ក្លឹបបាល់ទាត់កំពូល ភ្នំពេញក្រោនបានទិញខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹបបាល់ទាត់វេស្ទើនភ្នំពេញរួចរាល់ហើយ ក្រោយចុះកុងត្រាកាលពីរសៀលម្សិលមិញនេះ។ នេះបើយោងតាមគេហទំព័រ Facebook របស់ក្លឹបភ្នំពេញក្រោន។
រុន រ៉ានី គឺជាកីឡាករចំណូលថ្មីទី២របស់ភ្នំពេញក្រោន សម្រាប់ការត្រៀមក្នុងជើងទី២នៃលីកកំពូលកម្ពុជា បន្ទាប់ពីកីឡាករកូរ៉េខាងត្បូង GisungYeonដែលលេងក្នុងតួនាទីជាខ្សែប្រយុទ្ធដូចគ្នា ក្រោយការចាកចេញរបស់កីឡាករប្រេស៊ីល Augusto do Carmo Santiago ហើយក៏ជារឿងមួយដ៏កម្រផងដែរ ដែលអតីតក្រុមជើងឯក ៦សម័យកាលមួយនេះ សម្រេចនាំចូលកីឡាករក្នុងស្រុកបែបនេះ ។
ក្រោយពីទិញកីឡាកររូបនេះរួចរាល់ ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសថា ក្លឹបបានបិទទ្វារបញ្ចប់ការដោះដូរកីឡាករសម្រាប់ការត្រៀមក្នុងជើងទី២នៃលីកកំពូលកម្ពុជារដូវកាលថ្មីនេះហើយ បន្ទាប់ពីក្រុមកំពុងឈរលេខរៀងទី៥ ក្នុងតារាងពិន្ទុបណ្ដោះអាសន្ននេះបាននាំចូលកីឡាករ រុន រ៉ានី ពីក្លឹបបាល់ទាត់វេស្ទើនភ្នំពេញកាលពីម្សិលមិញ ។
សមាជិកថ្មីរបស់ក្រុមខ្លាំងភ្នំពេញក្រោន រ៉ានី បាននិយាយថា៖«ខ្ញុំមានបំណងចង់លេងនៅក្លឹបភ្នំពេញក្រោនប្រមាណជាពីរបីឆ្នាំមកហើយ ដូច្នេះថ្ងៃនេះគឺពិតជាពេលវេលាដ៏រីករាយបំផុតសម្រាប់រូបខ្ញុំ ហើយខ្ញុំសូមសន្យាថា នឹងព្យាយាមធ្វើឲ្យបានល្អបំផុត និងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីមិត្តរួមក្រុម ដើម្បីក្លឹប និងជាពិសេសដើម្បីអ្នកគាំទ្រតែម្តង» ៕