តារាចម្រៀងសំឡេងស្រទន់ ប្រចាំផលិតកម្មថោន កញ្ញាមាស សុខសោភា នៅពេលថ្មីៗនេះបានបង្ហាញដងខ្លួនក្នុងស្ថានភាពសិចស៊ីដ៏គួរឱ្យភ្ញាក់ផ្អើលទៀតហើយនៅលើអ៊ីនស្ដាក្រាម គ្រាដែលបានកម្សាន្ដនៅឆ្នេរសមុទ្រ ស្របពេលតារាសម្ដែងនិយមភាពសិចស៊ីជាច្រើនហាក់មានសភាពស្ងប់ស្ងាត់ក្នុងការបញ្ចេញរូបភាពសិចស៊ីរបស់ខ្លួនដើម្បីជាការទាក់ទាញប្រជាប្រិយភាពពីមហាជន ។
កន្លងមកធ្លាប់មានតារាសម្ដែងជាច្រើនបានយករូបភាពសិចស៊ីខ្លួនបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីទទួលបានចំណាប់អារម្មណ៍ពីមហាជន។ អ្វីដែលពួកគេបានប្រឹងប្រែងធ្វើឃើញថាពិតជាមានលទ្ធផលមែន ព្រោះក្រោយពេលដែលរូបភាពរបស់ពួកគេត្រូវបានចែកចាយបន្ដគ្នា ត្រូវបានមហាជនជាច្រើនស្គាល់ពួកគេកាន់តែច្បាស់ ដូចជាកញ្ញា វ៉ាន់ វល្ល័ក សេង សូណា និងដេនីក្វាន់ ជាដើម ប៉ុន្ដែក្រោយមកសកម្មភាពទាំងនោះក៏ត្រូវបានស្ងាត់ទៅវិញដោយសារតែក្រសួងពាក់ព័ន្ធបានចាត់ចំណាត់ការប្រមានទៅលើតារាទាំងនោះឱ្យរក្សាសេចក្ដីថ្លៃថ្នូរ និងវប្បធម៌ប្រពៃណីផងដែរ។
ដោយឡែកសម្រាប់រូបភាពសិចស៊ីរបស់កញ្ញា មាស សុខសោភា ប៉ុន្មានសន្លឹកនោះអ្នកគាំទ្ររបស់នាងជាច្រើនបាន ជឿថាគ្មានចេតនាក្នុងការបង្ហាញភាពសិចស៊ីទាក់ទាញប្រជាប្រិយភាពនោះទេ តែគ្រាន់តែជាការកម្សាន្ដ និងបង្អួតដងខ្លួនចំពោះឆ្នេរសមុទ្រដ៏ខៀវស្រងាត់តែប៉ុណ្ណោះ ព្រោះបើនិយាយពីកេរ្ដិ៍ឈ្មោះក្នុងសិល្បៈវិញ សម្រាប់នាងគឺល្បីសុះសាយទៅហើយ។
គួរបញ្ជាក់ថានេះមិនមែនជាលើកទីមួយទេដែលកញ្ញា មាស សុខសោភា លេចចេញនូវរូបភាពបែបសិចស៊ី ព្រោះកន្លងមកនាងធ្លាប់បង្ហោះរូបភាពសិចស៊ីបញ្ចេញដើមទ្រូងមូលក្លំឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយមកក៏ស្ងប់ស្ងាត់។ ប្រមាណជាកន្លះឆ្នាំមុនក៏លេចចេញរូបភាពនាងស្លៀកឈុតប៊ីគីនីដេកសំដិលខ្លួនយ៉ាងរំភើយនៅជិតអាងហែលទឹក និងលើកនេះរូបភាពនាងនៅមាត់សមុទ្រម្ដងទៀត។ ទោះយ៉ាងក៏ដោយ មាស សុខសោភា ធ្លាប់បានបកស្រាយអះអាងប្រាប់សារព័ត៌មានឡារ៉ែនថា ការស្លៀកពាក់សិចស៊ីរបស់នាង គឺមានទៅតាមកាលទេសៈ មិនមែនចេះតែសិចស៊ីគ្រប់ពេលនេះទេ ៕