លោក Gareth Southgate អ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានទទួលស្គាល់ថា ការប្រកួតនៅថ្ងៃសៅរ៍នេះ ជាមួយនឹងក្រុមជម្រើសជាតិបែលហ្ស៊ីក នឹងផ្តល់នូវឱកាសក្នុងការបញ្ចប់ក្នុងយុទ្ធនាការនេះ ដោយជ័យជម្នះបើទោះបី ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ3 ក្នុង World Cup គឺជាការប្រកួតមួយដែលមិនមានក្រុមណាចង់លេងក៏ដោយ។
ការរងបរាជ័យយ៉ាងខកចិត្តក្នុងលទ្ធផល 2-1 ក្រោមស្នាដៃក្រុមជម្រើសជាតិក្រូអាស៊ី ក្រោយពីនាទីបន្ថែម 15នាទី 2ដង បានរារាំងមិនឲ្យអង់គ្លេស ធ្វើដំណើរទៅប្រជែងដណ្តើមពាន World Cup ជាលើកទី2 ដោយត្រូវធ្វើការប្រកួត មួយនឹងក្រុមបែលហ្ស៊ិក ដើម្បីដណ្តើមលេខ3 ជំនួសវិញ។
ក្រុមបែលហ្ស៊ិករបស់លោក Roberto Martinez ដែលបានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិបារាំង 1-0 ក្នុងវគ្គ4 ក្រុមចុងក្រោយនោះ បានបញ្ចប់ដោយឈរលេខ1 ក្នុងពូល G ពីលើក្រុមអង់គ្លេស ក្រោយពីគ្រាប់បាល់បញ្ចូលទីយ៉ាងល្អរបស់ខ្សែប្រយុទ្ធ Adnan Januzaj បានកាត់សេចក្តី ក្នុងការប្រកួតនៅទីក្រុង Kaliningrad។
ក្នុងការប្រកួតនោះ គ្រូបង្វឹកទាំង2 បានផ្លាស់ប្តូរកីឡាករជាច្រើនក្នុងជម្រើសទាំង 11នាក់ដំបូងរបស់លោក ហើយការផ្លាស់ប្តូរដូចគ្នានេះ អាចនឹងធ្វើឡើងម្តងទៀតក្នុងទីក្រុង Saint Petersburg ស្របពេលកីឡាករបម្រុងជាច្រើនអាចនឹងចូលលេងក្នុងជម្រើសដំបូង។
លោក Southgate ដែលក្រុមរបស់លោកបានទទួលការកោតសរសើរចំពោះការសាមគ្គីភាពរបស់ពួកគេក្នុងនាមជាប្រទេសមួយនោះ បានឲ្យដឹងថា៖ «រឿងដ៏ស្មោះត្រង់បំផុតនោះគឺថា វាមិនមែនជាការប្រកួតមួយដែលក្រុមណាមួយចង់លេងឡើយ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង 9យប់៕
ប្រភពពី៖ Sport24