បច្ចុប្បន្ននេះ មនុស្សចាប់ផ្តើមប្រើប្រាស់ម៉ាស៊ីនកាន់តែច្រើនឡើងដើម្បីជំនួសការងាររបស់ខ្លួន ហើយការងារទាំងឡាយណាដែលមនុស្សអាចធ្វើដដែលៗ នឹងត្រូវជំនួសដោយគ្រឿងយន្តបំពាក់បច្ចេកវិទ្យា AI ទាំងស្រុងនៅថ្ងៃអនាគត។
ការងាររាប់លាននឹងត្រូវលុបបំបាត់ តែទោះជាយ៉ាងនេះក្តី ការងារជាច្រើនក៏នឹងកើតថ្មីបន្ថែមទៀតផងដែរ ដែលវាទាមទារឱ្យមនុស្សគ្រប់គ្នាត្រូវតែត្រៀមលក្ខណៈឱ្យបានល្អប្រសើរដើម្បីសិក្សាស្វែងយល់ពីតម្រូវការរបស់មនុស្សក្នុងពិភពការងារនៅថ្ងៃអនាគត។
ក្នុងកាលៈទេសៈនៃទីផ្សារការងារកំពុងប្រឈមនឹងបញ្ហានេះ មនុស្សជាច្រើនបានដាក់សំណួរថាតើមនុស្សគួរធ្វើអ្វីខ្លះដើម្បីដើរឱ្យទាន់សេដ្ឋកិច្ចដែលបានបត់បែនយ៉ាងលឿន ហើយយើងទាំងអស់គ្នាគួររៀបចំខ្លួនយ៉ាងណាដើម្បីរក្សាតម្លៃនៃជំនាញ ដែលយើងមានសម្រាប់ឈរជើងក្នុងពិភពលោកដែលកំពុងតែជំនួសដោយម៉ាស៊ីននេះ?
ដើម្បីដោះស្រាយបញ្ហាទាំងនេះអ្នកជំនាញការងារ និងព័ត៌មាន Guthrie Jensen បានបង្ហាញពីជំនាញមួយចំនួនដែលពិភពលោកត្រូវការសម្រាប់ឆ្នាំ2020 ខាងមុខនេះ ដែលជំនាញទាំងអស់នោះជាផ្នែកដែលម៉ាស៊ីនធ្វើមិនកើត ហើយយើងអាចនឹងក្លាយជាអ្នកគ្រប់គ្រងលើម៉ាស៊ីនទៅវិញ។ នៅពេលនោះវានឹងលែងក្លាយជាបញ្ហាទៀតហើយសម្រាប់អ្នកដែលអាចចាប់ឱកាសអភិវឌ្ឍសមត្ថ-ភាពសម្រាប់ពិភពលោកក្នុងយុគសម័យបច្ចេក-វិទ្យានេះ។
អ្នកជំនាញដដែលបានបង្ហាញផងដែរថា បដិវត្តន៍ឧស្សាហកម្មលើកទី4នេះ នឹងមានការប្រែប្រួលខ្លាំងលើអ្វីដែលមានស្រាប់ក្រោយពីមានបដិវត្តន៍ឧស្សាហកម្មលើកទី3 ដូចជាបច្ចេកវិទ្យា AI នឹងជំរុញឱ្យការងារទាំងឡាយដែលធ្លាប់ប្រើប្រាស់មនុស្ស រួមទាំងការឆ្លើយឆ្លងព័ត៌មានតាមទូរស័ព្ទផងដែរ។ ចំណែកឯប្រព័ន្ធនៃការធ្វើអាជីវកម្ម ទិញទំនិញ និងគ្រប់គ្រងរបស់របរតាមប្រព័ន្ធអុីនធើណិតហើយសេវាដឹកជញ្ជូនអាចនឹងប្រើប្រាស់ដោយប្រព័ន្ធគ្រប់គ្រងយានយន្តគ្មានមនុស្សបើក ស្របពេលដែលប្រព័ន្ធថាមពលក៏ត្រូវបានគេយកចិត្តទុកដាក់ដោយការប្រើប្រាស់ឡើងវិញផងដែរ។ ចំពោះប្រព័ន្ធវេជ្ជសាស្ត្រក៏នឹងត្រូវគ្រប់គ្រងដោយបច្ចេកវិទ្យា (nanotechnology) ដោយក្នុងនោះការវះកាត់ក៏នឹងអាចធ្វើឡើងដោយគ្រឿងម៉ាស៊ីនដែរ។ លើសពីនេះទៅទៀត វិស័យកសិកម្មក៏ប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងផងដែរ ខណៈពេលបច្ចុប្បន្ននេះប្រព័ន្ធមើលដំណាំនាពេលបច្ចុប្បន្នត្រូវបានគេប្រើប្រាស់ Drone និងឧបករណ៍ទំនើបដែលអាចតាមដានបានដោយប្រើប្រាស់ Mobile Apps។
ប្រឈមជាមួយនឹងបញ្ហានេះ អ្នកដែលកំពុងធ្វើការងារលើជំនាញនាពេលបច្ចុប្បន្នទាំងផ្នែកវេជ្ជសាស្ត្រ កសិកម្ម ការដឹកជញ្ជូន ឬអ្នកបម្រើការងារក្នុងវិស័យសេវាកម្ម និងផលិតកម្មមួយចំនួនអាចនឹងមានបញ្ហាបាត់បង់ការងារបើគាត់តាមមិនទាន់បច្ចេកវិទ្យា ព្រោះឧបករណ៍វៃឆ្លាតទាំងអស់នោះនឹងអាចមានសមត្ថភាពក្នុងការធ្វើការងារបានយ៉ាងលឿន មានប្រសិទ្ធភាព ហើយចំណាយតិចជាងការប្រើប្រាស់មនុស្ស។
អ្នកជំនាញខាងពាណិជ្ជកម្ម និងសេដ្ឋកិច្ចព័ត៌មានវិទ្យាក៏បានបង្ហាញផងដែរថា នៅឆ្នាំ2020 ឧស្សាហកម្មដែលនៅតែខ្លាំងលើពិភពលោកគឺ ទី1 បច្ចេកវិទ្យា ទី2 ការផ្តល់សេវាថែទាំមនុស្ស ទី3 បណ្តាញសង្គមឆ្លាតវៃ និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មី ទី4 ការសិក្សាពីរបៀបធ្វើឱ្យជីវិតមានយូរអង្វែង និងទី5 គឺសេវាដោះស្រាយឆ្លាតវៃលើអាជីវកម្ម (Business Acumen)។ ហើយចំពោះការងារដែលមានតម្រូវការខ្ពស់វិញមានដូចជា អ្នកវិភាគទិន្នន័យ (data analysts) អ្នកជំនាញឱសថ និងការថែទាំសុខភាព អ្នកលក់ និងអ្នកជំនាញទីផ្សារ អ្នកប្រឹក្សាយោបល់សេវាអតិថិជន អ្នកវិភាគការគ្រប់គ្រង អ្នកជំនាញអភិវឌ្ឍកម្មវិធីកុំព្យូទ័រ អ្នកជំនាញច្នៃប្រឌិត និងការឌីហ្សាញ គ្រូបង្រៀន និងអ្នកធ្វើការងារក្នុងវិស័យគណនេយ្យ និងសវនកម្ម។
ដើម្បីឆ្លើយតបជាមួយនឹងការងារ និងវិស័យដែលកំពុងមានតម្រូវការខ្ពស់ទាំងអស់នេះ មនុស្សគ្រប់គ្នាចាំបាច់ត្រូវតែមានជំនាញគោលរបស់ខ្លួន និងជំនាញបន្ថែមដែលចាំបាច់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍខ្លួនឯងឱ្យក្លាយជាមនុស្សខ្លាំងគ្រប់កាលៈទេសៈនៃការប្រែប្រួលរបស់ពិភពលោក។ ជំនាញទី1 គឺជំនាញដោះស្រាយបញ្ហាស្មុគស្មាញ និងប្រមើលមើលពីអនាគតនៃអាជីវកម្ម ដែលជំនាញនេះទាមទារឱ្យមានសមត្ថភាពខ្លាំងក្នុងការ-ដោះស្រាយ និងបង្កើតគំនិតថ្មីៗដែលបច្ចេកវិទ្យា AI មិនទាន់អាចធ្វើបាន។ ជំនាញទី2គឺជំនាញក្នុងការគិតស៊ីជម្រៅ (critical thinking) ជាជំនាញដែលមនុស្សអាចវិភាគទិន្នន័យដែលទទួលបានពីឧបករណ៍អេឡិចត្រូនិក ឬការស្រាវជ្រាវដើម្បីបកប្រែ និងប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមស្ថានភាពជាក់ស្តែងនៃការរស់នៅ និងការធ្វើអាជីវកម្ម។ ជំនាញទី3 គឺជំនាញច្នៃប្រឌិត ដែលវាជាសមត្ថ-ភាពក្នុងការរុករករបកគំហើញថ្មីៗដែលអាចដោះ-ស្រាយបញ្ហាសំខាន់ៗរបស់មនុស្ស ហើយជំរុញឱ្យស្ថាប័នមានការអភិវឌ្ឍបានលឿននៅក្នុងពិភពលោកដែលពោរពេញដោយការប្រកួតប្រជែង។
ចំណែកឯជំនាញសំខាន់មួយផ្សេងទៀតដែលកំពុងស្ថិតក្នុងតម្រូវការរបស់មនុស្សគ្រប់សម័យកាលគឺជំនាញក្នុងការគ្រប់គ្រងមនុស្ស។ ថ្វីត្បិតតែពិភពលោកប្រើប្រាស់ម៉ាស៊ីនច្រើនក៏ពិតមែន តែពិភពលោកមិនអាចគ្មានមនុស្សធ្វើការនោះទេ ហេតុនេះជំនាញនេះចាំបាច់ក្នុងការជំរុញឱ្យការធ្វើការងារជាក្រុមអាចធ្វើទៅរលូន និងដល់គោលដៅលឿនជាផ្នែកនានា៕