រកឃើញគ្រោងឆ្អឹងរបស់បុរសវិស្វករក្រុមហ៊ុនក្រដាសល្បីឈ្មោះដែលខាងសាច់ញាតិបានប្ដឹងប៉ូលិសថា បាត់ខ្លួនសូន្យឈឹងជាង 7ឆ្នាំនៅក្នុងរថយន្តដែលលិចនៅក្នុងបាតបឹង “ណងណាមខាវ” ដែលមានជម្រៅជាង 5ម៉ែត្រ នៅក្នុងខេត្តចន្ទប៊ុរី ដែលដំណាក់កាលដំបូង ប៉ូលិសបានប្រទះឃើញដបថ្នាំសម្លាប់សត្វល្អិតនៅក្នងរថយន្ត រហូតធ្វើឱ្យអ្នកពាក់ព័ន្ធទាំងឡាយសន្និដ្ឋានអំពីមូលហេតុនៃការស្លាប់នេះថា ប្រហែលបណ្ដាលពីការធ្វើអត្ថឃាត។
1 . បើកឡានទម្លាក់ចូលទៅក្នុងបាតបឹងដែលមានទឹកជម្រៅជាង 5ម៉ែត្រ។
2 . រយៈពេល 7ឆ្នាំទើបមានមនុស្សប្រទះឃើញ។
3 . សភាពសាកសព នៅសល់តែឆ្អឹង។
4 . ដំណាក់កាលដំបូង រកឃើញមានដបថ្នាំសម្លាប់សត្វល្អិតនៅក្នុងរថយន្ត។
5 . មន្ត្រីប៉ូលិសសន្និដ្ឋានដំណាក់កាលដំបូងថា ជនរងគ្រោះចេតនាធ្វើអត្ថឃាត។
តែអ្វីដែលពិសេសបំផុតនោះគឺ…តើបំណែកឆ្អឹងដែលនៅសេសសល់ រួមទាំងដបថ្នាំសម្លាប់សត្វល្អិតដែលប្រទះឃើញ នឹងនាំឆ្ពោះទៅការស្វែងរកមូលហេតុនៃការស្លាប់ដែលពិតប្រាកដបានដែរឬទេ?
ថ្ងៃនេះ គេហទំព័រ ឡារ៉ែន សូមនាំយកបទវិភាគរបស់អ្នកជំនាញការថៃខាងផ្នែកស៊ើបអង្កេតតាមរយៈសាកសពមកវិភាគយ៉ាងស៊ីជម្រៅថា តើអ្វីគឺជារឿងដែលគួរបកស្រាយឱ្យបានច្បាស់ មុននឹងសរុបបញ្ចប់រឿងក្ដីដែលបានប្រើពេលវេលាតាមរកយូររហូតដល់ទៅ 7ឆ្នាំទម្រាំនឹងរកឃើញសាកសពបុរសរងគ្រោះដែលបាត់ខ្លួនសូន្យឈឹងយ៉ាងគ្មានដំណឹងនេះ!។
យើងនាំគ្នាទៅដេញតាមដំណើររឿង និងហេតុការណ៍ម្ដងមួយជំហានៗតាមដែលប្រភពព័ត៌មានអ្នកជំនាញការផ្នែក ស៊ើបអង្កេតតាមរយៈសាកសពទាំងអស់គ្នាដូចតទៅ…។
ចំណុចដំបូងៈ ការដែលរថយន្តរបស់ជនរងគ្រោះធ្លាក់ចូលទៅនៅក្នុងបាតបឹងដែលមានទឹកជ្រៅបែបនោះបាន ក្នុងអំឡុងពេលដែលកើតហេតុថ្មីៗ កាលពី 7ឆ្នាំមុននោះ វាត្រូវតែមាននៅសល់ស្នាមកង់រថយន្តបង្ហាញឱ្យឃើញខ្លះៗមិនខាន ជាពិសេសបំផុតសភាពនៅកន្លែងកើតហេតុជាដើម។ ក្រៅពីនេះរថយន្តដែលធ្លាក់ចូលទៅក្នុងទឹកថ្មីៗ អំឡុងពេលដំបូងៗ វានឹងបង្ហាញឡើងនូវកំណកប្រេងម៉ាស៊ីនដែលអណ្តែតឡើងមកលើផ្ទៃទឹក ដែលតាមដែលបានដឹងមក ចំណុចកើតហេតុនោះស្ថិតនៅក្បែរស្ថាប័នរាជការមួយទៀតផង។
សំណួរដែលសំខាន់គឺ…តើវាអត់មាននរណាម្នាក់សង្កេតឃើញសោះតែម្ដងឬ?
ខ្នាតមនុស្សយើងដើរលុយវាលស្មៅចូលទៅ វានៅមានបន្សល់ស្នាមផ្លូវដើរដែលអាចសង្កេតឃើញបាន ចុះករណីនេះ រថយន្តមួយគ្រឿងទាំងមូល?!? ហេតុអីក៏…។
ក្រៅពីនេះ តើជម្រៅទឹកនៅក្នុងបឹងនៅមានកម្ពស់ស្មើរហូត ឬមានការប្រែប្រួលដែរឬទេ ក្នុងអំឡុងរយៈពេល 7ឆ្នាំកន្លងមក? តើវាមិនមានអំឡុងពេលណាមួយសោះតែម្ដងឬ ដែលកម្ពស់ទឹកក្នុងបឹងមិនស្រកចុះដល់កម្រិតទាបបំផុតរហូតសង្កេតឃើញរថយន្តដែលលិចនោះ? ជាពិសេសក្នុងរដូវក្ដៅហួតហែង?!។
ខណៈពេលជាមួយគ្នា តើវាគួរដែរឬទេ ដែលត្រូវតែមានការធ្វើត្រាប់ហេតុការណ៍នៃថ្ងៃដែលរថយន្តធ្លាក់ចូលទៅក្នុងទឹកបឹងនោះសាឡើងវិញ ដើម្បីពិនិត្យមើលពីល្បឿនរបស់រថយន្តក្នុងថ្ងៃកើតហេតុនោះថា តើវារត់ចុះទៅដោយល្បឿនប៉ុន្មាន? ព្រោះល្បឿនរបស់រថយន្ត ជាអ្វីដែលអាចបញ្ជាក់បានថា តើវាជាឧប្បត្តិហេតុគ្រោះថ្នាក់ ឬចេតនាធ្វើអត្ថឃាត?
ចំណុចទី2 : DNA ពីឆ្អឹងដែលប្រទះឃើញនៅក្នុងរថយន្ត ដើម្បីបញ្ជាក់ពីតួបុគ្គល។ សួរថា តើត្រួតពិនិត្យបានឬទេ? តាមទ្រឹស្ដីគឺ ពិនិត្យបាន! តែភាពលំបាក ឬស្រួល វាអាស្រ័យលើភាពរលួយស្អុយរបស់ឆ្អឹង។ បើសិនបណ្ដូលឆ្អឹងផ្នែកខាងក្នុងនៅល្អ ការពិនិត្យ DNA វានឹងបង្ហាញឡើង។ នៅពេលបានលទ្ធផលហើយ សឹមទៅតាមរកលក្ខណៈបុគ្គលមកប្រៀបធៀបតាមរយៈមនុស្សក្នុងក្រុមគ្រួសារដើម្បីអះអាងថា ពិតជាអ្នកស្លាប់នោះមែន!។
ចំណុចទី3 : នៅពេលមើលឃើញថា កញ្ចក់រថយន្តបានបើកចំហចោល សំណួរដែលគួរតែកើតមានតាមមកនោះគឺ តើវាអាចទៅរួចដែរឬទេថា កម្ទេច ឬបំណែករបស់សាកសពមួយចំនួន វាគួរតែអណ្ដែតឡើងមកមុនហ្នឹងដែរឬទេ? ព្រោះសាកសពពេលដែលវាស្អុយរលួយពេញទំហឹង វានឹងហើម ហើយមានសម្ពាធរុញឡើងខ្លាំង។
ចំណុចទី4 : ឆ្អឹងដែលនៅសេសសល់នោះ តើមានច្រើនគ្រប់គ្រាន់សម្រាប់តភ្ជាប់ទៅដល់មូលហេតុនៃការស្លាប់បានឬទេ? ដូចជា បើត្រូវបាញ់សម្លាប់ ត្រូវចាក់សម្លាប់ ស្លាកស្នាមដែលប្រទះឃើញនៅក្នុងគ្រោងឆ្អឹងនោះ វានឹងបញ្ជាក់ប្រាប់បាន តែបើសិនជាការស្លាប់ដែលមិនពាក់ព័ន្ធនឹងការធ្វើឱ្យបាក់ឆ្អឹង…ដូចជា ផឹកថ្នាំសម្លាប់សត្វល្អិតធ្វើអត្ថឃាត ត្រូវច្របាច់ក ត្រូវរឹតក ឬត្រូវខ្សែភ្លើងឆក់-ល- បែបនេះ…ទើបឆ្អឹងដែលប្រទះឃើញ វាមិនអាចផ្ដល់ចម្លើយអំពីមូលហេតុនៃការស្លាប់ដែលពិតប្រាកដបានឡើយ។
ចំណុចទី5 : ការរកឃើញដបថ្នាំសម្លាប់សត្វល្អិតនៅក្នុងរថយន្តដែលកើតហេតុ ចំពោះការយល់ឃើញផ្ទាល់ខ្លួន វាគ្រាន់តែជាហេតុផលបន្ទាប់បន្សំមួយប៉ុណ្ណោះ ព្រោះវាអាចគ្រាន់តែជាវត្ថុមួយដែលប្រទះឃើញនៅក្នុងរថយន្តទូទៅ តែបើសិនជាសួរថា តើវាជាចំណុចដែលធ្វើឱ្យអាចអះអាងពីមូលហេតុនៃការស្លាប់បានឬទេនោះ? ជាផ្ទាល់ខ្លួនយល់ឃើញថា ដូចជាមិនអាចទេ!។
នោះដោយសារតែ…ការផឹកថ្នាំពុលសម្លាប់ខ្លួន វាស្លាប់ដោយសារថ្នាំពុលបញ្ចេញឥទ្ធិពលឆាប់រហ័ស ធ្វើឱ្យប្រព័ន្ធបេះដូងលែងធ្វើការ ថ្លើមគាំង ប្រព័ន្ធដង្ហើមលែងធ្វើការ ដូច្នេះការពិសោធចំពោះរឿងនេះ ត្រូវតែពិនិត្យមើលអវយវៈខាងក្នុងទាំងអស់នោះ តែក្នុងករណីនេះ អវយវៈដែលអាចបញ្ជាក់ប្រាប់បាននោះ វាលែងមាននៅសល់អស់ទៅហើយ!។
ចំណុចទី6 : ឆ្អឹងដែលប្រទះឃើញទាំងនោះ វាលិចនៅក្នុងទឹកអស់រយៈពេលយូរមកហើយ បើអ្នកស្លាប់នោះផឹកថ្នាំសម្លាប់សត្វល្អិតមែន ថ្នាំសម្លាប់សត្វល្អិតនោះ វាសាបរលាបទៅជាមួយទឹកអស់ហើយ ប្រហែលជាគ្មាននៅសល់ប្រឡាក់ប្រឡូសនៅក្នុងឆ្អឹងទៀតយ៉ាងពិតប្រាកដ។
វាមិនដូចការត្រូវគេលួចដាក់ថ្នាំពុលសម្លាប់ ដូចជាការឱ្យផឹក ឬហូបសារធាតុលោហៈធ្ងន់ ដូចជាសារធាតុសម្លាប់សត្វកណ្ដុរចូលទៅក្នុងរយៈពេលយូរ 5 ទៅ10ឆ្នាំនោះទេ បែបនោះយើងអាចពិនិត្យរកឃើញបាន ព្រោះវានឹងទៅប្រមូលសន្សំនៅតាមធ្មេញ ឬឆ្អឹងរបស់អ្នកស្លាប់។
ចំណុចសំខាន់មួយទៀតដែលចង់លើកជាសំណួរដែរនោះគឺ (ចំណុចទី7) នៅពេលដែលបើសិនជាជនរងគ្រោះសម្រេចចិត្តផឹកថ្នាំសម្លាប់ខ្លួនហើយនោះ ហេតុអីចាំបាច់នៅត្រូវបើកឡានទម្លាក់ចូលទៅក្នុងទឹកទៀតធ្វើអី…?!
ស្ដាប់សំណួរនេះហើយ ចង់និយាយថា ត្រឹមតែផឹកថ្នាំពុលនោះ វាស្លាប់បាត់ទៅហើយ ចាំបាច់ទៅបើកឡានទម្លាក់ចូលទឹកធ្វើអីទៀត ដូច្នេះវាដូចជាមិនសូវមានហេតុមានផលត្រឹមត្រូវប៉ុន្មានសោះ?!
ដូច្នេះ តើវានឹងមានភាពអាចទៅរួចឬទេដែលថា ការដែលរថយន្តធ្លាក់ចូលទៅក្នុងទឹកបែបនោះ វាអាចកើតឡើងព្រោះតែកើតឧប្បត្តិហេតុអ្វីមួយ ឬអាចមានអ្នកណាដែលមិនមែនជាអ្នកស្លាប់នោះ ធ្វើឱ្យរថយន្តធ្លាក់ចូលទៅក្នុងទឹកឬយ៉ាងណា?!
នេះនៅមិនទាន់រាប់…ពីរឿងដែលគួរឱ្យចម្លែកចិត្តមួយប្រការទៀតគឺ…អូខេ! នៅពេលបើសិនជាមានចេតនាចង់បើកឡានទម្លាក់ចូលទៅក្នុងទឹកបឹងដើម្បីសម្លាប់ខ្លួនហើយនោះ តើចាំបាច់បើកកញ្ចក់ឡានចោលធ្វើអី?!
ហេតុអីបានជាអ្នកស្លាប់នោះគិតអ្វីដែលវាស្មគស្មាញដល់ថ្នាក់ហ្នឹង? និយាយមែនទែនទៅ បើសិនអ្នកស្លាប់នោះគិតថាចង់ធ្វើអត្ថឃាតហើយនោះ ជំនួសឱ្យការប្រុងផឹកថ្នាំសម្លាប់សត្វល្អិត ហើយបើកឡានបោះពួយទម្លាក់ចូលទឹក មកជាលោតទឹកសម្លាប់ខ្លួនវិញ វាមិនងាយស្រួលជាង និងមិនស្មុគស្មាញច្រើនផងទេឬ?
ដូច្នេះតើនេះ វាជាអាថ៌កំបាំងលើអាថ៌កំបាំងដែរឬទេ? និងដូច្នេះ ទោះជាធ្វើអត្ថឃាត អំពើឃាតកម្ម ឬឧប្បត្តិហេតុក្ដី ក៏មិនគួរប្រញាប់សរុបបញ្ចប់រឿងក្ដីលឿនពេកនោះទេ…៕
ប្រែសម្រួលដោយ ទិទីតំតាតូ