តាមរយៈសារព័ត៌មានថៃ Teenee ដែលចេញផ្សាយនៅថ្ងៃទី12 ខែកក្កដា ឆ្នាំ2018 នេះ បានឱ្យដឹងថា បន្ទាប់ពីអង្គភាពស៊ីល និងក្រុមអ្នកជួយសង្គ្រោះទាំងអស់ បានធ្វើប្រតិបត្តិការជួយនាំក្មេងៗក្រុមជ្រូកព្រៃទាំង 12នាក់ និងគ្រូបង្វឹក ចេញពីរូងភ្នំដោយសុវត្ថិភាពហើយនោះ ខណៈនេះពួកគេទាំង13 កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត ឈៀងរ៉ាយ ដោយស្ថិតក្រោមការថែទាំពីសំណាក់គ្រូពេទ្យជំនាញយ៉ាងរៀបរយ។
គ្រូពេទ្យបានអះអាងថា ខណៈនេះពេទ្យបានអនុញ្ញាតឱ្យសាច់ញាតិ និងអាណាព្យាបាលក្មេងៗក្រុមជ្រូកព្រៃ និងគ្រូបង្វឹក មានឱកាសបានចូលសួរសុខទុក្ខកូនៗហើយ និងបើទោះបីជាបានឃើញគ្នាតាមផ្ទាំងកញ្ចក់ឃាំងចំកណ្ដាលក៏ដោយ តែក៏បានធ្វើឱ្យពួកគេគ្រប់គ្នាមានទំនុកចិត្ត និងអស់ក្ដីព្រួយបារម្ភបានដែរ»។
គួរបញ្ជាក់ផងដែរថា មុននេះបន្ដិចមានសារព័ត៌មានមួយបានចេញផ្សាយថា នៅក្នុងចំណោមអ្នកទាំង 13នាក់នេះ មានម្នាក់មិនមានសញ្ជាតិថៃទេ និងជាមនុស្សក្លែងក្លាយក្នុងក្រុមក្មេងជ្រូកព្រៃ តែយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យ និងលោក ណារ៉ុងស័ក្ដិ មេបញ្ជាការប្រតិបត្តិជួយសង្រ្គោះបានធ្វើការបញ្ជាក់ថា «រូបភាពនៅក្នុងមន្ទីរពេទ្យ ដែលបញ្ជាក់ឱ្យឃើញនោះ គឺជារូបភាពពិត មិនមានការបន្លំខ្លួននោះទេ»។ លោកបន្ដថា គ្រប់គ្នាមានសិទ្ធិបញ្ចេញមតិជាទូទៅ ក៏ប៉ុន្ដែគ្រប់គ្នាក៏មានសិទ្ធិទទួលខុសចំពោះមុខច្បាប់នូវអ្វីដែលខ្លួនបានបញ្ចេញនោះដូចគ្នាដែរ៕