Skip to content

មុនពេលប្រឡងបាក់ឌុបសូមមកមើលប្រការហាមឃាត់ដែលនាំឱ្យ​ប៉ះពាល់ដល់បេក្ខជន

​ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវបាន​រៀបចំយ៉ាងម៉ឺងម៉ាត់ ហេតុនេះ​ដើម្បីធានា​ឱ្យការប្រឡងដំណើរការដោយ​រលូន និងមានភាពយុត្តិធម៌ ក្រសួងអប់រំ យុវជន និងកីឡា បានចេញគោលការណ៍ហាមឃាត់មួយចំនួនដើម្បីបញ្ជាក់ប្រាប់ដល់បេក្ខជនប្រឡងឱ្យមានការប្រុងប្រយ័ត្នចំពោះពេលប្រឡង។

ប្រការ​ដែល​បេក្ខជន​មិន​ត្រូវ​អនុវត្ត​ក្នុង​ដំណើរ​ការ​សំណេរ​​​​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិរួមមាន៖
1- មិន​ត្រូវ​មក​ដល់​មណ្ឌល​ប្រឡង​ក្រោយ​ជួង​ទី​2 
2- មិន​ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​កង​ប្រដាប់​អាវុធ​ចូល​ក្នុង​មណ្ឌល​ប្រឡង 
3- មិន​ត្រូវ​យក​សៀវភៅ និង​សំណៅ​គ្រប់​រូបភាព​ចូល​ក្នុង​មណ្ឌល​ប្រឡង 
4- មិន​ត្រូវ​យក​ចូល​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​នូវ​អាវុធ ជាតិផ្ទុះ ទូរស័ព្ទ​ដៃ ឧបករណ៍ អេឡិចត្រូនិក​គ្រប់​ប្រភេទ សៀវភៅ សំណៅ​ឯកសារ ប្រដាប់​គិត​លេខ នាឡិកា​ដៃ​​ដែល​មាន​ប្រដាប់​គិត​លេខ កាតាប កាបូប​យួរ​ដៃ ថង់ សំពៀត កញ្ចប់​ផ្សេងៗ និង​ទឹក​លុប​ពណ៌ស
5- មិន​ត្រូវ​ចូល​ក្នុង​បន្ទប់​ប្រឡង មុន​ពេល​អនុរក្ស​ហៅ​ឈ្មោះ 
6- មិន​ត្រូវ​ប្រើ​ពាក្យ​សំដី អាកប្ប​កិរិយា​មិន​សមរម្យ​ក្នុង​មណ្ឌល​ប្រឡង ឬ​បង្ក​ជម្លោះ​នៅ​ក្នុង​មណ្ឌល​ប្រឡង ឬ​ក្នុង​បន្ទប់​ប្រឡង ដោយ​គំរាម​កំហែង​លើ​បេក្ខជន​ដទៃ 
7- មិន​ត្រូវ​បដិសេធ ប្រឆាំង​តបត ឬ​បង្ក​បាតុភាព​ដោយ​ពាក្យ​សំដី ដោយ​កាយវិការ ចំពោះ​ការ​ត្រួតពិនិត្យ របស់​អ្នក​មាន​សមត្ថកិច្ច ឬ​មេប្រយោគ​ក្នុង​ការ​ពិនិត្យ ស្រាវជ្រាវ​រើ​រក​សំណៅ​ឯកសារ និង​សម្ភារ​ផ្សេងៗ ដែល​ត្រូវ​ហាមឃាត់ មិន​ឱ្យ​យក​ចូល​ក្នុង​មណ្ឌល​ប្រឡង 
8- មិន​ត្រូវ​ធ្វើ​ចម្លើយ​វិញ្ញាសា នៅ​លើ​សន្លឹក​កិច្ចការ​ណា ដែល​គ្មាន​ហត្ថលេខា​របស់​អនុរក្ស 
9- មិន​ត្រូវ​ចម្លង​ប្រធាន​វិញ្ញាសា​ចូល​ក្នុង​ក្រដាស​ដទៃ និង​មិន​ត្រូវ​បោះ​ប្រធាន​វិញ្ញាសា​ចេញ​ក្រៅ​បន្ទប់​ប្រឡង​ឡើយ 
10- មិន​ត្រូវ​ងើប​ឈរ ងាកឆ្វេង-ស្ដាំ អើត​ឈ្ងោក​ទៅ​មុខ បែរ​ទៅ​ក្រោយ ឬ​ដើរ​ចេញ​ពី​កន្លែង​អង្គុយ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អនុរក្ស។ មិន​ត្រូវ​សរសេរ​កិច្ចការ​ហើយ​អាន​ខ្លាំងៗ ឮ​ដល់​អ្នក​ជិត​ខាង ឬ​ឆក់​អូសទាញ​យក​សន្លឹក​កិច្ចការ​របស់​អ្នកដទៃ​ដាក់​ពី​មុខ ឬ​ដាក់​ពី​ក្រោម​សន្លឹក​កិច្ចការ​របស់​ខ្លួន​ឡើយ 
11- មិន​ត្រូវ​ប្ដូរ​គ្នា​នូវ​សន្លឹក​កិច្ចការ ឬ​ក្រដាស​ព្រាង ឬ​ផ្ទៀងផ្ទាត់​ចម្លើយ ឬ​ចម្លង​គ្នា និង​មិន​ត្រូវ​ដាក់​សន្លឹក​កិច្ចការ​ឆ្ងាយ​ពី​មុខ​របស់​ខ្លួន បង្ក​ឱ្យ​អ្នក​ដទៃ​មើល ឬ​អូស​ឆក់​យក​បាន 
12- មិន​ត្រូវ​ធ្វើ​សញ្ញា​សម្គាល់​លើ​សន្លឹក​កិច្ចការ ដើម្បី​ធ្វើ​ឱ្យ​សម្គាល់​អាគតដ្ឋាន​របស់​ខ្លួន ដូច​ជា​សរសេរ អក្សរ​ប្លែក​ពី​តួអក្សរ​ទាំងអស់​ក្នុង​កិច្ចការ ធ្វើ​សញ្ញា​ផ្សេងៗ ឬ​គូស​បន្ទាត់​ខុស​ប្រក្រតី ឬ​លុប​នឹង​ទឹក​ស ឬ​សរសេរ​រំលង​បន្ទាត់​ជា​ដើម
13- មិន​ត្រូវ​លាក់ ឬ​ហែក​សន្លឹក​កិច្ចការ​របស់​ខ្លួន និង​មិន​ត្រូវ​ហែក ឬ​លាក់​សន្លឹក​កិច្ចការ​អ្នកដទៃ
14- មិន​ត្រូវ​បំផ្លាញ ឬ​ធ្វើ​ឱ្យ​ខូចខាត​សម្ភារៈ​នៅ​ក្នុង​បន្ទប់​ប្រឡង ដូចជា​ដោះ​ទ្វារ បង្អួច ធ្វើ​ឱ្យ​របើក​ជញ្ជាំង​ក្ដារ ធ្វើ​ឱ្យ​បាក់បែក​តុ កៅអី ឬ​ក្ដារខៀន​ជាដើម 
15- មិន​ត្រូវ​ឱ្យ​អ្នកដទៃ​ប្រឡង​ជំនួស ឬ​សរសេរ​បំពេញ​បន្ថែម ​លើ​សន្លឹក​កិច្ចការ​របស់​ខ្លួន​ជា​ដាច់​ខាត
16- មិន​ត្រូវ​ប្រើ​ពាក្យ​សំដី និង​អាកប្បកិរិយា ដែល​នាំ​ឱ្យ​ខូច​សណ្ដាប់ធ្នាប់ ​របៀបរៀបរយ​នៃ​ការ​ប្រឡង​ឬ​ប៉ះពាល់​ដល់​កិត្តិយស​របស់​មេប្រយោគ។

Leave a Reply

Your email address will not be published. Required fields are marked *