ធ្វើជាប្រទីបបំភ្លឺជីវិត បំភ្លឺទាំងគ្រួសារផងនោះ បានធ្វើឱ្យកុមារ ហួត ជា ចាប់ផ្តើមពុះពារក្នុងឆាកជីវិត ពោលគឺ រៀនបានត្រឹមថ្នាក់ទី3 កុមារ ហួត ជាមានការដឹងក្តី ដឹងខុស ដឹងត្រូវ និងចាប់ផ្តើមចេះគិតគូរក្នុងជីវិតហើយ។ ពេលទំនេរពីការសិក្សាកុមារក្រីក្ររូបនេះមិនបានដើរលេងដូចកូនគេនៅក្នុងភូមិដទៃទៀតទេ ពោលគឺតែងឆ្លៀតពេលទំនេរទៅស៊ីឈ្នួលដកស្ទូងឱ្យអ្នកជិតខាង គ្រាន់បានប្រាក់ជួយសម្រាលទុក្ខលំបាកក្នុងក្រុមគ្រួសារ។ លោកមានប្រសាសន៏ថា “ក្រៅពីការងាររៀនសូត្រ ខ្ញុំបានទៅជួយឃ្វាលគោ មើលថែទាំដាក់ចំណីសត្វទា ស៊ីឈ្នួលដកសំណាប ស្ទូង ច្រូត នេះជាជីវិតពិតរបស់ខ្ញុំ ហើយរហូតដល់អាយុបាន 12ឆ្នាំ ខ្ញុំរុញរទេះដឹកទឹកលក់ឱ្យគេទៀត ដើម្បីយកលុយមកផ្គត់ផ្គង់ការសិក្សារៀនសូត្រ”។ ដោយសារមានការជួយជ្រោមជ្រែងពីម្តាយ ពីបងប្អូន និងអ្នកស្រុក-អ្នកភូមិដែលរស់នៅជិតខាង ធ្វើឱ្យកុមារ ហួត ជា តស៊ូសិក្សារៀនសូត្ររហូតដល់បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ជាស្ថាពរនៅក្នុងឆ្នាំ1998 ហើយបានបន្តមកដាក់ពាក្យប្រឡងចូលរៀននៅវិទ្យាស្ថានជាតិគ្រប់គ្រងក្នុងក្រុងភ្នំពេញដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះទៅជា មហាវិទ្យាល័យជាតិគ្រប់គ្រង។
ក្នុងនាមជាកូនអ្នកស្រែដែលគ្មានញាតិផៅនៅក្នុងទីក្រុង យុវជន ហួត ជា បានទៅរស់នៅក្នុងសំណង់អនាធិបតេយ្យក្នុងខ្ទមកញ្ចាស់មួយក្នុងសង្កាត់បឹងត្របែកធ្វើជាទីជម្រកស្នាក់នៅបណ្តោះអាសន្ន។ “ក្រោយពីបានកន្លែងស្នាក់អាស្រ័យហើយ ខ្ញុំគិតថាមានលំនឹងក្នុងខ្លួនបន្តិចហើយ ក៏ខំប្រឹងសិក្សាបណ្តើរ ស្វែងរកការងារធ្វើបណ្តើរ ហើយក៏រកបានការងារជាអ្នកបើកឡាននៅក្នុងក្រុមហ៊ុនមួយដែលនេះជាក្តីសង្ឃឹមថ្មីមួយដែលនាំមកនូវជោគជ័យក្នុងការសិក្សារៀនសូត្រ”។ នៅពេលប្រជុំម្តងៗលោកតែងបានឡើងបញ្ចេញមតិកែលម្អស្ថានភាពលក់របស់ក្រុមហ៊ុន រហូតដល់ប្រធានក្រុមហ៊ុនមើលឃើញ និងទទួលស្គាល់ថា លោកជាអ្នកមានសមត្ថភាពម្នាក់ និងមិនសមធ្វើជាអ្នកបើកឡានទៀតឡើយ ទើបបានទទួលការដំឡើងឋានៈឱ្យក្លាយជាបុគ្គលិកទីផ្សារក្នុងក្រុមហ៊ុននោះតែម្តង។ នោះហើយគឺជាចំណុចចាប់ផ្ដើមនៃការងារជាអ្នកទីផ្សារលើកដំបូងរបស់លោក។ បន្ទាប់ពីធ្វើការជាបុគ្គលិកទីផ្សារបានមួយរយៈមក លោកបានផ្លាស់ទៅក្រុមហ៊ុនមួយទៀតក្នុងតួនាទីជាប្រធានផ្នែកទីផ្សារវិញម្ដង។
បន្ទាប់ពីទទួលបានជោគជ័យក្នុងអាជីពជាអ្នកគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុនទាំងប៉ុន្មានខាងលើ និងដោយបានដឹងច្បាស់ថា ខ្លួនឯងមានបទពិសោធគ្រប់គ្រាន់ក្នុងការដឹកនាំក្រុមហ៊ុន ស្របពេលដែលវិស័យសំណង់កំពុងមានការរីកចម្រើននៅក្នុងប្រទេសផងនោះ លោកក៏បានសម្លឹងឃើញឱកាសនៅលើទីផ្សារកម្ពុជា។
នៅថ្ងៃទី1 ខែមករា ឆ្នាំ2010 លោកក៏បានបង្កើតដេប៉ូលក់គ្រឿងសម្ភារសំណង់ជាមួយនឹងទឹកប្រាក់ដើមទុនដ៏តិចតួចស្តួចស្តើងបំផុត ប៉ុន្តែមានការគាំទ្រខ្លាំងនៅលើទីផ្សារ។
ដោយសារមានការគាំទ្រខ្លាំងនេះហើយ ដែលធ្វើឱ្យក្រុមហ៊ុនរបស់លោកមានអតិថិជនកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ រហូតមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ក្នុងនោះក្រុមហ៊ុនរបស់លោកទទួលបានប័ណ្ណសរសើរពីក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនធំៗពីបរទេសថា ជាកំពូលអ្នកចែកចាយដ៏វៃឆ្លាតក្នុងចំណោមប្រទេស4 មានវៀតណាម កម្ពុជា ឡាវ និងថៃ ដែលប្រគល់ឱ្យដោយគណៈកម្មការចែកចាយផលិតផលក្នុងប្រទេសថៃនៅពីឆ្នាំ2011កន្លងទៅ ហើយបន្តទទួលបានប័ណ្ណសរសើរទាំងក្នុង និងក្រៅប្រទេសជាច្រើនថែមទៀត។
សម្រាប់ទស្សនវិស័យទៅថ្ងៃអនាគត ក្រុមហ៊ុនផ្គត់ផ្គង់សំណង់ក្នុងស្រុកមួយនេះ បានរៀបចំខ្លួនរួចជាស្រេចក្នុងការប្រកួតប្រជែងទីផ្សារជាមួយក្រុមហ៊ុនមកពីក្រៅប្រទេសទាំងឡាយ ហើយរំពឹងថានឹងពង្រីកសាខាឱ្យបានច្រើនដាច់គេទាំងនៅក្នុងប្រទេសកម្ពុជា ក្នុងការផ្គត់ផ្គង់សម្ភារសំណង់គ្រប់ប្រភេទទៅដល់អតិថិជន រួមទាំងសេវាកម្ម និងគុណភាព ឱ្យបានកាន់តែប្រសើរឡើងថែមទៀតផង៕