កីឡាករអត្តពលិកម្នាក់បានទៅហ្វឹកហាត់ហែលទឹកបន្ថែមនៅក្នុងបឹងមួយនៅក្នុងខេត្ត ចន្ទប៊ុរី ប្រទេស ថៃ ក៏ស្រាប់តែប្រទះឃើញរថយន្តមួយគ្រឿងលិចនៅក្រោមបាតបឹងនោះ ក៏រត់ទៅប្ដឹងប៉ូលិសឱ្យមកពិនិត្យមើល ហើយក៏បានដឹងថា ជារថយន្តរបស់វិស្វករម្នាក់ដែលធ្លាប់មានការប្រកាសតាមរកពីសំណាក់បងប្អូនដោយបានបាត់ខ្លួនកាលពី 7ឆ្នាំមុន និងបានបាត់ខ្លួនក្រោយពីទៅជួបគូស្នេហ៍ ហើយនៅក្នុងរថយន្តនោះមានគ្រោងឆ្អឹងមនុស្ស ដែលប៉ូលីសសន្និដ្ឋានថា អាចជាការធ្វើអត្ថឃាត។
ក្រុមមន្ត្រីប៉ូលិសបានយករថយន្តស្ទូចសណ្ដោងខ្នាតតូចមួយចូលមកស្ទូចស្រង់អូសសំណាករថយន្តដែលលិចនៅក្រោមទឹកនោះឡើងមក គឺជារថយន្តម៉ាក ហុងដា ស៊ីធី ពណ៌ខ្មៅ ពាក់ស្លាកលេខ គ្រុងថេព 4327 ស្ថិតក្នុងសភាពមានស្លែកាន់ពេញទាំងអស់ លិចក្នុងបាតទឹកបឹងជម្រៅប្រមាណជា 4ម៉ែត្រ ឆ្ងាយពីមាត់ច្រាំងប្រមាណជា 20ម៉ែត្រ។
ក្រុមប៉ូលិសបានខំព្យាយាមស្រង់ឡើងប្រហែលជាជាង 1ម៉ោងទម្រាំស្រង់ និងអូសរថយន្តនោះឡើងមកលើគោកបាន។ នៅពេលដែលនាំមកដល់លើគោកហើយ ភ្លាមៗនោះក្រុមប៉ូលិសបានប្រទះឃើញគ្រោងឆ្អឹងមនុស្សធ្លាក់នៅរាយប៉ាយលើពូកកៅអីខាងអ្នកបើក និងលើកម្រាលក្នុងរថយន្ត។
រថយន្តនោះស្ថិតក្នុងសភាពចំហកញ្ចក់ខាងអ្នកបើក ដោយមានកូនសោដោតជាប់នៅកន្លែងបញ្ឆេះក្នុងទីតាំង on ចំណែកចង្កឹះលេខស្ថិតក្នុងទីតាំង D3។ នៅលើកម្រាលក្រោមកៅអីអ្នកបើក ឃើញមានដបថ្នាំសម្លាប់សត្វល្អិតមួយ និងមានដបទឹកសុទ្ធមួយនៅលើកៅអីអ្នកបើក។
ទូទាំងផ្ទៃរថយន្តមានកំណកស្លែកាន់ពេញនោះទាំងអស់ ក្រៅពីនោះ ក្រុមប៉ូលិសនៅបានរកឃើញមានកាបូបលុយមួយស្ថិតនៅលើពូកកៅអីខាងក្រោយ ពិនិត្យមើលខាងក្នុងកាបូបឃើញមានអត្តសញ្ញាណប័ណ្ណឈ្មោះ លោក រឿងឫទ្ធិ ជិតថូ រស់នៅខេត្ត ខនគែន ដែលប៉ូលិសសន្និដ្ឋានថា ជារបស់ជនរងគ្រោះ។
ក្រុមមន្ត្រីបានពិនិត្យវត្ថុតាងទាំងអស់នោះ និងគ្រោងឆ្អឹង ដោយរកឃើញថា បំណែកឆ្អឹងធំៗនៅសល់សឹងតែគ្រប់ទាំងអស់ និងគ្មានស្លាកស្នាមនៃការវាយធ្វើបាបណាមួយឡើយ។
តមក មន្ត្រីប៉ូលិសបានធ្វើការពិនិត្យស្លាកលេខរថយន្ត និងបានដឹងថា រថយន្តមួយគ្រឿងនោះត្រូវបានគេប្រកាសស្វែងរកព្រមជាមួយមនុស្សម្នាក់ឈ្មោះ រឿងឫទ្ធិ ជិតថូ ឬឈ្មោះហៅក្រៅថា កុប កាលពីថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2011 ឬ 7ឆ្នាំមកហើយ ដោយឈ្មោះ រឿងឫទ្ធិនេះបានបាត់ខ្លួនពេលធ្វើដំណើរទៅជួបគូស្នេហ៍នៅឯខេត្ត ចន្ទប៊ុរី និងតាមការស្រាវជ្រាវបានឱ្យដឹងទៀតថា ជនរងគ្រោះគឺជាវិស្វករ ធ្វើការនៅក្នុងក្រុមហ៊ុន ដាប់ប៊ល អេ ច្រើនឆ្នាំមកហើយ៕