កន្លងមកគេហទំព័រឡារ៉ែនធ្លាប់បានចុះផ្សាយម្ដងហើយអំពីដំណឹងស្ដីពីតម្លៃ និងថ្ងៃចេញលក់ជាផ្លូវការរបស់ទូរស័ព្ទ Nokia 3310 ស៊េរីថ្មីក្នុងទីផ្សារកម្ពុជា ដែលវាអាចនឹងមកដល់នៅចុងខែនេះ ឬដើមខែមិថុនា ឆ្នាំ 2017 ក្នុងតម្លៃប្រហែលជា 50 ដុល្លារ ប៉ុន្តែមិនទាន់ប៉ុន្មានថ្ងៃផងទូរស័ព្ទនេះត្រូវបានគេដាក់លក់ព្រោងព្រាតក្នុងបណ្ដាញសង្គមជាមួយនឹងតម្លៃត្រឹមតែ 25 ដុល្លារប៉ុណ្ណោះ ដែលការពិតគឺជាប្រភេទ Copy ក្លែងបន្លំម៉ាក។
ការបង្ហាញខ្លួននេះ ត្រូវបានគណនី Facebook ឈ្មោះ Pka Multanសរសេររៀបរាប់ថា ទូរស័ព្ទ Nokia 3310 ក្លែងបន្លំនេះត្រូវបាននាំចូលពីប្រទេសថៃ ប្រើស៊ីម2ដាក់លក់ក្នុងតម្លៃ 25 អាចបើកវិទ្យុ FM ស្តាប់បានដោយមិនចាំបាច់ប្រើកាស មានលេខធំៗ សម្រាប់លោកតា លោកយាយងាយស្រួលមើលឃើញ និងអាចប្តូរបាន 4 ភាសា អង់គ្លេស ថៃ វៀតណាម ខ្មែរ។ ទូរស័ព្ទ 3310 ដែលមានវត្តមានក្នុងពេលនេះ វាមិនមែនជារបស់ពិតពីក្រុមហ៊ុនទេ គឺជារបស់ Copy ក្លែងបន្លំម៉ាក ដោយខ្លះប្រើឈ្មោះបន្លំថា Nckia (អិន ស៊ី គៀ) ស្រដៀងនឹងពាក្យ Nokia តែម្តង បើមិនបានចាប់អារម្មណ៍សង្កេតឱ្យច្បាស់ទេនោះ។ ដូចគ្នានេះដែរ ទូរស័ព្ទស៊េរីចាស់ដែលទើបផ្លាស់ប្ដូរមុខមាត់ថ្មីនេះ ក៏ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យា Darago របស់ប្រទេសឥណ្ឌា យកម៉ូដចម្លងតាមផងដែរ ដោយដាក់ឈ្មោះថា Darago 3310 ហើយដាក់លក់ក្នុងតម្លៃតែប្រហែល 12 ដុល្លារប៉ុណ្ណោះ។
នេះជាទូរស័ព្ទ Nokia 3310 ក្លែងក្លាយ
យ៉ាងណាមិញ ទូរស័ព្ទ Nokia (ឬ Nckia)ក្លែងម៉ាកទាំងនោះ ត្រូវបានផលិតឡើងស្រដៀងគ្នាខ្លាំងណាស់ តែបើយើងពិនិត្យមើលឱ្យបានល្អិតល្អន់ យើងនឹងរកឃើញចំណុចខុសប្លែកពីគ្នាលើការរចនារបស់ពួកវា។ ជាអាទិ៍ Nokia 3310 ពិតប្រាកដ នឹងមានអេក្រង់លាតស្អាត និងមានកាមេរ៉ានៅកណ្ដាល ផ្នែកខាងលើ ខណៈដែល Nokia ក្លែងក្លាយ (ឬ Nckia) មានកាមេរ៉ានៅចំហៀងផ្នែកខាងលើទៅវិញ ហើយសម្រាប់ព័ត៌មាននេះដែរ ក្រុមការងារឡារ៉ែន គ្រាន់តែចង់ក្រើនរំឭក ដល់ប្រិយមិត្តអ្នកអាន កុំឱ្យមានការយល់ច្រឡំ ឬអាចចាញ់បោកអ្នកលក់ដែលគ្មានប្រភពច្បាស់លាស់ នាំឱ្យខាតប្រយោជន៍៕