ឃ្លាំងស្តុក និងឡសម្ងួតស្រូវចំនួន2 ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នៅក្នុងខេត្ត2 ផ្សេងគ្នា គឺខេត្តបាត់ដំបង និងខេត្តកំពង់ធំ ដែលឃ្លាំងស្តុកស្រូវ និងឡសម្ងួតទាំង2 នេះនឹងជួយដល់ប្រជាកសិករបានច្រើនក្នុងរដូវប្រមូលផលស្រូវខាងមុខនេះ។
ទី1-ឃ្លាំងស្តុកស្រូវចំនួន 5ម៉ឺនតោន និងឡសម្ងួតស្រូវដែលមានសមត្ថភាពសម្ងួតបាន1,500តោនក្នុងមួយថ្ងៃដែលធំជាងគេនៅក្នុងខេត្តកំពង់ធំ ស្ថិតក្រោមគម្រោងវិនិយោគពិសេសក្នុងទម្រង់ជាបំណុលរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍(ខេមបូឌា) ខូអិលធីឌី តាមរបៀប“សាងសង់ប្រតិបត្តិការ-និងទូទាត់សំណង”(B.O.P.=Build, operate, and pay compensation)ក្នុងតម្លៃសរុបចំនួន 5លានដុល្លារអាមេរិកត្រូវបានដាក់ឱ្យដំណើរការនៅក្នុងខេត្តកំពង់ធំ។
ទី2-ឃ្លាំងស្តុកស្រូវដែលអាចស្តុកស្រូវបាន20ម៉ឺនតោន និងឡសម្ងួតដែលមានសមត្ថភាពសម្ងួតស្រូវបាន 3ពាន់តោនក្នុង1ថ្ងៃ ដែលជាឃ្លាំងស្តុកស្រូវ និងឡសម្ងួតខ្នាតធំជាងគេនៅកម្ពុជាស្ថិតក្រោមគម្រោងវិនិយោគពិសេសក្នុងទម្រង់ជាបំណុលរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយក្រុមហ៊ុនធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី តាមរបៀប“សាងសង់-ប្រតិបត្តិការ-និងទូទាត់សំណង” (B.O.P) ក្នុងតម្លៃសរុបចំនួន 15លានដុល្លារអាមេរិកត្រូវបានដាក់ឱ្យដំណើរការនៅក្នុងខេត្តបាត់ដំបង។
លោក រស់ សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា៖ “ឃ្លាំងស្តុកស្រូវរបស់ក្រុមហ៊ុន អេមរុរ៉ាយស៍ (ខេមបូឌា) ខូអិលធីឌី គឺជាសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលសម្រាប់ជាមជ្ឈមណ្ឌលប្រមូលទិញស្រូវ និងកិនកែច្នៃស្រូវ-អង្ករដែលមានលទ្ធភាពប្រមូលទិញស្រូវមួយភាគធំនៅក្នុងតំបន់ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ពិតជារួមចំណែកយ៉ាងមានប្រសិទ្ធភាពដើម្បីដោះស្រាយបញ្ហាកង្វល់របស់កសិករ ជាពិសេសការធ្លាក់ចុះនៃតម្លៃស្រូវដោយគ្មានហេតុផល”។
លោកបន្តថា យន្តការអន្តរាគមន៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញជាបន្តបន្ទាប់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ជាប្រតិបត្តិការអនុវត្តគម្រោងឃ្លាំងស្តុក និងឡសម្ងួតស្រូវដែលនឹងបង្កើនការប្រមូលទិញស្រូវក្នុងបរិមាណច្រើន និងងាយស្រួលក្នុងការគ្រប់គ្រងស្តុកស្រូវនៅក្នុងតំបន់សំខាន់ៗ និងធ្វើឱ្យតម្លៃស្រូវរបស់កសិករល្អប្រសើរឡើងទៀតផង ជាពិសេសតម្លៃស្រូវសែនក្រអូបបានកើនឡើងដល់ប្រមាណ 1,200រៀល/គីឡូក្រាមនារដូវប្រមូលផលឆ្នាំ2017-2018 បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុនដែលបានប្រមាណតែ 900រៀល/គីឡូក្រាមប៉ុណ្ណោះ។
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ RDB(Rulral Development Bank of Cambodia)បានបញ្ជាក់ថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ បានធ្វើការទម្លាក់ឥណទានជាបន្តបន្ទាប់ដល់ក្រុមហ៊ុនប្រមូលទិញស្រូវ និងរោងម៉ាស៊ីនកិនស្រូវដើម្បីធ្វើការទិញស្រូវពីបងប្អូនប្រជាកសិករតាមតម្លៃទីផ្សារ ហើយតាមរយៈយន្តការនេះបានធ្វើឱ្យទីផ្សារស្រូវ និងតម្លៃស្រូវរបស់បងប្អូនមានស្ថិរភាព និងមានតម្លៃតាមស្តង់ដារឡើងវិញ។ ទន្ទឹមនេះ ដើម្បីដោះស្រាយលើបញ្ហាឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវខ្នាតធំ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការអន្តរាគមន៍ពិសេសក្នុងទម្រង់ជាបំណុល ដោយអនុញ្ញាតឱ្យវិស័យឯកជនទទួលគម្រោងធ្វើប្រតិបត្តិការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្រូបយកស្រូវរបស់បងប្អូននៅក្នុងតំបន់។
លោកសុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍បានថ្លែងប្រាប់ឡារ៉ែនថា ការដែលឃ្លាំងស្តុក និងឡសម្ងួតស្រូវនៅខេត្តកំពង់ធំមានទំហំតូចជាងឡសម្ងួត និងឃ្លាំងស្តុកនៅខេត្តបាត់ដំបងនោះ គឺទី1-ដោយសាររដ្ឋាភិបាលកំណត់តំបន់ គឺនៅតំបន់នេះការប្រមូលផលពីកសិករនឹងគ្រប់គ្រាន់សម្រាប់ទំហំឃ្លាំង និងឡសម្ងួតដែលបានដាក់ឱ្យប្រើប្រាស់នេះ។ ដូច្នេះយើងជាក្រុមហ៊ុនឯកជន ត្រូវអនុវត្តទៅតាមគម្រោងថវិការបស់រដ្ឋាភិបាល។ ទោះជាមានទំហំតូចជាងឡ និងឃ្លាំងនៅបាត់ដំបងមែន តែឡ និងឃ្លាំងនៅកំពង់ធំរបស់អេមរុរ៉ាយស៍នេះជាប់លេខរៀងទី2 ដែរ។
លោក សារ៉ន បានបន្តថា ការទទួលបានសមិទ្ធផលនេះ អេមរុរ៉ាយស៍មានក្តីរីករាយច្រើន៖ ទី1-ដោយសារឡ និងឃ្លាំងនេះមានបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយដែលមានលក្ខណៈស្វ័យប្រវត្តិ សូម្បីតែទូរស័ព្ទស្មាតក៏អាចចុចបញ្ជាបានដែរ។ ទី2-ការដែលឡសម្ងួតមានលក្ខណៈទំនើប គឺជួយកាត់បន្ថយថ្លៃដើមដោយមិនប្រើពលកម្មមនុស្សច្រើន។ ទី3-ជាការជួយរក និងបង្កើតទីផ្សារឱ្យកសិករមិនចាំបាច់ឱ្យគាត់ទៅលក់ដល់ប្រទេសថៃ ឬវៀតណាមទេ គឺយើងមានទីផ្សារនៅក្បែរគាត់។ ទី4-យើងបង្កើតក្រុមសហគមន៍ផលិត(មានជាង 50សហគមន៍)ដែលគាត់ផលិត រួចលក់ឱ្យឡសម្ងួតយើងដែលបច្ចុប្បន្នមាន 1ម៉ឺនគ្រួសារ និងគ្រោងបង្កើនឱ្យបាន10ម៉ឺនគ្រួសារ ដែលអាចផ្គត់ផ្គង់ការផលិតស្រូវមកឡសម្ងួតចំនួន 20ម៉ឺនតោនក្នុង1ឆ្នាំ(ដែលមួយឆ្នាំយើងអាចប្រមូលផលបាន 3ដង)។
ដោយឡែកឃ្លាំងស្តុកស្រូវទំហំ 200,000តោន និងឡសម្ងួតដែលមានសមត្ថភាពសម្ងួតស្រូវ3000តោនក្នុង1ថ្ងៃ ដែលជាឃ្លាំងស្តុកស្រូវ និងឡសម្ងួតខ្នាតធំជាងគេនៅកម្ពុជាដែលមានតម្លៃសរុបចំនួន 15លានដុល្លារអាមេរិកដែលមានលទ្ធភាពប្រមូលទិញស្រូវមួយភាគធំនៅតំបន់ភាគខាងលិចនៃប្រទេសក៏បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការដែរ ដោយលោក ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក រដ្ឋលេខាធិការបានលើកទឹកចិត្តដល់វិស័យឯកជនឱ្យពង្រីកឃ្លាំងស្តុក និងឡសម្ងួតស្រូវឱ្យបានកាន់តែធំ និងមានលក្ខណៈស្តង់ដារក្នុងការរក្សាទុកស្រូវ-អង្ករឱ្យមានគុណភាពល្អ សំដៅធានាបាននូវស្ថិរភាពថ្លៃស្រូវ-អង្ករសម្រាប់បងប្អូនប្រជាកសិករ និងបម្រុងទុកស្រូវ-អង្ករគ្រប់គ្រាន់សម្រាប់បម្រើឱ្យការនាំចេញប្រកបដោយនិរន្តរភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការនាំអង្ករចេញ1លានតោន។
យោងទៅលើសមិទ្ធផលទាំង2 នេះ ប្រជាកសិករក្នុងតំបន់នឹងធានារក្សាបាននូវតម្លៃស្រូវតាមទីផ្សារសម្រាប់រយៈពេលវែង និងដោះស្រាយបញ្ហាកង្វល់លើការខូចខាតស្រូវរបស់បងប្អូនបានទៀតផងហើយក្នុងនោះរួមទាំងការកាត់បន្ថយថ្លៃដើមផលិត និងតម្លៃដឹកជញ្ជូនរបស់កសិករមកកាន់ទីផ្សារទៀតផង៕