ដោយមើលឃើញថា កម្ពុជាបានចំណាយប្រមាណ 200 ទៅ400លានដុល្លារក្នុង1ឆ្នាំដើម្បីទិញបន្លែពីប្រទេសជិតខាង ហើយតម្លៃអាហារមិនអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន រាជរដ្ឋាភិបាលកម្ពុជានឹងចំណាយថវិកាចំនួន28ប៊ីលានរៀលបង្កើតគម្រោងផលិតកម្មស្បៀងនេះឡើង។
កញ្ញាបណ្ឌិត ចាន់ ផលលឿន អគ្គនាយិការងនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា កន្លងមកដៃគូអភិវឌ្ឍន៍នានា ភាគច្រើនផ្តោតលើកសិករខ្នាតតូច និងគ្មានភាពប្រទាក់ក្រឡាគ្នា ហើយការផលិតពូជស្រូវសុទ្ធ និងការប្រើប្រាស់ពូជស្រូវសុទ្ធសម្រាប់ផលិតកម្ម និងការកែច្នៃ ពិសេសពូជស្រូវក្រអូបដែលមានតម្លៃខ្ពស់លើទីផ្សារនាំចេញនៅមានកម្រិត ទើបរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តគម្រោងជំរុញផលិតកម្មស្បៀងនេះឡើង។
កញ្ញាបណ្ឌិត បានបន្តថាក្នុងការអនុវត្តគម្រោងឆ្នាំ2018នេះ ក្រសួងគ្រោងចំណាយថវិកា28.706.658.000រៀល (ម្ភៃប្រាំបីប៊ីលាន ប្រាំពីររយប្រាំមួយលានប្រាំមួយរយហាសិបប្រាំបីពាន់រៀល)ក្នុងនោះឧបត្ថម្ភធនដោយផ្ទាល់ដល់កសិករផលិតបន្លែចំនួន 1.888.000.000រៀល(មួយប៊ីលាន ប្រាំបីរយប៉ែតសិបប្រាំបីលានរៀល) និងឧបត្ថម្ភធនដោយផ្ទាល់ដល់ស្ថានីយផលិតពូជស្រូវ និងសហគមន៍កសិកម្មផលិតពូជស្រូវ និងស្រូវហូបចំនួន 11.700.000.000រៀល(ដប់មួយប៊ីលាន ប្រាំពីររយលានរៀល)។
គម្រោងនេះនឹងបន្តធ្វើលទ្ធកម្មហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រផ្នែកបន្លែ ស្រូវផ្តល់ការបណ្តុះបណ្តាលគ្រូបង្គោល និងបច្ចេកទេសដល់ក្រុមផលិត និងសហគមន៍កសិកម្មគាំទ្រដល់ក្រុមផលិតបន្លែបន្ថែម និងកសិករដែលកំពុងសហការជាមួយគម្រោង បន្តជួយគាំទ្រដល់សហគមន៍ផលិតពូជស្រូវក្រអូប បន្តជួយគាំទ្រសហគមន៍ផលិតស្រូវហូប បង្កើតសហគមន៍ថ្មីៗដើម្បីគាំទ្រផលិតកម្មស្បៀងបន្តគាំទ្រផ្នែកទីផ្សារដល់កសិករផលិតបន្លែ និងសហគមន៍ផលិតស្រូវពូជនិងស្រូវហូប និងសម្រាប់ផ្តល់ការបណ្តុះបណ្តាលពិសោធន៍ស្រាវជ្រាវ និងចងក្រងឯកសារបច្ចេកទេសលើដំណាំកសិកម្ម។
លោក ប៊ុន ទួនស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តកណ្តាល បានប្រាប់ឱ្យដឹងថា សម្រាប់គម្រោងជំរុញផលិតកម្មស្បៀងរយៈពេល3ឆ្នាំ(2016-2018) ដែលអនុវត្តសម្រាប់ខេត្តចំនួន11 ដែលក្នុងនោះមានខេត្តកណ្តាលផងដែរនោះ ទូទាំងខេត្តមានស្រុកចំនួន6 ដែលបានអនុវត្តផ្តោតលើផលិតកម្មបន្លែ និងផលិតកម្មស្រូវក្រអូប ហើយកាលពីឆ្នាំ2017មន្ទីរបានចងក្រងក្រុមកសិករផលិតបន្លែសុវត្ថិភាពបានចំនួន 14ក្រុម ស្មើនឹង184គ្រួសារ។
រីឯផ្នែកផលិតកម្មស្រូវពូជមាន 1សហគមន៍ដែលមានផ្ទៃដីផលិត 30,1ហិកតា មានសមាជិក 31នាក់ និងផលិតបាន120តោនហើយផលិតកម្មស្រូវហូបមាន 2សហគមន៍ ស្មើនឹង 50គ្រួសារ និងមានផ្ទៃដី67ហិកតា ដែលទទួលបានផល 284តោនជាស្រូវសែនក្រអូប។ ចំណែកក្នុងឆ្នាំ2018នេះ យើងបានជ្រើសរើសចងក្រង និងគាំទ្រក្រុមផលិតបន្លែចំនួន 13ក្រុមមានសមាជិក 2013គ្រួសារបន្ថែមទៀត ពង្រីកសមាជិកសហគមន៍ស្រូវពូជបន្ថែមចំនួន 17នាក់ ពង្រីកផ្ទៃដីចំនួន 25ហិកតាបន្ថែម និងពង្រីកសមាគមស្រូវហូបបន្ថែមបានចំនួន2 ស្មើនឹង 481គ្រួសារ និងពង្រីកផ្ទៃដីបន្ថែមចំនួន 658,82ហិកតា៕