ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានឈ្នះពាន World Cup ជាលើកទី២ តាមរយៈការបញ្ចប់ក្តីសុបិនរបស់ក្រុមជម្រើសជាតិក្រូអាស៊ី នៃការលើកពានជាលើកទី១ តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៤-២ កាលពីថ្ងៃអាទិត្យ ក្នុងការប្រកួតមួយក្នុងចំណោមការប្រកួតដ៏រំភើបបំផុតក្នុងវគ្គផ្តាច់ព្រ័ត្រ សម្រាប់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។
បារាំង បាននាំមុខ ២-១ នៅត្រឹមតង់ទី១ ក្រោយពីការធ្វើឲ្យបាល់ចូលទីខ្លួនឯងពីខ្សែប្រយុទ្ធ Mario Mandzukic និងការស៊ុតបាល់ប៉េណាល់១គ្រាប់ពី Antoine Griezmann ដែលត្រូវបានផ្តល់ឲ្យដោយវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ខណៈដែល Ivan Perisic បានតាមស្មើវិញក្នុងរយៈពេលដ៏ខ្លីសម្រាប់ក្រុមជម្រើសជាតិក្រូអាស៊ី។ គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អពីសំណាក់ខ្សែបម្រើ Paul Pogba និងខ្សែប្រយុទ្ធ Kylian Mbappe នៅពាក់កណ្តាលតង់ទី២ បានជួយឲ្យបារាំង ស្ថិតនៅផ្លូវឆ្ពោះទៅកាន់ការលើកពាន Mandzukic បានវាយបក១គ្រាប់ទៀតដោយសារតែការធ្វេសប្រហែសរបស់អ្នកចាំទី Hugo Lloris ដើម្បីបង្កើតឲ្យមានការរន្ធត់ចិត្តក្នុងរយៈពេល២០នាទីចុងក្រោយ។
ទោះបីជាយ៉ាងណា បារាំង បានរារាំងការវាយសម្រុកយ៉ាងល្អរបស់ក្រូអាស៊ី ដើម្បីលើកពាន World Cup ជាលើកទី២ ក្រោយពីការឈ្នះពានជាលើកទី១របស់ពួកគេនៅលើទឹកដីខ្លួនឯងកាលពី២០ឆ្នាំមុន និងមិនបណ្តោយឲ្យមានការខកចិត្តជាលើកទី២កាលពី២ឆ្នាំមុន ដែលនៅពេលនោះពួកគេបានរងបរាជ័យក្នុងព្រឹត្តិការណ៍ Euro វគ្គផ្តាច់ព្រ័ត្រ ក្រោមស្នាដៃក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅទីក្រុងប៉ារីស។ ក្រោយពីត្រូវបានលើកបោះចុះឡើងដោយកីឡាកររបស់លោកបន្ទាប់ពីការប្រកួតក្រោមដំណក់ទឹកភ្លៀង លោក Didier Deschamps គ្រូបង្វឹករបស់បារាំង បានឲ្យដឹងថា៖ «ពិតណាស់អស្ចារ្យណាស់។ វាជាក្រុមវ័យក្មេងមួយដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលលលើពិភពលោក។ ម្ចាស់ជើងឯកខ្លះមានវ័យត្រឹមតែ១៩ឆ្នាំប៉ុណ្ណោះ»៕
ប្រភពពី៖ Reuters