Skip to content

ពិតជាមិនធម្មតាមែន!! ក្មេងជ្រូកព្រៃវ័យ 14ឆ្នាំម្នាក់ អាចនិយាយបានដល់ទៅ 5ភាសា

តាមរយៈសារព័ត៌មានចក្រភពអង់គ្លេស Daily Mail ដែលចេញផ្សាយនៅថ្ងៃទី12 ខែកក្កដា ឆ្នាំ2018 នេះ បានឱ្យដឹងថា ប្អូនប្រុស​ អៈឌុន សាមអន អាយុ 14ឆ្នាំ មានដើមកំណើតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានបន្ដមករស់នៅ និងបន្ដការសិក្សានៅក្នុងប្រទេសថៃតាមរយៈអង្គការសហប្រជាជាតិ UNHCR គឺជាក្មេងប្រុសដំបូងក្នុងចំណោមក្មេងប្រុសក្រុមកីឡាបាល់ទាត់ជ្រូកព្រៃទាំង 12នាក់ ដែលបានសន្ទនាឆ្លើយឆ្លងជាភាសាអង់គ្លេសទៅកាន់អ្នកជួយសង្គ្រោះ ខណៈដែលកំពុងជាប់នៅក្នុងរូងភ្នំថាំលួង។

អ្នកសារព័ត៌មានអង់គ្លេសបានបន្ដប្រាប់ទៀតថា នៅក្នុងវីដេអូឃ្លីបសម្ភាសជាមួយក្រុមអ្នកជួយសង្គ្រោះ ប្អូនប្រុស អៈឌុន ជាក្មេងដែលមានសុជីវធម៌ជាងគេ ដោយបានលើកដៃសំពះសួរទៅកាន់ក្រុមអ្នកជួយសង្គ្រោះថា «តើថ្ងៃណាទើបអាចចេញទៅវិញបាន ព្រោះនៅពេលនេះ ពួកខ្ញុំជាឃ្លានណាស់» ដែលការសន្ទនានោះជាភាសាអង់គ្លេស។ បើទោះបីជាប្អូនប្រុសមានដើមកំណើតនៅប្រទេសមីយ៉ាន់ម៉ាមែន តែប្អូនប្រុសបានចាកចេញពីគ្រួសារ ហើយមករស់នៅក្នុងព្រះវិហារគ្រិស្តសាសនា ដើម្បីបន្ដការសិក្សានៅក្នុងប្រទេសថៃតាមរយៈ UNHCR។ គ្រូបង្រៀនរបស់ប្អូនប្រុស បានប្រាប់អ្នកសារព័ត៌មានថា កាលអាយុ 7ឆ្នាំ ប្អូនអាចនិយាយភាសាថៃ មីយ៉ាន់ម៉ា និងចិន តាមរយៈការសិក្សានៅក្នុងសាលា។ លុះចម្រើនវ័យបានធំបន្ដិច និងបច្ចុប្បន្ននេះ គេអាចនិយាយបានដល់ទៅ 5ភាសា ដែលរួមមានទាំងឡាវ និងអង់គ្លេស ទៀតផង។

គួរបញ្ជាក់ផងដែរថា ខណៈនេះ ប្អូនប្រុសកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យខេត្ត ឈៀងរ៉ាយ ក៏ប៉ុន្ដែគ្រូពេទ្យបានអះអាងថា ប្អូនមានសុខភាពល្អរឹងមាំ។ ប្អូនប្រុស អៈឌុន គឺជាក្មេងប្រុសម្នាក់នៅក្នុងចំណោមជនភៀសខ្លួន 400,000 នាក់ដែលភៀសខ្លូនមករស់នៅក្នុងប្រទេសថៃ។ នេះបើតាមការអះអាងរបស់ភ្នាក់ងារអង្គការសហប្រជាជាតិ UNHCR៕

Leave a Reply

Your email address will not be published. Required fields are marked *