ក្លាយជារឿងដែលប្រជាពលរដ្ឋថៃកំពុងចាប់អារម្មណ៍ខ្លាំងបំផុត ករណីលោក រឿងឫទ្ធិ ជិតថូ ឈ្មោះក្រៅថា កុប វិស្វកររោងចក្រក្រដាសល្បីឈ្មោះដែលនៅសុខៗស្រាប់តែបាត់ខ្លួនសូន្យឈឹងយ៉ាងអាថ៌កំបាំង និងមករកឃើញម្ដងទៀតក្រោយពីពេលវេលាកន្លងផុតទៅ 7ឆ្នាំនៅក្នុងបាតបឹងមួយក្នុងខេត្តចន្ទប៊ុរីដែលមានជម្រៅជិត 6ម៉ែត្រ ទំហំធំដល់ទៅជាង 10ហិកតា ដូចដែល ឡារ៉ែន បានជម្រាបជូនកាលពីម្សិលមិញម្ដងរួចមកហើយ។
យ៉ាងណាក៏ដោយ សម្រាប់ព័ត៌មានថ្មីៗដែល ឡារ៉ែន ទើបទទួលបានគឺមានដូចតទៅ៖
លោកវរសេនីយទោ ពីទិ ផានិត អធិការនៃអធិការដ្ឋានប៉ូលិសស្រុកមឿង ខេត្តចន្ទប៊ុរី បានបង្ហើបឱ្យដឹងថា ពេលនេះយើងបានទាក់ទងទៅខាងសាច់ញាតិរបស់ជនរគ្រោះដែលនៅឯខេត្តខនគែននោះហើយ និងថែមទាំងបានទាក់ទងទៅអតីតគូសង្សាររបស់ជនរងគ្រោះទៀតផង ជាបឋម យើងបានដឹងថា នាងជាសាស្ត្រាចារ្យ បង្រៀននៅមហាវិទ្យាល័យមួយក្នុងខេត្តចន្ទប៊ុរីនេះឯង។
«ទាំងពីរនាក់ជាគូស្នេហ៍នឹងគ្នាតាំងពីពួកគេនៅរៀនឯវិទ្យាល័យក្នុងខេត្តខនគែនជាមួយគ្នាម្ល៉េះ លុះពួកគេទាំងពីររៀនចប់ ខាងស្រីក៏បានទៅរៀនបន្តយកបរិញ្ញាទោ រហូតមកបានការងារធ្វើនៅក្នុងមហាវិទ្យាល័យមួយក្នុងខេត្ត ចន្ទប៊ុរី ចំណែកខាងប្រុសក៏បានធ្វើការនៅឯក្រុមហ៊ុនក្រដាសនៅឯខេត្ត ប្រាជីនប៊ុរី ធ្វើឱ្យអ្នកទាំងពីរមានពេលជួបគ្នាមួយខែបានតែម្ដងប៉ុណ្ណោះ»
រហូតមកដល់ថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2010 ជនរងគ្រោះបានមករកគូស្នេហ៍នៅខេត្តចន្ទប៊ុរី វេលាម៉ោងប្រមាណជា 3រសៀល តែគូស្នេហ៍កំពុងជាប់បង្រៀនសិស្ស ក៏បានចុះមកជជែកគ្នា ដោយខាងប្រុសបានប្រាប់ថា គេកំពុងពិបាកចិត្តក្នុងរឿងការងារខ្លាំងណាស់ ដោយមានបញ្ហាជាមួយអ្នកធ្វើការជាមួយគ្នា និងចង់ឈប់ធ្វើការ។ គូស្នេហ៍ក៏ផ្ដល់កម្លាំងចិត្ត និងចង់ឱ្យតស៊ូបន្តិចទៀត។ បន្ទាប់ពីនោះគូស្នេហ៍ក៏ឱ្យកូនសោបន្ទប់ខុនដូរបស់ខ្លួនទៅសង្សារដើម្បីឱ្យទៅសម្រាកនៅបន្ទប់របស់ខ្លួនសិន។
បន្ទាប់ពីនោះ នៅម៉ោងប្រមាណជា 8យប់ គូស្នេហ៍ចប់ពីការងារ និងបានត្រឡប់មកបន្ទប់របស់ខ្លួន តែមិនបានជួបគូសង្សារទេ ឃើញតែទូរស័ព្ទដៃរបស់គេប៉ុណ្ណោះ ទើបគិតថា ប្រហែលជាទៅអង្គុយញ៉ាំស្រានៅក្នុងហាងណាមួយហើយ។ លុះរង់ចាំរហូតដល់កណ្ដាលអធ្រាត្រហើយនៅតែមិនឃើញមក ក៏បានចុចទូរស័ព្ទរបស់គូសង្សាររកមើលលេខដែលគេបានទាក់ទង និងបានទូរស័ព្ទទៅរកអ្នកដែលសង្សារបានទូរស័ព្ទទៅរកក្រោយគេបំផុត តែក៏មិនបានទទួលដំណឹងអ្វីដែរ ទើបទូរស័ព្ទប្រាប់រឿងនេះទៅសាច់ញាតិរបស់សង្សារ និងបានប្ដឹងប៉ូលិសអំពីការបាត់ខ្លួនគូសង្សារនេះផងដែរ។
លោកស្នងការរងបានរៀបរាប់ទៀតថា រហូតមកដល់ថ្ងៃម្សិលមិញ មានអ្នកកីឡាហែលទឹកម្នាក់បានប្រទះឃើញរថយន្តនោះលិចនៅក្នុងទឹកបឹង ហើយបានប្ដឹងមកខាងប៉ូលិស ទើបបានជួបនឹងរឿងហេតុដូចកាលពីម្សិលមិញ។ បន្ទាប់ពីបានត្រួតពិនិត្យស្រាវជ្រាវតាមស្លាកលេខរថយន្តនោះរួចហើយទើបបានដឹងថា រថយន្តនេះជារបស់គូស្នេហ៍ (ខាងស្រី) របស់ជនរងគ្រោះ។
«នៅក្នុងឡានមានកូនសោដោតជាប់នៅកន្លែងកុងតាក់បញ្ឆេះ ឃើញមានថ្នាំសម្លាប់សត្វល្អិតមួយដបនៅក្នុងឡាន ចង្កឹះលេខស្ថិតក្នុងទីតាំងលេខD ទើបសន្និដ្ឋានថា ប្រហែលជាពិបាកចិត្តខ្លាំងណាស់ ហើយផឹកថ្នាំសម្លាប់សត្វល្អិតនោះ រួចបើកឡានទម្លាក់ចូលទៅក្នុងទឹកបឹងធ្វើអត្ថឃាតតែម្ដង ហើយយើងសង្កេតឃើញថា កញ្ចក់ខាងអ្នកបើកបានបើកចំហ ដូច្នេះសន្និដ្ឋានថា អាចនឹងចតនៅមាត់បឹងមួយស្របក់ ដើម្បីសម្រេចចិត្តសិនក៏អាចថាបានដែរ»។
រថយន្តរបស់ខាងស្រីនេះ គឺខាងប្រុសបានមកខ្ចីកាលពីពេលមុនហ្នឹងដើម្បីបើកទៅធ្វើការនៅឯខេត្ត ប្រាជីនប៊ុរី ឯថ្នាំសម្លាប់សត្វល្អិត ខាងស្រីបានអះអាងថា ខ្លួនមិនដែលធ្លាប់ទិញមកប្រើទេ។
បន្ទាប់ពីនាងបានដឹងដំណឹងនេះកាលពីម្សិលមិញ នាងបានស្រែកទ្រហោយំហ៊ូឡើងតែម្ដង។ នាងបានរៀបរាប់ទាំងខ្សឹកខ្សួល អណ្ដឺតអណ្ដក់ថា នាងគិតថាដែលគូស្នេហ៍ធ្វើអត្ថឃាតបែបនេះ គឺព្រោះតែគិតថា នាងគ្មានពេលវេលាសម្រាប់គេ នាងគិតថា ខ្លួនឯងគឺជាដើមហេតុដែលធ្វើឱ្យគូសង្សារតូចចិត្តរហូតដល់ថ្នាក់ធ្វើអត្ថឃាតបែបនេះ។ នាងបានខឹតខំតាមរករូបគេរហូតមកអស់រយៈពេល ៤ឆ្នាំ តែក៏គ្មានបានទទួលដំណឹងអ្វីទាំងអស់ រហូតដល់មិនដឹងថានឹងទៅតាមរកនៅទីណាទៀតឡើយ។ តែសម្រាប់ដំណាក់កាលដំបូងនេះ ខាងប៉ូលិសសន្និដ្ឋានថា មូលហេតុអាចបណ្ដាលមកពីបញ្ហារឿងការងាររបស់ខាងប្រុសខ្លាំងជាងរឿងផ្សេងទៀត។
ឯមូលហេតុដែលគ្មានអ្នកណាប្រទះឃើញនោះ គឺព្រោះតែបឹងនោះមានជម្រៅទឹកជ្រៅខ្លាំងណាស់ ប្រមាណជា 5 – 6 ម៉ែត្រ និងធំមែនទែន ហើយថែមទាំងមិនបាននៅក្បែរផ្លូវថ្នល់ទៀតផង ដូច្នេះហើយទើបមិនមាននរណាប្រទះឃើញ។
បើមានព័ត៌មានអ្វីថ្មី ក្រុមការងារគេហទំព័រឡារ៉ែននឹងយកមកជម្រាបជូនជាបន្ត៕