ក្រសួងពាណិជ្ជកម្មកម្ពុជាកំពុងស្វែងរកជំនួយពីប្រទេសជប៉ុនដើម្បីកែលម្អផលិតផលដែលផលិតដោយសហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានស្នើសុំឱ្យជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីបង្កើនគុណភាពផលិតផលក្នុងស្រុកឱ្យមានគុណភាពស្តង់ដារដូចរបស់ជប៉ុន ដែលអាចបំពេញតម្រូវការក្នុងស្រុក ឬត្រូវបាននាំចេញទៅប្រទេសជប៉ុនបាន។ នេះបើតាមការឱ្យដឹងក្រោយពីជំនួបរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយលោក Miyao Masahiro ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro) )Japan External Trade Organization។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា៖ “ប្រទេសកម្ពុជាត្រូវការវិនិយោគិនជប៉ុនដើម្បីសហការជាមួយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកក្នុងការអភិវឌ្ឍខ្សែចង្វាក់តម្លៃផលិតផលមួយចំនួនឱ្យមានគុណភាពខ្ពស់ និងមានស្តង់ដារបែបជប៉ុនសំដៅឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុកដែលអាចត្រូវបានដាក់លក់នៅផ្សារទំនើបអុីអន និងនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន”។
ជាការឆ្លើយតបទៅនឹងសំណើរបស់លោករដ្ឋមន្ត្រី លោក Masahiro បានសន្យាថា នឹងលើកកម្ពស់អាជីវកម្មSME របស់ប្រទេសកម្ពុជាដោយការនាំយកទៅផ្សព្វផ្សាយនៅក្នុងប្រទេសជប៉ុន និងជំរុញឱ្យក្រុមហ៊ុនជប៉ុនមកវិនិយោគក្នុងវិស័យSME នៅកម្ពុជា។ លោកក៏បានសន្យាផងដែរថា នឹងខិតខំផ្សព្វផ្សាយអំពីឱកាស និងសក្តានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជាដល់សហគមន៍ធុរកិច្ចនៅក្នុងប្រទេសជប៉ុនដើម្បីកៀងគរវិនិយោគិនជប៉ុនឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើនលើវិស័យSME និងវិស័យអាទិភាពផ្សេងៗរបស់កម្ពុជាសំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនបានកើនឡើងក្នុងអំឡុងពេល 3ខែដំបូងនៃឆ្នាំ2018ដោយឈានដល់ 390លានដុល្លារកើនឡើង15ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ យោងតាមតួលេខពីអង្គការJetro ការនាំចូលពីជប៉ុនបានធ្លាក់ចុះ1,7ភាគរយ មកនៅត្រឹម 87,3លានដុល្លារដោយបង្កើនឱនភាពពាណិជ្ជកម្មជាមួយប្រទេសជប៉ុន។
លោក សៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់កាសែតឡារ៉ែនតាមទូរស័ព្ទថា ក្នុងគោល-បំណងជាសំខាន់នៃជំនួបជាមួយភាគីជប៉ុន (Jetro) នោះ គឺកម្ពុជាចង់ឱ្យលោក Masahiro ធ្វើជាតំណាងថ្មីបន្តការងារក្នុងស្ថានភាពសហការគ្នាក្នុងឥរិយាបថដដែល ដោយក្រសួងបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ ដោយបន្តផ្តល់ការគាំទ្រគ្រប់បែបយ៉ាងជូនវិនិយោគិនជប៉ុនដែលមានបំណងបណ្តាក់ទុនធ្វើពាណិជ្ជកម្ម និងនៅតែបន្តជួយសម្រួលវិនិយោគិនជប៉ុនក្នុងការចុះបញ្ជីក្រុមហ៊ុន ការពង្រីកធុរកិច្ច និងការវិនិយោគរវាងកម្ពុជា-ជប៉ុន នៅក្នុងប្រទេសកម្ពុជា។
លោកបានបន្តថា៖“ជាពិសេសក្នុងការដែលឱ្យជប៉ុនជួយក្នុងវិស័យSME គឺជំរុញក្នុងការលើកកម្ពស់ស្តង់ដារផលិតកម្មតាមមធ្យោបាយណាក៏ដោយ ដែលមានគុណភាពខ្ពស់ និងស្តង់ដារបែបជប៉ុនសំដៅឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុកផង និងអាចនាំចេញទៅកាន់ទីផ្សារក្រៅស្រុកផងដែរ”។ ការនាំចេញទៅកាន់ទីផ្សារក្រៅស្រុកបានច្រើន ជាការទទួលខុសត្រូវរបស់ក្រសួងពាណិជ្ជកម្ម ព្រោះការដែលនាំចេញផលិតផលបានកាន់តែច្រើន ជាចរន្តនៃលំហូរទំនិញរបស់ភាគីទាំងពីរ នាំមកនូវកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេស។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ជាមួយនឹងគម្រោងដែលបានចុះបញ្ជីជាង130គម្រោងដែលបានវិនិយោគក្នុងវិស័យធនាគារ វិស័យអចលនទ្រព្យ វិស័យឧស្សាហកម្ម សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យជាច្រើនមុខផ្សេងទៀត ធ្វើឱ្យការវិនិយោគរបស់ជប៉ុននៅក្នុងព្រះរាជាណាចក្រកម្ពុជាមានតម្លៃ 1.6 ប៊ីលានដុល្លារក្នុងឆ្នាំ2017៕