មនុស្សជាច្រើនមានការព្រួយបារម្ភពីផលវិបាកនៃការរកមិនឃើញខ្លួនឯង មិនស្គាល់ពីខ្លួនឯង ឬមិនដឹងថាខ្លួនឯងពូកែលើផ្នែកណាមួយឱ្យពិតប្រាកដ ដែលជាហេតុធ្វើឱ្យវាក្លាយជាឧបសគ្គនៃការអភិវឌ្ឍអាជីពការងារ និងអាជីវកម្មរបស់ខ្លួន។ ដោយមើលឃើញពីបញ្ហារបស់មនុស្សពាក់ព័ន្ធនឹងបញ្ញា និងសមត្ថភាពនេះ លោកបណ្ឌិត Howard Gardner អ្នកប្រាជ្ញចិត្តវិទ្យាផ្នែកអប់រំ ជនជាតិអាមេរិកដ៏ល្បីល្បាញ បានធ្វើការសិក្សាស្រាវជ្រាវរហូតបង្កើតបានជាឯកសារយ៉ាងមានសារៈសំខាន់មួយគឺទ្រឹស្តីពហុបញ្ញា (Theory of Multiple Intelligences)។
លោក Howard Gardner បានក្លាយជានាយកនៃកម្មវិធីមួយរបស់សាកលវិទ្យាល័យ Harvard ដែលមានឈ្មោះថា Harvard Project Zero តាំងពីឆ្នាំ 1995 និងបានបោះពុម្ពផ្សាយសៀវភៅ Frame of Mind: The Theory of Intelligences នៅក្នុងឆ្នាំ 1983 ដែលសៀវភៅនោះនិយាយពីបញ្ញាទាំង 8 របស់មនុស្សនៅលើពិភពលោក។
នៅក្នុងបញ្ញាសំខាន់ៗទាំង 8 ដែលលោក Howard Gardner បានរកឃើញរួមមាន៖
១. បញ្ញាផ្នែកភាសា
បញ្ញាប្រភេទនេះគឺសម្គាល់ទៅលើសមត្ថភាពក្នុងការនិយាយ សរសេរ និងការប្រើប្រាស់ភាសាបានល្អ។ មនុស្សប្រភេទដែលមានបញ្ញាខាងផ្នែកភាសា ភាគច្រើនជាអ្នកដែលអាចវិភាគពីភាសា ងាយយល់ស៊ីជម្រៅពីប្រភពនៃភាសា រួមទាំងមានសមត្ថភាពចងចាំនូវអ្វីដែលគេបានអាន ក៏ដូចជាការប្រើប្រាស់ភាសាដើម្បីបង្ហាញពីអ្វីមួយបានយ៉ាងល្អ។ អ្នកដែលមានសមត្ថភាពប្រភេទនេះ សមជាមួយនឹងអាជីពជាអ្នកនិពន្ធ អ្នកសារព័ត៌មាន កវី មេធាវី ឬជាវាគ្មិនសាធារណៈជាដើម។
២. បញ្ញាផ្នែកតក្កវិទ្យា និងគណិតវិទ្យា
សមត្ថភាពនេះគឺជាសមត្ថភាពក្នុងការវិភាគ និងដោះស្រាយបញ្ហាប្រកបដោយភាពជាក់លាក់ និងច្បាស់លាស់ដូចជាក្បួនគណិតវិទ្យាដែលចែងមកយ៉ាងច្បាស់ថា 1+1=2 ដូច្នោះដែរ។ អ្នកដែលមានសមត្ថភាពប្រភេទនេះភាគច្រើនជាមនុស្សដែលមានការគិតស៊ីជម្រៅ ពូកែអង្កេត ហើយមើលធ្លុះដល់រឿងរ៉ាវទាំងឡាយដែលជាក់លាក់នៅពីក្រោយរឿងណាមួយដែលមនុស្សដទៃពិបាកយល់ និងគំនិតបង្កើតថ្មីដោយប្រើមូលដ្ឋាននៃគណិតវិទ្យា ឬភាពជាក់លាក់ណាមួយនៃរូបមន្ត។ អ្នកដែលពូកែផ្នែកនេះ ភាគច្រើនជាអ្នកវិទ្យាសាស្រ្ត ឬអ្នកគណិតសាស្រ្តជាដើម។
៣. បញ្ញាផ្នែកតន្ត្រី
សមត្ថភាពប្រភេទនេះ ជាសមត្ថភាពក្នុងការយល់ដឹងស៊ីជម្រៅទៅលើភ្លេង ការប្រគំតន្ត្រី ការតែងនិពន្ធ ឬវិភាគ និងច្នៃប្រឌិតតន្ត្រី។ មនុស្សប្រភេទនេះភាគច្រើនជាមនុស្សដែលចូលចិត្តស្តាប់ ហើយអាចញែកបានល្អនូវសំឡេង និងរហូតអាចដឹងថាអ្នកណាម្នាក់កំពុងលេងខុសចង្វាក់ពេលប្រគំតន្ត្រីដែលមានឧបករណ៍ចម្រុះថែមទៀតផង។ អាជីពដែលស័ក្តិសមជាមួយពួកគេគឺ តន្ត្រីករ អ្នកនិពន្ធបទភ្លេង និងអ្នកបង្រៀនតន្ត្រី។
៤. បញ្ញាផ្នែករាងកាយ និងចលនា
សមត្ថភាពប្រភេទនេះ ផ្តោតទៅលើភាពខ្លាំងពូកែផ្នែករាងកាយ និងការធ្វើចលនាបត់បែនដែលមនុស្សដទៃទៀតពិបាកធ្វើ។ មនុស្សដែលមានសមត្ថភាពប្រភេទនេះ ភាគច្រើនជាអ្នកដែលពូកែរាំ ពូកែក្បាច់គុន ពូកែសម្រាលខ្លួន ឬស្រឡាញ់ការធ្វើចលនាផ្នែករាងកាយ។ អាជីពដែលសមជាមួយនឹងអ្នកដែលមានបញ្ញាប្រភេទនេះភាគច្រើនជាកីឡាករ អ្នករាំរបាំ អាចជាអ្នកសម្តែង និងអ្នកកាយសម្ព័ន្ធជាដើម។
៥. បញ្ញាក្នុងការស្មានពីទ្រង់ទ្រាយក្នុងលំហ
បញ្ញាប្រភេទនេះ ជាសមត្ថភាពក្នុងការមើល ចងចាំពីទ្រង់ទ្រាយ ប្រវែងលម្អិត និងភាពលម្អិតនៃវត្ថុណាមួយក្នុងលំហ។ អ្នកដែលមានសមត្ថភាពប្រភេទនេះភាគច្រើនអាចចម្លង អាចគូររូបភាពស្មុគស្មាញ ឬអាចច្នៃប្រឌិតនូវគម្រោងស្ថាបត្យកម្មបានយ៉ាងល្អ។ អាជីពដែលសមជាមួយនឹងអ្នកដែលមានបញ្ញាប្រភេទនេះអាចជាវិចិត្រករ ស្ថាបត្យករ និងអ្នកជំនាញផ្នែកធរណីមាត្រជាដើម។
៦. បញ្ញាផ្នែកទំនាក់ទំនងបុគ្គល ឬការស្វែងយល់ពីចិត្តអ្នកដទៃ
បញ្ញាប្រភេទនេះ ជាសមត្ថភាពក្នុងការយល់ដឹងពីមនុស្ស ហើយក៏ជាបញ្ញាដែលអាចជំរុញទឹកចិត្ត និងទំនាក់ទំនងជាមួយមនុស្ស។ មនុស្សដែលមានបញ្ញាផ្នែកនេះភាគច្រើនជាមនុស្សដែលអាចអប់រំគេបានល្អ មានប្រជាប្រិយភាព រួមទាំងជាមនុស្សដែលអាចដឹកនាំក្រុមបានល្អ។ អាជីពសម្រាប់អ្នកមានបញ្ញាប្រភេទនេះភាគច្រើនជាអ្នកអប់រំ អ្នកផ្សព្វផ្សាយសាសនា អ្នកលក់ អ្នកនយោបាយ និងអាជីពជាទីប្រឹក្សា រួមទាំងអាជីពនានាពាក់ព័ន្ធនឹងទំនាក់ទំនងមនុស្សផងដែរ។
៧. បញ្ញាក្នុងការស្គាល់ខ្លួនឯង
សមត្ថភាពនេះ គឺផ្តោតលើភាពឆ្លាតវៃផ្នែកស្គាល់ពីខ្លួនឯង ដឹងពីអារម្មណ៍ខ្លួនឯង រួមទាំងចេះគ្រប់គ្រងខ្លួនឯងបានល្អ។ មនុស្សដែលពូកែផ្នែកនេះភាគច្រើនចូលចិត្តចំណាយពេលវេលាដើម្បីគិតពីខ្លួនឯង ហើយប្រើខ្លួនឯងជាគោលដើម្បីប្រើប្រាស់ជាគំរូក្នុងការទាក់ទង ឬស្វែងយល់ពីអ្នកដទៃ។ អាជីពដែលសមជាមួយនឹងបុគ្គលដែលមានបញ្ញាផ្នែកនេះអាចជាចិត្តវិទូ ទស្សនវិទូ អ្នកនិពន្ធ និងអាជីពដទៃទៀតដែលត្រូវការភាពស្ងប់ស្ងាត់ ឬប្រើអារម្មណ៍ច្រើន។
៨. បញ្ញាផ្នែកធម្មជាតិ
បញ្ញាប្រភេទនេះ ផ្តោតអារម្មណ៍ដែលយល់ច្បាស់ពីធម្មជាតិ ស្រឡាញ់ការរស់នៅបែបធម្មជាតិ យល់ពីសត្វ និងអាចរុករកព័ត៌មាននានាបានល្អពីធម្មជាតិ។ មនុស្សដែលពូកែផ្នែកនេះតែងតែចូលចិត្តការដើរមើលធម្មជាតិ ការផ្សងព្រេងក្នុងព្រៃ ថតរូបសត្វ ឬចង់ស្វែងយល់ពីអាថ៌កំបាំងនៃធម្មជាតិ។ អាជីពដែលសមជាមួយនឹងមនុស្សប្រភេទនេះគឺពេទ្យសត្វ អ្នកឃ្លាំមើលធម្មជាតិ ឬអ្នកស្រាវជ្រាវធម្មជាតិ៕