លោក Arsene Wenger គ្រូបង្វឹកនៃក្រុម Arsenal បានធ្វើការរិះគន់ទៅលើភាពមិនច្បាស់លាស់អំពីអនាគតរបស់លោកដែលធ្វើឲ្យកីឡាកររបស់លោកមិនមានការរីករាយ ខណៈដែលក្រុម Manchester City និង Liverpool បានបន្ថែមភាពវេទនាដល់ក្រុមកាំភ្លើងធំមួយនេះ តាមរយៈការដណ្តើមយកកៅអីដែលនៅសល់ក្នុងក្របខ័ណ្ឌ Champions League រៀងៗខ្លួនកាលពីថ្ងៃអាទិត្យ។
គ្រូបង្វឹកនៃក្រុម Arsenal រូបនេះ បានផ្ទុះការរិះគន់ភ្លាមៗ ក្រោយពីក្រុមរបស់លោកបានខកខានក្នុងការឈ្នះកៅអីទៅប្រកួតក្នុងក្របខ័ណ្ឌ Champions League ជាលើកទី១ក្នុងរយៈពេល២០ឆ្នាំ បើទោះបីដណ្តើមបានជ័យជម្នះ ៣-១ លើក្រុម Everton ក៏ដោយ។ លោក Wenger បានជួបការខកចិត្តដ៏ធំ នៅមុនពេលត្រូវដឹកនាំក្រុមរបស់លោកទៅប្រកួតជាមួយនឹងក្រុម Chelsea ក្នុងការប្រកួតពាន FA Cup វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ សប្តាហ៍ក្រោយ។ លោក Wenger បានឲ្យដឹងថា៖ «វាពិតជារឿងដ៏គួរឱ្យខកចិត្តណាស់ ពីព្រោះរយៈពេល២០ឆ្នាំចុងក្រោយនេះ យើងបានលេងក្នុង Champions League រាល់លើក ហើយនេះជាឆ្នាំទីមួយហើយដែលយើងមិនបានស្ថិតក្នុងក្របខ័ណ្ឌនេះ»។
គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានបន្ថែមទៀតថា៖ «ចាប់តាំងពីខែមករាមក យើងបានលេងក្នុងស្ថានភាពដ៏លំបាកមួយ។ វាពិតជាលំបាកណាស់សម្រាប់ក្រុមកីឡាករក្នុងការដោះស្រាយជាមួយនឹងបញ្ហាចិត្តវិទ្យា ហេតុនេះស្ថានភាពសម្រាប់កីឡាករគឺថា ពួកគេមិនមានភាពរីករាយឡើយ»។ ការទទួលជ័យជម្នះ ៣-០ របស់ក្រុមហង្សក្រហម Liverpool លើក្រុម Middlesbrough និងការទទួលជ័យជម្នះ ៥-០ របស់ក្រុម Manchester City លើក្រុម Watford បានរុញឲ្យក្រុម Arsenal ត្រូវធ្លាក់ទៅលេងក្នុងក្របខ័ណ្ឌលំដាប់ទី២របស់អឺរ៉ុប Europa League តែម្តង៕
ប្រភពពី៖ The Sun